លោក​​ ប្រា​យុទ្ធ​ ចាត់​​មន្ត្រី​​ឱ្យ​​តាម​ដាន​​ស្ថាប័ន​​ព័ត៌មាន​​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ ประยุทธ์ จันทร์​โอชา Prayut Chan​-o-cha​)

លោក​ ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​ណែនាំ​ឱ្យ​មន្ត្រី​តាមដាន​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ហើយ​ព្រមាន​ចាត់វិធានការ​ច្បាប់ ​បើ​រក​ឃើញ​ស្ថាប័ន​ណា​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

តាម​សារ​ព័ត៌មាន បាងកក​ប៉ុស្តិ៍ បានឱ្យ​ដឹង​ថា បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី លោក ​ប្រា​យុទ្ធ​ បាន​និយាយ​ថា អាជ្ញាធរ​ត្រូវ​គោរព​សិទ្ធ​ិសេរីភាព​អ្នកសារព័ត៌មាន ប៉ុន្តែ​បើ​ទោះបីជា​គោរព​សិទ្ធ​ិយ៉ាងណា​ក្តី តែ​អាជ្ញាធរ​ក៏​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​រំលោភសិទ្ធិ​អ្នកដទៃ​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ បាន​ថ្លែង​ថា៖ «យើង​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារប្រទេស​និង​លុបបំបាត់​ចោល​នូវ​សកម្មភាព​ដែល​មាន​ចេតនា​អាក្រក់​ក្នុង​គោលបំណង​បង្កើត​ភាព​វឹកវរ​និង​ជម្លោះ​នៅក្នុង​ប្រទេស​»។

កាលពី​ថ្ងៃ​ចន្ទ ទី១៩ ខែតុលា ស្ថាប័ន​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​បាន​ព្រមានរដ្ឋាភិបាល ថា​កុំ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន។ ប្រតិកម្ម​នេះធ្វើឡើង​បន្ទាប់​រដ្ឋាភិបាល​បាន​កំណត់​ស្ថាប័ន​សារព័ត៌មាន​ចំនួន៥ ថាបាន​ប្រព្រឹត្តខុស​ ដោយ​ផ្សាយ​ជំរុញ​ឱ្យ​មានការ​តវ៉ា​ប្រឆាំង​ថ្នាក់ដឹកនាំ រំលោភច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន។

ស្ថាប័ន​សារព័ត៌មាន​ដែល​បញ្ចេញ​ប្រតិកម្ម​នោះ ​រួមមាន ​ក្រុមប្រឹក្សា​សារព័ត៌មាន​ជាតិ​ថៃ ក្រុមប្រឹក្សា​សន្តិសុខ​សារព័ត៌មាន​ថៃ សមាគម​អ្នកសារព័ត៌មាន​ថៃ សមាគម​អ្នកសារព័ត៌មាន​វិទ្យុ​ថៃ សមាគម​អ្នក​ផ្តល់​ព័ត៌មាន​តាម​អ៊ិ​នធឺ​ណិត និង​សហព័ន្ធ​អ្នកសារព័ត៌មាន​ថៃ។

ពលរដ្ឋ​ថៃ​ ពិសេស​ក្រុម​យុវជន​ កំពុងតែ​ធ្វើសកម្មភាព​តវ៉ាទាំង​នៅក្នុង​ទីក្រុង​បាងកកនិង​នៅ​តាម​បណ្តា​ខេត្ត​នានា ប្រឆាំង​អំណាច​ក្សត្រនិង​អំណាច​នាយក​រដ្ឋមន្ត្រី។

មធ្យោបាយ​នៃ​ការរៀបចំ​ក្រុម​តវ៉ា​ដែល​ក្រុម​យុវជន​ប្រើប្រាស់​ គឺ​បណ្តាញ​ទំនាក់ទំនង​សង្គម ធ្វើ​ឱ្យ​ចលនានៅតែ​ឆ្ពោះទៅ​មុខ បើ​ទោះជា​ក្រុម​យុវជន​ប្រមាណ១០០នាក់​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​ក៏មានមេដឹកនាំ​រៀបចំ​ការ​តវ៉ា​ប្រមាណ១០នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ