ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ ពីការរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ចំនួនមួយករណីថ្មីទៀតដែលបានកើតទៅលើបុរសជនជាតិប៉ូឡូញម្នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសដែលបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩នេះ មានអាយុ៤៧ឆ្នាំ ស្នាក់នៅអាសយដ្ឋានបណ្ដោះអាសន្នមួយក្នុងសណ្ឋាគារមួយកន្លែងនៅក្រុងព្រះសីហនុ ដោយលោកបានធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូងមកប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺថ្មីម្នាក់នេះត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ចំណែកអ្នកដំណើរចំនួន៥៣នាក់ផ្សេងទៀតដែលបានរួមដំណើរជាមួយបុរសម្នាក់នេះ ត្រូវបានក្រសួងសើ្នសុំឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅទីតាំង៤កន្លែងផ្សេងៗគ្នា ដែលនៅក្នុងនោះរួមមាន មណ្ឌលកងទ័ពអាកាស ចំនួន២៦នាក់ សណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ចំនួន០៩នាក់ សណ្ឋាគារមួយកន្លែងទៀតនៅភ្នំពេញ ចំនួន១៧នាក់ និងសណ្ឋាគារមួយកន្លែងផ្សេងទៀតនៅទីក្រុងភ្នំពេញ ចំនួន០១នាក់។
បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន២៨៦នាក់ ដែលនៅក្នុងនោះ មានអ្នកជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន០៦នាក់៕