បទ​​យក​ការណ៍​៖​ និន្នាការ​​នៃ​​ការ​ទិញ​​អាហារ​​តាម​​អន​​ឡា​ញ​ប​ង្ក​​ក្តី​​បារម្ភ​​ពី​​កំណើន​​នៃ​​ការ​ប្រើ​​ប្រាស់​​ប្លាស្ទិក​

អ្នកទិញ​ទទួលយក​អាហារ​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក​ពី​អ្នកលក់​ម្នាក់​នៅ​ម្ដុំ​ផ្សារ​បឹងកេងកង។ (ជន ចាន់​រ៉ែ​ន)

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​បង្កើន​ការយល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការប្រើ​ប្រាស់​ប្លាស្ទិក​ទៅលើ​បរិស្ថាន ដោយមាន​ទាំង​យុទ្ធនាការនិង​វិធានការ​ជាច្រើន​ ដើម្បី​ទប់ស្កាត់និង​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ប្រភេទ​ប្រើ​បានតែ​ម្តង។

ប៉ុន្តែ​ខណៈ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ១៩ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចំណាយពេល​នៅក្នុង​ផ្ទះនិង​កាត់បន្ថយ​ការ​បរិភោគ​នៅ​ខាងក្រៅ ​ជាហេតុ​ធ្វើឱ្យការ​បញ្ជាទិញ​អាហារ​តាម​អន​ឡាញ​មានការ​កើនឡើង។ និន្នាការ​នៃ​ការទិញ​ម្ហូបអាហារ​តាម​បែប​ថ្មីនេះ បង្ក​ជា​ក្តី​បារម្ភ​ថា ​កំណើន​នៃ​ការប្រើ​ប្រាស់​ប្លាស្ទិក​កាន់តែ​កើនឡើង​ថែមទៀត ព្រោះ​ប្លាស្ទិក​ជា​សម្ភារ​ដ៏​ពេញនិយម​ដែល​ត្រូវ​បាន​គេ​យក​ទៅ​វេច​ខ្ចប់​អាហារ​ទាំងនោះ។

នៅរាជធានី​ភ្នំពេញ ​មាន​សំរាម​ទាំង​ប្លាស្ទិកនិង​កាក​សំ​ណល់​ផ្សេង​ៗមាន​ជាង៣ ០០០តោន ​ត្រូវ​បាន​បោះចោល​ជា​រៀងរាល់ថ្ងៃ​ ដែល​កំពុង​ឈាន​ដល់កម្រិត​ប្រកាស​អាសន្ន​នៃ​ការ​ចោលសំរាម​ដ៏​ច្រើនបែប​នេះ​ក្នុង​ទីក្រុង។ នេះ​បើ​តាម​ប្រធាន​ផ្នែក​ប្រតិបត្តិ​ក្រុមហ៊ុន ​ស៊ីន​ទ្រី លោក ហៀប សា​គន្ធ។

កាក​សំ​ណល់​ផ្លា​ស្ទិ​កដ៏​ច្រើនបែប​នេះ ​ត្រូវ​បាន​គេ​មើលឃើញ​ថា ​មាន​ទំនាក់ទំនង​ជាមួយនឹង​ឥរិយាបថ​របស់​ពលរដ្ឋ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ១៩។

កំពុង​ឈរ​កាន់​ទឹក​សុទ្ធ​ពីរ​ដប​នៅក្នុង​ដៃ កញ្ញា គីម ស៊ាង​លៀង រៀបរាប់​ថា ​ក្នុងអំឡុងពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ កញ្ញា​បាន​ប្រើប្រាស់​ការ​កម្ម៉ង់​ម្ហូបអាហារ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយសារតែ​មាន​ភាព​ងាយស្រួល ព្រមទាំង​មិន​ចង់​ចំណាយពេល​វេលា​ច្រើន​ដើម្បី​ចេញទៅ​បរិភោគ​នៅ​ខាងក្រៅដោយ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ។

កញ្ញា​ថា៖ «ខ្ញុំ​ចូលចិត្ត​កម្ម៉ង់ ព្រោះ​ដោយសារ​ទី១ ងាយស្រួល ទី២ ដោយសារតែ​ខ្ញុំ​រវល់​ត្រូវ​រៀន​អន​ឡាញ មិន​មាន​ពេល​ទៅក្រៅ និង​ទី៣ ខ្ញុំ​អត់​ចេះ​ជិះ​ម៉ូតូ អញ្ចឹង​ហើយ​ពិបាក។ មុន​ពេល​មាន​កូ​វីដ ភាគច្រើន​ខ្ញុំ​ទៅ​សាលា​ដល់​ល្ងាច​ៗ អីចឹង​ខ្ញុំ​ញ៉ាំ​អី​នៅ​ជិត​សាលា»។

អតិថិជន​ដែល​តែង​តែ​កម្ម៉ង់​អាហារ​តាម​អន​ឡា​ញរូ​បនេះ ​បន្ត​ថា សព្វថ្ងៃ​ចំណីអាហារ​ដែល​ធ្លាប់​កម្ម៉​ង់ភាគច្រើន​មាន​ភ្ជាប់​ជាមួយ​ប្លាស្ទិក​ជាច្រើន ដោយ​ប្លាស្ទិក​ប្រអប់​អាច​លាង​សម្អាត​រួច​ប្រើប្រាស់​ជាថ្មី​បាន ខណៈ​ដែល​ប្លាស្ទិក​មួយចំនួន​ទៀតដូចជា​ថង់​ជាដើម​ ត្រូវ​បោះ​ចោល​ភ្លាម​ៗ ដែល​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន។

កញ្ញា ស៊ាង លៀង បញ្ជាក់​ថា៖ «វា​មាន​ប្លាស្ទិក​ច្រើន ប៉ុន្តែ​ពេលខ្លះ​មាន​ ដូច​ថា​ប្រអប់ ​យើង​អាច​លាង​ឱ្យស្អាត​យក​មក​ប្រើ​វិញ​បាន។ […] វា​ពិបាក​ត្រង់​ហ្នឹង​បន្តិច ព្រោះ​ពេល​ប្រើ​ប្លាស្ទិក​ច្រើន​អញ្ចឹង​ទៅ ​វា​អាច​ប៉ះពាល់​ដល់​បរិស្ថាន ដូច្នេះ​ហាង​គួរតែ​ប្រើជា​ប្រអប់ ដើម្បី​ប្រើ​បន្តបន្ទាប់​បាន»។

ក្នុង​អំឡុង​ការ​កើតមាន​ជំងឺ​កូ​វីដ១៩ ការប្រើ​ប្រាស់​ប្លាស្ទិក​កាន់តែ​មាន​ភាព​ផុសផុល​នៅ​តាម​បណ្តា​ភោជនីយដ្ឋាននិង​ហាង​អាហារ​មួយចំនួន ដោយសារ​អតិថិជន​របស់​ពួក​គេ​ខ្ចប់​យក​ទៅ​បរិភោគ ជាជាង​បរិភោគ​ក្នុង​ហាង​ផ្ទាល់។

កញ្ញា យ៉េន ផល្លី​ម អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះថា «បាយ» ស្ថិត​ក្នុង​ខណ្ឌចំការមន លើកឡើង​ថា នៅមុន​ពេល​កើតមាន​ជំងឺ​កូ​វីដ១៩ អតិថិជន​តែងតែ​មក​បរិភោគ​នៅ​ហាង​ផ្ទាល់ ជាជាង​កា​រកម្ម៉ង់​ទិញឬខ្ចប់​ទៅ​បរិភោគ ប៉ុន្តែ​ក្នុងអំឡុងពេល​កូ​វីដ១៩មានការ​រីក​រាលដាល​ខ្លាំង កញ្ញា​ពុំសូវ​ឃើញ​មាន​ភ្ញៀវ​មក​បរិភោគ​នៅ​ហាង​ផ្ទាល់​ប៉ុន្មាន​ទេ។ ដោយ​ភាគច្រើន​គឺ​កម្ម៉​ង់​តាម​អន​ឡាញ ហើយ​ហាង​កញ្ញា​ប្រើ​ប្លាស្ទិក​ដើម្បី​ខ្ចប់​ម្ហូបអាហារ​ទាំងនោះ។ ទោះជាយ៉ាងណា កញ្ញា​មិន​អាច​បញ្ជាក់​អំពី​ចំនួន​ប្លាស្ទិក​ដែល​កញ្ញា​ប្រើប្រាស់​សម្រាប់​ខ្ចប់​បានទេ។

កញ្ញា​បញ្ជាក់​ថា៖ « មុន​កូ​វីដ១៩ មិនសូវ​មាន​ភ្ញៀវ​កម្ម៉​ង់​ទេ ភាគច្រើន​ភ្ញៀវ​គាត់​អញ្ជើញ​មក​ហាង​ផ្ទាល់​ពេញ​ៗហាង ដល់ពេល​មាន​កូ​វី​ដ មាន​តែ​កា​រកម្ម៉ង់​តាម​អន​ឡាញនិង​តេ​កម្ម៉​ង់ តែ​នៅ​ហាង​ស្ងាត់​វិញ»។

ស្រប​ពេល​ដែល​ការ​វេច​ខ្ចប់​អាហារ​ដោយ​ប្រើប្រាស់​ប្លាស្ទិកកំពុងពេញនិយម​ក្នុង​អំឡុង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩នេះ គេ​ឃើញថា ​ភោជនីយដ្ឋាន​មួយចំនួន​បាន​ពឹងផ្អែក​ខ្លាំង​លើ​សេវាកម្ម​ដឹកជញ្ជូន​អាហារ​ជូន​អតិថិជន​ផង​ដែរ។ 

កំពុង​រៀបចំ​ធុង​ដាក់​អាហារ​លើ​ម៉ូតូ ក្រោយ​ប្រគល់​អាហារ​ឱ្យ​អតិថិជន លោក ប្រាក់ វិចិត្រ អ្នក​ប្រកបរបរ​ដឹក​ចំណីអាហារ​របស់​ក្រុមហ៊ុន Nham24 លើកឡើង​ថា នៅ​អំឡុង​ពេល​ដែល​ជំងឺ​កូ​វីដ១៩រាលដាល​ខ្លាំង ការ​ដឹកជញ្ជូន​ម្ហូបអាហារ​ហាក់​មានការ​ពេញនិយម ដោយ​មួយ​ថ្ងៃ​ៗលោក​អាច​រក​ប្រាក់​បាន​ច្រើនជាង​ពេល​មិនទាន់​មាន​ជំងឺ​កូ​វីដ១៩ បាន​ដល់ទៅ២ដង។ 

អ្នក​ដឹកជញ្ជូន​អាហារ វ័យ៣៥ឆ្នាំ​រូប​នេះ ​បញ្ជាក់​ថា៖ «កាលពី​ជំងឺ​កូ​វីដ១៩ រីក​រាលដាល​ខ្លាំង ហើយ​ចំ​ពេល​ចូលឆ្នាំ​ខ្មែរ​ទៀត ការ​ដឹក​អីវ៉ាន់​មាន​ភ្ញៀវ​កម្ម៉ង់​ច្រើន ចំណែក​មុន​ពេល​មាន​កូ​វីដនិង​ពេល​បច្ចុប្បន្ន​នេះ ​មានកម្រិត​ប្រហាក់​ប្រហែលគ្នា»។

ចំណែក​អ្នក​ដឹកជញ្ជូន​អាហារ​ម្នាក់ទៀត លោក ព្រឹម ណា​រិន បាន​ឱ្យដឹង​ថា ក្នុង​អំឡុង​កើតមាន​ជំងឺ​កូ​វីដ១៩ ការ​បញ្ជាទិញ​តាម​អន​ឡាញ​មានការ​កើនឡើង​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​មិនសូវ​ចេញទៅ​បរិភោគ​អាហារ​ខាងក្រៅ​ ដោយសារ​ព្រួយបារម្ភ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ។

លោក​ថា៖ «ឥលូវ​គេ​មិនសូវ​ហ៊ាន​ដើរ បើ​កាលមុន​គេ​មិន​ហ៊ាន​ដើរ​សោះ គេ​កម្ម៉ង់​ច្រើនតែ​ម្តង ហើយ​អ្ន​កកម៉្មង់​ឥលូវកើន​កាន់តែ​ច្រើន​ទៅៗ»។

ប្លាស្ទិក​ដែល​ប្រើ​តែម្តង​រួច​បោះចោល ដែល​រួមមាន​ទាំង​ម៉ាស់​ពាក់​ការពារ​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ផង មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​គាំទ្រ​ដល់​ការ​ការពារ​សុខភាព​មនុស្ស​ក្នុងអំឡុងពេល​មាន​ជំងឺ​កូ​វីដ១៩កំពុង​យាយី​នេះ។ ទោះជាយ៉ាងណា ​ការ​បោះចោល​ប្លាស្ទិក​ទាំងនោះ​ដោយ​មិន​ត្រឹមត្រូវ កំពុង​ក្លាយជា​បញ្ហា​សកល​ដ៏​ធំ​មួយ។

កញ្ញា អាត សុធា​វី ស្ថាបនិក Think Plastic ដែល​ជា​យុទ្ធនាការ​កែប្រែ​ឥរិយាបថ​ក្នុង​ការប្រើ​ប្រាស់​ផលិតផល​ប្លាស្ទិក បាន​លើកឡើង​ថា ក្នុងអំឡុងពេល​មាន​ជំងឺ​កូ​វីដ១៩ កញ្ញា​សង្កេតឃើញ​ថា​ ភោជនីយដ្ឋាន​មួយចំនួន​បាន​បង្កើន​ការ​លក់​អាហារ​វេច​ខ្ចប់​ច្រើនជាង​មុន ចំណែក​ប្រជាពលរដ្ឋ​ក៏​ផ្អាក​ចេញក្រៅ ហើយ​ងាក​មក​កម្ម៉ង់​អាហារ​ពី​ភោជនីយដ្ឋាន​យក​មក​ផ្ទះ​ជំនួស​វិញ។

កញ្ញា​បន្ថែម​ថា រូបភាព​ទាំងនេះ​អាច​សបញ្ជាក់​បាន​ថា និន្នា​ការ​នៃ​ការប្រើ​ប្រាស់​ប្លាស្ទិក​កំពុង​កើនឡើង​ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​កញ្ញា​មិន​មាន​តួលេខ​ជាក់លាក់​នៅឡើយ។

កញ្ញា​បញ្ជាក់​ថា៖ «ពេល​ដែលគេ [រដ្ឋាភិបាល​] ឱ្យយើង​ចាប់ផ្តើម​នៅផ្ទះ​ទាំងអស់គ្នា ពេល​ហ្នឹង​ភោជនីយដ្ឋាន​ភាគច្រើន​ត្រូវ​បាន​បិទ អ៊ីចឹង​ភ្ញៀវ​អត់​អាច​ទៅ​ញ៉ាំ​ដល់​ហាង ប៉ុន្តែ​បង​ឃើញ​ហាង​មួយចំនួន​ គឺ​គាត់​ចាប់ផ្តើម Take away [ខ្ចប់​] delivery [ដឹកជញ្ជូន​] ដល់​ផ្ទះ​ ដល់​អី​អ៊ីចឹង»។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ទទួលស្គាល់​ថា ក្នុង​អំឡុង​ការ​កើតមាន​ជំងឺ​កូ​វីដ១៩ ការប្រើ​ប្រាស់​ប្លាស្ទិក​ពិតជា​មាន​ចំនួន​កើនឡើង​ច្រើន ប៉ុន្តែ​លោក​ថា ក្រសួង​មិនទាន់​មាន​ទិន្នន័យ​សំរាមនិង​ប្លាស្ទិក​ក្នុង​អំឡុង​នៃ​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​នៅឡើយ។ 

លោក​ថា៖ «ដោយសារតែ​ប្រជាពលរដ្ឋ​អត់​អញ្ជើញ​ទៅ​ហូប​នៅ​តាម​ភោជនីយដ្ឋាន អញ្ចឹង​គាត់​កម្ម៉ង់​មក​ផ្ទះ ហើយ​ការ​វេច​ខ្ចប់​គឺ​មានការ​កើនឡើង ប្រើប្រាស់​ថង់​ប្លាស្ទិក»។

លោក នេត្រ ភក្ត្រា បន្ថែម​ថា ប្លាស្ទិក​មិន​ងាយ​រលាយ​ទាំង​ក្នុង​ដីនិង​ក្នុងទឹក ហើយ​វា​ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព។ លោក​ថា ប្លាស្ទិក​មាន​ប្រភេទ​ផ្សេង​ៗគ្នាដែល​ត្រូវ​ចំណាយពេល​វេលា​ខុសគ្នា​ដើម្បី​រលាយ ក្នុង​នោះ ថង់​ប្លាស្ទិកត្រូវ​ចំណាយពេល​ពី២០០ឆ្នាំទៅ១០០០ឆ្នាំ ដើម្បី​រលាយ។

លោក​បញ្ជាក់​ថា៖ «បើ​និយាយ​ពី​ថង់​ប្លាស្ទិក​ វា​ប៉ះពាល់​យូរអង្វែង​ដល់​បរិស្ថាន រហូតដល់​រាប់​សិប​ឆ្នាំឬក៏​ដល់​រាប់​រយ​ឆ្នាំ បើសិនជា​វា​កប់ឬក៏​បោះបង់ចោល​តាម​ទី​សាធារណៈ ហើយ​ថង់​ប្លាស្ទិកនិង​ផលិតផល​ប្លាស្ទិក​ហ្នឹង ​គឺ​វា​មិន​ងាយ​ពុក​ផុយ​ក្នុង​មជ្ឈដ្ឋាន​ធម្មជាតិ​ទេ គឺ​ត្រូវការ​រយៈពេល​រាប់​រយ​ឆ្នាំ។ បើ​គេ​យក​វា​ទៅ​ដុត គឺ​ឧស្ម័ន​ពុល​នោះ​វា​នឹង​ហុយ​ឡើង ហើយ​ធ្វើឱ្យប៉ះពាល់​ដល់​ស្រទាប់​អូហ្សូន»។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ថង់​ប្លាស្ទិក កាលពី​ខែតុលា ឆ្នាំ២០១៧ ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ក្នុង​កម្រិត​អប្បបរមា។ រដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​វិធី​សា​ស្រ្តផ្សេង​ៗ ដូចជា​ ការ​កែប្រែ​ឥរិយាបថនៃ​ការប្រើ​ប្រាស់និង​ទុកដាក់​ប្លាស្ទិក ការ​យក​អាករពិសេស​លើ​ប្លាស្ទិក ជាមួយនឹង​ការ​លើកទឹកចិត្ត​ឱ្យប្រើប្រាស់​ថង់​បរិស្ថានឬថង់​ដែល​អាច​ប្រើ​ឡើងវិញ​បាន និង​ដាក់​អនុវត្ត​កម្មវិធី​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក ​ជាដើម។

ក្នុង​អំឡុង​ការ​កើនឡើង​នៃ​ការប្រើ​ប្រាស់​ការ​ដឹកជញ្ជូន​អាហារ​តាម​អន​ឡាញ លោក​លើកទឹកចិត្ត​ដល់​អ្នកប្រើ​ប្រាស់ប្តូរ​មក​ប្រើ​កន្រ្ត​កយួរ​ពី​រុក្ខជាតិ ថង់​ក្រណាត់ និង​ថង់​ក្រដាស ​ជាដើម ដើម្បី​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក។ បើ​តាម​លោក នេត្រ ភក្ត្រា ក្នុង​មួយថ្ងៃ នៅ​កម្ពុជា​ មាន​សំរាម​ជាង​មួយ​ម៉ឺន​តោន ក្នុង​នោះ​សំណល់​ប្លាស្ទិក​មាន​ប្រមាណ​ជា២០ភាគរយ។ ចំណែក​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ​មាន​សំរាម​ជិត៣ពាន់​តោន ដោយ​ជិត២០ភាគរយ​ជា​សំណល់​ប្លាស្ទិក។

បើ​តាម​គេហទំព័រ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ហៅ​កាត់​ថា UNDP បង្ហាញថា នៅ​ភ្នំពេញ ថង់​ប្លាស្ទិក​ប្រហែល១០លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ។ ក្នុង​នោះ ប្លាស្ទិក​ត្រូវ​បាន​រក​ឃើញថា ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ដូចជា ​បណ្តាល​ឱ្យ​កើតមាន​ជំងឺមហារីក ពិការភាព​ពី​កំណើត ភាព​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ភាពសាំ ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​ផ្លូវដង្ហើម​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ