អតីត​​បុគ្គលិក​ RFA​ ថា​ ការ​​បើក​​ការ​ស៊ើប​អង្កេត​​ឡើង​វិញ​​មិន​កំណត់​​ពេល​វេលា​​បាន​​ប៉ះ​ពាល់​​សិទ្ធិ​​ពួក​​គេ​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុ​ធារិ​ន្ទ ក្រោយបញ្ចប់សវនាការជំនុំជម្រះក្ដីនៅតុលាការកំពូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប អះអាង​ថា ការ​បើក​ការស៊ើបអង្កេត​ឡើងវិញ​របស់​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​មិនកំណត់​ពេលវេលា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។

ការ​អះអាង​នេះ ធ្វើឡើង​នៅចំពោះមុខ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ក្នុង​សវនាការ​បណ្ដឹង​សារទុក្ខ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ដែល​ប្ដឹង​ប្រឆាំង​នឹង​ការសម្រេច​សាលាដំបូង និង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​ឱ្យ​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ឬប្រគល់​ឱ្យ​រដ្ឋ​បរទេស​បង្ក​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ឡើងវិញ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក អ៊ួន ឈិន និង យាង សុ​ធារិ​ន្ទ គឺ​លោក សំ ចំរើន បាន​ប្រាប់​ទៅ​ចៅក្រម​ថា ក្នុង​ដំណើរការ​ស៊ើបអង្កេត​រហូតដល់​សវនាការ​ជំនុំជម្រះ តុលាការ​ថ្នាក់ក្រោម​មិនបាន​ប្រាប់​ពី​ឧបសគ្គ​នៃ​ការស៊ើបអង្កេតឬខ្វះ​ភស្តុតាង​ឡើយ ប៉ុន្តែដល់​ថ្ងៃ​ប្រកាស​សាលក្រម ​តុលាការ​បែរជា​សម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​នេះ​ឡើងវិញ។

មេធាវី​រូប​នេះ​ចាត់ទុក​ការសម្រេច​សេចក្ដី​តុលាការ​ថ្នាក់ក្រោម​ដែល​បើក​ការស៊ើបអង្កេត​ឡើងវិញ ដោយ​លើក​ហេតុផល​ខ្វះ​ភស្តុតាង​ថា មិនបាន​ផ្ដល់​យុត្តិធម៌​ឱ្យ​កូនក្ដី​របស់​លោក។

ឈរ​ក្នុងរង្វង់​ក្រចកសេះ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី លោក អ៊ួន ឈិន បាន​ស្នើ​ទៅ​តុលាការ​កំពូល​ច្រានចោល​សេចក្ដីសម្រេច​របស់​ឧទ្ធរណ៍ និង​សាលាដំបូង​រាជ​ធា​នី​ភំ្ន​ពេញ​វិញ។

ក្នុង​បន្ទប់​សវនាការ​នោះ​ដែរ អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ម្នាក់ទៀត លោក យាង សុ​ធារិ​ន្ទ ក៏បាន​លើកឡើង​ដែរ​ថា ការ​បើក​ការស៊ើបអង្កេត​ឡើងវិញដោយ​មិនកំណត់​ពេលវេលា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។

ក្រៅពី​លើកឡើង​ប៉ះពាល់​សិទ្ធិ លោក សុ​ធារិ​ន្ទ និយាយ​ថា នៅពេល​បិទ​វិទ្យុ​អាស៊ី​សេរី លោក​បាន​ផ្ញើ​អត្ថបទ​ចំនួន២ទៅ​ឱ្យ​អាស៊ី​សេរី ប៉ុន្តែ​អត្ថបទ​នោះ លោក​ថា មិនបាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេសជាតិ​ដូច​តុលាការ​ចោទប្រកាន់​ឡើយ។

ទោះបីជា​យ៉ាងណា ការ​លើកឡើង​នេះ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន និយាយកាត់​ថា ការ​ឱ្យ​បើក​ការស៊ើបអង្កេត​វិញ​របស់​តុលាការ​ថ្នាក់ក្រោម គឺ​ធ្វើឡើង​ដើម្បី​ស្វែងរក​ការពិត​តែប៉ុណ្ណោះ។

លោក និល ណុន ថ្លែង​ថា៖ «មិនមែន​តែ​សាលាឧទ្ធរណ៍និង​សាលាដំបូង​ទេ តុលាការ​កំពូល​ក៏​សម្រេច​ញឹកញាប់​ដែរ​ [ចាត់​របៀប​ដោយ​ឱ្យ​បើក​ការស៊ើបអង្កេត​]។ ការស៊ើបអង្កេត​ឡើងវិញ ដោយសារ​មានការ​សង្ស័យ [អ៊ីចឹង​ចៅក្រម​] ចាត់​របៀប​ឱ្យ​ស៊ើបអង្កេត​ឡើងវិញ​ហើយ ដើម្បី​ស្វែងរក​ការពិត»។

បន្ទាប់ពី​សវនាការ​ដេញដោល លោក និល ណុន បានសម្រេច​លើកពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃទី២៧ ខែតុលា​ខាងមុខ។

ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅរបង​តុលាការ លោក យាង សុ​ធារិ​ន្ទ និយាយ​ថា រយៈពេល​ជិត​២ឆ្នាំ​នៃ​ការស៊ើបអង្កេត និង​បញ្ជូន​សំណុំរឿង​របស់​ពួក​គាត់​ទៅ​ជំនុំជម្រះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មិនបាន​ប្រាប់​ពី​ឧបសគ្គ​នៃ​ដំណើរការ​ស៊ើបអង្កេត​ឡើយ ប៉ុន្តែនៅ​ថ្ងៃ​សម្រេច​ចុងក្រោយ បែរជា​ប្រកាស​ថា ខ្វះ​ភស្តុតាង​ទៅវិញ។ លោក​ចាត់ទុក​ការសម្រេច​ឱ្យ​បើក​ការស៊ើបអង្កេត​សំណុំរឿង​ពួក​គាត់​ឡើងវិញ​ថា ជា​រឿង​នយោបាយ។

លោក យាង សុ​ធារិ​ន្ទ និយាយ​ថា៖ «សាលក្រម​ស៊ើបអង្កេត​ឡើងវិញ អត់មាន​កំណត់ពេលវេលា​ជាក់លាក់​ផង។ ពេលវេលា​យើង​មិនដឹង​ប៉ុន្មាន​ឆ្នាំ​? ៥ឆ្នាំ ឬ ១០ឆ្នាំ ចេះតែ​បន្ត​អ៊ីចឹង ពួក​ខ្ញុំ​រស់នៅ​យ៉ាងម៉េច។ សំខាន់​មួយទៀត ពួក​ខ្ញុំ​បាត់បង់​សេរីភាព​ទាំងស្រុង​នៅពេល​នេះ ហើយ​មិនបាន​បញ្ជាក់​ការស៊ើបអង្កេត​នៅពេល​ណា​ត្រូវ​បញ្ចប់​ទេ។ ខ្ញុំ​បញ្ជាក់​នៅក្នុង​តុលាការ ​រយៈពេល​ស៊ើបអង្កេត​វា​ច្រើនណាស់ ហើយ​ឧប​ករណ៍​ដែល​ចាប់ទៅ​ពី​បន្ទប់​របស់​លោក អ៊ួន ឈិន គ្រប់គ្រាន់​ហើយ»។

លោក អ៊ួន ឈិន និយាយ​ថា ពួក​គាត់​ចង់ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទចោទប្រកាន់ ហើយ​ផ្ដល់​សេរីភាព​ដល់​ពួក​គាត់​វិញ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន ផ្ដល់បទសម្ភាសន៍អ្នកកាសែត ក្រោយចេញពីសវនាការជំនុំជម្រះតុលាការកំពូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

លោក អ៊ួន ឈិន និយាយ​ថា៖ «ការ​បន្ត​នីតិវិធី​របៀប​ហ្នឹង ​មិនដឹង​ពេលណា! អ៊ីចឹង​ហើយ​បាន​យើង​សំណូមពរ យើង​ជំរុញ​ឱ្យ​តុលាការពន្លឿនី​តិ​វិធី ដើម្បី​បញ្ចប់រឿង​រ៉ាវ​ពួក​យើង​ឱ្យ​បាន​ឆាប់ ដើម្បី​ឱ្យ​ពួក​យើង​មាន​សេរីភាព​ពេញលេញ ជា​ពលរដ្ឋ​ដូចគេដូចឯង​ មានលទ្ធភាព​ចិញ្ចឹម​គ្រួសារ នាំ​កូន​ទៅរៀន​ទៅ​សូត្រ​អី​ឱ្យ​ច្បាស់លាស់។ រាល់ថ្ងៃ​នេះ យើង​រស់នៅ​គ្មាន​លំនឹង​ផ្លូវចិត្ត»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត ដែល​បាន​ចូល​ស្ដាប់​សវនាការ​នា​ថ្ងៃនេះ ចាត់ទុក​ការសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដែល​ឱ្យ​បើក​ការស៊ើបអង្កេត​ឡើងវិញ បង្ហាញ​ឱ្យ​ឃើញថា រយៈពេល​ស៊ើបអង្កេត​កន្លងមក មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​នាក់ទេ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត ក្រោយ​ចូលរួម​ស្ដាប់​សវនាការ​តុលាការ​កំពូល​លើ​រឿងក្ដី​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ (ខាន់ លក្ខិ​ណា​)

លោក អំ សំអាត ប្រាប់​ថា៖ «ភស្តុតាង​អត់មាន​គ្រប់គ្រាន់​ទេ​ សម្រាប់​ចោទប្រកាន់ ផ្តន្ទា​ទោស​អ្នក​ទាំងពីរ បាន​ចាត់​របៀប​ឱ្យ​មានមន្ទិល​សង្ស័យ​រក​បន្ថែម​ទៀត។ អ៊ីចឹង ខ្ញុំ​គិតថា ដើម្បី​ឱ្យ​អ្នក​ទាំងពីរ​មាន​សេរីភាព​ពេញលេញ ធ្វើ​យ៉ាងម៉េច​តាម​សំណូមពរ​មេធាវី​អ្នក​ទាំងពីរ បដិសេធ​សាលក្រម​ចាត់​របៀប ឬក៏​ជំនុំជម្រះ​ឡើងវិញ​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុតិ្តធម៌​ដល់​អ្នក​ទាំងពីរ វា​ជា​រឿង​មួយ​ល្អ ដើម្បី​កុំឱ្យ​មានការ​អូស​បន្លាយ»។

លោក អ៊ួន ឈិន និង​លោក យាង សុ​ធារិ​ន្ទ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ក្រោយមក ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ដាក់​ឃុំ​ក្រោម​ការចោទប្រកាន់​ថា បាន​ធ្វើ​ចារកម្ម​ឱ្យ​រដ្ឋ​បរទេស ហើយ​ក្រោយមក ត្រូវ​បាន​ចោទប្រកាន់​មួយ​ករណី​ទៀត​ពី​បទ​ផលិតនិង​កាន់កាប់​រូបភាព​អាសអាភាស។

អ្នក​ទាំងពីរ​ត្រូវ​បាន​ដោះលែង​ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ចាប់តាំងពី​ខែសីហា ឆ្នាំ២០១៨​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ