ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្តចំនួន៩របស់កម្ពុជានឹងរងឥទ្ធិពលព្យុះមួយឈ្មោះ ម៉ូឡាវ នៅថ្ងៃទី២៨ និងទី២៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករនៅថ្ងៃ២៥ ខែតុលានេះថា ព្យុះ ម៉ូឡាវ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា រងសម្ពាធ ចាប់ពីថ្ងៃ២៨-២៩ ខែតុលា នៅតាមបណ្តាលខេត្តស្ថិតក្នុងតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង។
ចំណែក ខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើនផងដែរ។
យោងលើស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក ស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕









