បទ​​យក​ការណ៍​៖​ ខ្លាច​​បាត់​បង់​​ព្រៃ​​ឡង់​ ស្រ្ដី​​មួយ​​ក្រុម​​បាន​​ចូល​រួម​​ការពារ​​ ទោះ​​ដឹង​​ថា​​ប្រឈម​​គ្រោះ​ថ្នាក់​

កញ្ញា ឈាង លី (អាវ​ពណ៌បៃតង​) រៀបចំ​ចេញទៅ​ល្បាត​ព្រៃ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ស្ទឹងត្រែង ជាមួយ​សមាជិក​បណ្តាញ​ព្រៃ​ឡង់​ផ្សេងទៀត។ (ផ្ដល់​ឱ្យ​)

រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​ព្រៃ​ឡង់​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ជាង៤៣ម៉ឺន​ហិ​កតា ​(៤៣១ ៦៨៣ហិ​កតា​) ស្ថិតនៅ​ក្នុង​ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និង​ស្ទឹងត្រែង ជា​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ«​ព្រៃ​ឡង់» ចាប់តាំងពី​ឆ្នាំ២០១៦មក។ 

តាម​ការ​បញ្ជាក់​ពី​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ទោះ​មាន​ចំណាត់ការ​បែបនេះ​ពី​រដ្ឋាភិបាល​ក៏ដោយ តែ​ជាក់ស្ដែង​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ដ៏​ធំ​​របស់​ប្រទេស​កម្ពុជានេះ នៅតែ​ទទួលរង​ការ​លួច​កាប់​រំលំ​ធ្វើអាជីវកម្ម​ខុសច្បាប់ និង​ការទន្ទ្រាន​ដី​ព្រៃ​ពីសំណាក់​ក្រុម​ឈ្មួញ​ដដែល។ កត្តា​ទាំងនេះ​បាន​ជំរុញ​ឱ្យ​ស្រ្តី​មួយចំនួន​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ​សម្រេចចិត្ត​ចូលរួម​ការពារ​ព្រៃ​ឡង់​ បើ​ទោះបីជា​ដឹង​ថា ​ពួក​គាត់​នឹង​ប្រឈម​ហា​និ​ភ័យ​ផ្សេង​ៗយ៉ាងណាក៏ដោយ។

កញ្ញា ឈាង លី រស់​នៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង ដែល​បាន​ចាប់ផ្ដើម​ចូលរួម​ការពារ​ព្រៃ​ឡង់តាំងពី​ឆ្នាំ២០១៥ ហើយ​ឆ្នាំ២០១៩ ត្រូវ​ក្រុម​ស្នូល​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​មក​ពី​ខេត្ត​ចំនួន៤ បាន​បោះឆ្នោត​កញ្ញា​ធ្វើជា​ប្រធាន​បណ្ដាញ​សហគមន៍។ 

ដៃ​ម្ខាង​កាន់​ប៊ិកសរសេរ​អំពី​ផែនការ​សកម្មភាព​ មាត់​និយាយ​មកកាន់​អ្នកសារព័ត៌មាន​ថា កញ្ញា​បាន​ឈប់​រៀន​តាំងពី​ថ្នាក់​ទី៩មក​ម៉្លេះ នៅពេល​ដែល​ឈប់​រៀន​ភ្លាម​ នាង​ក៏បាន​ចាប់ផ្ដើម​ចូលរួម​សកម្មភាព​ចុះ​ល្បាត​ព្រៃ​ឡង់​ជាមួយ​អ្នកភូមិ​របស់​នាង ដោយ​កាលនោះ​ ពួក​គាត់​ចូលព្រៃ​មួយ​ខែ២ដង ដោយ​ក្នុង១ដង​មាន​រយៈពេល៥ថ្ងៃ។

ស្ត្រី​រូប​នេះ​និយាយ​ថា ឪពុកម្ដាយ​តែងតែ​លើកទឹកចិត្ត​ចំពោះ​ការងារ​ដែល​នាង​ធ្វើ​បច្ចុប្បន្ន ទោះបី​ដឹង​ថា ការងារ​នេះ​ប្រឈម​បញ្ហា​ជាច្រើន​យ៉ាងណា​ក្តី។ ស្ត្រី​វ័យ២៨ឆ្នាំ​រូប​នេះ បាន​ចុះ​ល្បាត​ព្រៃ​ជាមួយ​បុ​រសៗច្រើនដង​រាប់មិនអស់ ទោះ​ត្រូវ​ទទួលរង​ការ​គំរាមកំហែង​ជាច្រើន​ដង​ក៏ដោយ។ 

កញ្ញា ឈាង លី និយាយថា៖ «តាំងពី​ចាប់ផ្ដើម​ចូល​ការពារ​ព្រៃឈើ ប្រឈម​បញ្ហា​ជាមួយ​បទល្មើស ដូច​ទាស់សម្ដី​គ្នា ជួន​កាល​គេ​គំរាម​ចង់​ដុតផ្ទះ។ សម្រាប់​ខ្ញុំ ទោះបី​គេ​គំរាម ក៏​នៅតែ​បន្ត​រហូត ទោះបីជា​មាន​បញ្ហា​អី​កើតឡើង​ក៏ដោយ ក៏​នៅតែ​ចូលរួម ដោយសារ​ខ្ញុំ​ស្រឡាញ់​ធនធាន ធម្មជាតិ»។

ក្រៅពី​ការ​គំរាម​កំ​ហែង​ធ្ងន់​ៗបែបនេះ កញ្ញា ឈាង លី ថាគាត់និង​សមាជិក​ដទៃទៀត ក៏​រង​ការចោទប្រកាន់​ពីសំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាននិង​ស្ថាប័ន​ពាក់ព័ន្ធ ទម្លាក់កំហុស​លើ​ពួក​គាត់ ថា ​ជាសកម្ម​ជន​គណបក្ស​នយោបាយ​ទៀតផង។ 

កញ្ញា ឈាង លី៖ «គេ​នៅតែ​ចោទ​យើង​ថាជា​បក្សនយោបាយ អ៊ីចឹងគេ​មិន​ឱ្យ​យើង​ចុះ​ល្បាត​ទេ [បើ​ចុះ ​ត្រូវ​ចុះបញ្ជី​]។ សម្រាប់​ខ្ញុំ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ក​កើតឡើង​យូរណាស់​មក​ហើយ មិនមែន​ជា​បក្សនយោបាយ​ដូច​គេ​ចោទប្រកាន់​ទេ​!»

កញ្ញានិយាយ​បន្ថែម​ថា៖ «ដោយសារការ​ស្រឡាញ់​ធនធាន​ធម្មជាតិខ្លាំង មួយទៀត​ខ្លាច​បាត់បង់​មុខរបរ​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​តំបន់​ព្រៃ​ឡង់​ពួក​ខ្ញុំ។ មុខរបរ​អាស្រ័យ​លើ​ផល​អនុផល​ព្រៃឈើ​ដូចជា​ការ​ដង​ជ័រទឹក​ បោច​វល្លិ រក​ផ្សិត​អ៊ីចឹង»។

បន្ថែម​លើ​ការចោទប្រកាន់​អំពី​ការ​ពាក់ព័ន្ធ​នយោបាយ ឈាង លី និយាយ​ថា នៅ​ឆ្នាំ២០២០ ក្រសួងបរិស្ថានបាន​ហាម​ពលរដ្ឋ​នៅក្នុង​សហគមន៍​ព្រៃ​ឡង់ទាំង៤ខេត្ត មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ដូច​ពេល​មុន​ៗទៀត​ទេ ដោយ​ក្រសួង​លើកឡើង​ថា ពួក​គាត់​មិនបាន​ចុះបញ្ជី។ 

កញ្ញា ឈាង លី៖ «កាលពី​មិនទាន់​ហាមឃាត់​សហគមន៍​ព្រៃ​ឡង់ ស្ត្រី​បាន​ចូលរួម​ចុះ​ល្បាត​ចង់​ច្រើនជាង​បុរស​ទៀត។ ចុះទៅ​ចាប់​ម៉ាស៊ីន ចាប់​អីហ្នឹង ចុះ​ម្ដង ​ចាប់៤ទៅ៥ម៉ាស៊ីន។ ពេល​ចុះ​ម្ដង​មាន​គ្នា​ជាង១០នាក់ ក្នុង​នោះ មាន​ស្ត្រី៤ទៅ៥នាក់ ហើយ​ទៅ​ល្បាត​ម្ដង៤ថ្ងៃ»។

ការ​ធ្វើទុក្ខ​បុកម្នេញ​ប្រហែលគ្នា​នេះ ពុំមែន​កើតឡើង​តែលើ​កញ្ញា ឈាង លី ម្នាក់​ទេ ប៉ុន្តែ​កើតមាន​ដូចគ្នា​លើស​កម្ម​ជន​ព្រៃ​ឡង់​ផ្សេងទៀត ​​មិនថា​តែលើ​បុរស​ឬស្រ្តី​នោះ​ទេ។

អ្នកស្រី លៀង ឡុង នៅ​ភូមិ​នៅ ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​ចុះ​ល្បាត​ព្រៃ​ជាមួយ​ស្វាមី បាន​រៀបរាប់​ដែរ​ថា ការ​ការពារ​ធនធាន​ធម្មជាតិ មិន​ត្រឹមតែ​មិន​ទទួល​បានការ​លើក​ចិត្ត​នោះ​ទេ វា​ថែមទាំង​រង​នូវ​ការ​គំរាមកំហែង​ដល់​ជីវិត​ទៀតផង។ 

អ្នកស្រី លៀង ឡុង៖ «ពេល​ខ្ញុំ​ចុះទៅ​ គេ​គំរាម​ដែរ ប៉ុន្តែ​គេ​គំរាម​ប្រយោល​ គេ​ថា[ឱ្យ]តែ​ក្បួន​ហ្នឹង កូន​នៅក្នុង​អង្រឹង​ ក៏​មិន​ទុក​ដែរ អញ​សម្លាប់ចោល ប៉ុន្តែ​ខ្ញុំ​ជ្រុល​តែ​ធ្វើ​ហើយ​ អត់​ខ្លាច​ទេ​!» 

បើ​តាម​អ្នកស្រី លៀង ឡុង ក្នុង​មួយ​ខែ​ គាត់និង​ស្វាមី ព្រមទាំង​ប្រជា​សហគមន៍​ បាន​ចុះ​ល្បាត​ព្រៃ​យ៉ាងហោចណាស់​ក៏​ម្ដង​ដែរ។ 

អ្នកស្រី​ លៀង ឡុង៖ «ខ្ញុំ​ពេល​ដើរចូល​ព្រៃ គឺ​មាន​អារម្មណ៍​ធម្មតា​ អត់មាន​ភ័យ​អី​ទេ ទៅតាម​គេ​ទៅ ពេល​ឃើញ​មាន​បទល្មើស។ ហើយ​ប្ដី​ខ្ញុំ​អត់​ចង់ឱ្យ​ទៅតាម​គេ ខ្លាច​មាន​ឧប​ទ្ទ​វហេតុ​អី​កើតឡើង បទល្មើស ​គេ​ធ្វើបាប​អ៊ីចឹង ដូចជា​គេ​កាប់ ​គេ​បាញ់សម្លាប់​អី​អ៊ីចឹង។ គាត់​ថា បើ​ស្លាប់​គឺ ស្លាប់​តែ​គាត់​ម្នាក់​បាន​ហើយ កុំឱ្យ​ស្លាប់​ទាំងអស់គ្នា អត់មាន​អ្នកណា​មើលកូន តែ​ខ្ញុំ​ចេះតែ​សុំ​គេ​ដើរទៅ​ជាមួយ»។

កូនស្រី​របស់​សព​លោក សែន សទ្ធា សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ក៏បាន​ប្ដេជ្ញា​សម្រេចចិត្ត​ចូល​ការពារ​ព្រៃ​ឡង់ ដោយ​ថា​ ដើម្បី​បំពេញ​បំណង​របស់​ឪពុក​នាងដែល​ស្រឡាញ់និង​ចង់​ការពារ​ព្រៃឈើ ទោះ​ដឹង​ថា ការងារ​នេះ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ក៏ដោយ។ 

លោក សែន សទ្ធា បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​លោក​ចុះទៅ​ស៊ើបអង្កេត សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ​ស្ថិត​ក្នុងភូមិ​កាំ​ភ្លុក ឃុំ​បឹងចារ ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ 

មុននឹង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាលឱ្យ​បាត់បង់ជីវិត លោក សែន សទ្ធា​ និង​សកម្មជន​ម្នាក់ទៀត បាន​ទទួលរង​ការ​គំរាមកំហែង​ពី​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ស៊ីង​បាយ អូ​ថេ​ក (Think Biotech​) នៅ​ទីនោះ។ បន្ទាប់ពី​រង​ការ​គំរាម​បែបនេះ លោក សែន សទ្ធា និង​សកម្មជន​ម្នាក់ទៀត បាន​បង្ខំចិត្ត​ធ្វើដំណើរ​ដោយ​ម៉ូតូ​មួយ​គ្រឿង​ចាកចេញ​ពី​ផ្ទះ​សហគមន៍​ដែល​ស្នាក់នៅ​ទាំងយប់។ 

យុវតី ឡៃ រច្ច​នី បាន​និយាយ​ថា អំឡុង​ពេល​ដែល​ឪពុក​នាង​ធ្វើការងារ​ការពារ​ធនធាន​ធម្មជាតិ​កន្លងមក ធ្លាប់​រង​ការ​គំរាម​កំ​ហែង​ធ្ងន់​ៗច្រើនណាស់ ដូចជា ការរើសអើង ការ​ចាប់ខ្លួន និង​ការ​គំរាម​សម្លាប់​ជានិច្ច ​ប៉ុន្តែឪពុក​នាង​នៅតែ​មិន​បោះបង់ចោល​ការងារ​ការពារ​ព្រៃឈើ​ទេរហូតដល់​ថ្ងៃ​បាត់បង់ជីវិត ។

យុវតី​ដែល​ទើប​មាន​អាយុ១៧ឆ្នាំ រៀន​ថ្នាក់​ទី១១ និយាយ​ថា នាង​នឹង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ដូច​ឪពុក​របស់​នាង បើ​ទោះបី​ការងារ​នេះ​ប្រឈម​ក៏ដោយ។ 

យុវតីរូប​នេះ​បាន​លើកឡើង​ថា៖ «មូលហេតុ​ដែល​ខ្ញុំ​ចង់​ចូលរួម​ការពារ​ព្រៃ​ឡង់ ធនធាន​ធម្មជាតិ ដោយសារ​ខ្ញុំ​ចង់​បំពេញ​បំណង់​ប៉ា​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​ព្រៃ​ឡង់ដែល​ជា​តំបន់​អភិរក្ស ក៏​ដូច​ធនធាន​ធម្មជាតិ​បាត់បង់​ទេ។ និយាយទៅ ខ្ញុំ​មិន​ចង់ឱ្យ​បាត់បង់​ព្រៃឈើ​ទេ ព្រោះ​ព្រៃឈើ​ជា​ជម្រក​របស់​យើង ហើយនិង​ជា​ជម្រក​របស់​សត្វ​ដែរ»។

របាយការណ៍​សិក្សា​របស់​អង្គការ Jesuit Service Cambodia ​(JSC​) និង​បណ្តាញ​យុវជន​កម្ពុជា បង្ហាញថា ក្នុងរយៈពេល២០ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ជាង១០ម៉ឺន​ហិ​កតា (១០២ ៤៣៦ហិ​កតា​) ឬស្មើនឹង ២៤​% នៃ​ព្រៃ​ទាំងមូល បាន​ក្លាយជា​វាលរហោឋានឬត្រូវ​បាន​បំប្លែង​ទៅជា​ចម្ការ​ដំណាំ។

របាយការណ៍​នេះ រក​ឃើញថា ​គិត​ត្រឹម​ឆ្នាំ២០១៩ ផ្ទៃដី៥៨ ១៣៨ហិ​កតា ដែល​បាន​មក​ពី​ការបាត់បង់​ព្រៃឈើ​ជាង១០ម៉ឺន​ហិ​កតា ត្រូវ​បាន​បំប្លែង​ទៅជា​ដីចម្ការ​ដំណាំ ខណៈ​ផ្ទៃដី​ចំនួន១ ១១១ហិ​កតា ដុះឡើង​វិញ​ដោយ​កូនឈើ​ធម្ម​ជា​តិ​តូច​ៗ និង​ការ​ដាំដុះ​ដោយ​កម្មវិធី​ដាំ​ដើមឈើ។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន​ទទួលស្គាល់​ពីការ​លួច​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​នេះ ប៉ុន្តែថា​ជា​លក្ខណៈ​ទ្រង់​ទ្រា​យតូចៗ​តែប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​ ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​បង្ក្រាប​និង​ទប់ស្កាត់​បន្ត​ទៀត។ 

លោក​ថា៖ «ក្រសួងបរិស្ថាន​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ដោយ​មន្ត្រី​ឧទ្យានុ​រក្ស​ ដោយមាន​ការចូលរួម​សហការ​ពី​សមាជិក​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ បន្តសកម្មភាព​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កើតមាន​តំបន់​នោះ»។ 

លោក នេត្រ ភក្ត្រា បន្ត​ថា ការដែល​ក្រសួងបរិស្ថាន​មិន​អនុញ្ញាត​ឱ្យបណ្តាញ​សហគមន៍​ព្រៃ​ឡង់​ល្បាត ដោយសារ​បណ្តាញ​សហគមន៍​នេះមិនបាន​ចុះបញ្ជី​ជា​អង្គការ​នៅ​ក្រសួងមហាផ្ទៃ ឬចុះបញ្ជី​ជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ក្រសួងបរិស្ថាន​ឡើយ។ លោក​ចាត់ទុក​ការ​បន្តសកម្មភាព​របស់បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ថាជា​រឿង​នយោបាយ​ច្រើនជាង។

លោក នេត្រ ភក្ត្រា៖ «ការ​បន្តសកម្មភាព​ក្នុង​រូបភាព​បណ្តាញ ​គ្រាន់តែ​មាន​ចេតនា​គេច​ចេញពី​ការគ្រប់គ្រង​ដោយ​ច្បាប់ បង្កប់​ចេតនា​នយោបាយ​ទុ​ច្ចរិត និង​បង្ក​ភាព​អនាធិបតេយ្យ គ្មាន​ភាព​ស្មោះត្រង់​លើ​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​នា​ពេល​កន្លងមក។ […] សូម​ព្រមាន​ទុកជាមុន​ផង​ដែរ​ថា ប្រសិនបើ​ការ​ចូល​ទៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ក្នុង​គោលបំណង​ទុច្ចរិតឬធ្វើសកម្មភាព​ដែល​ប្រាសចាក​នឹង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ នោះ​នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់​ជាធរមាន»។

របាយការណ៍​ក្រសួងបរិស្ថាន​បង្ហាញថា​ ក្នុងរយៈពេល៩ខែ​ឆ្នាំ២០២០នេះ មន្ត្រី​ឧទ្យានុ​រក្ស​និង​សហគមន៍​តំបន់ការពារធម្មជាតិ បាន​ចុះ​ល្បាត​ចំនួន១ ៨២៣លើក ​ដោយ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន៩៥៤ករណី​នៅក្នុង​តំបន់​ព្រៃ​ឡង់។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​បាន​កសាង​និង​បញ្ជូន​សំណុំរឿង​ចំនួន៤០ករណី​ទៅ​តុលាការ ធ្វើការ​អប់រំ​និង​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ចំនួន៤២០ករណី និង​ពិន័យ​អន្តរការណ៍ចំនួន៤១ករណី។ 

របាយការណ៍​សិក្សា​ដោយសា​កល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​ដាណឺម៉ាក រក​ឃើញថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​បាត់បង់​ព្រៃឈើ​លើ​ផ្ទៃដី​ជិត១ម៉ឺន​ហិ​កតា (៧ ៥១០ហិ​កតា​) ក្នុង​ឆ្នាំ២០១៩ ដែល​ចំនួន​នេះ​កើនឡើង៧៣ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ២០១៨ ហើយក៏​ជា​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​ខ្ពស់​បំផុត ចាប់តាំងពី​ឆ្នាំ២០១៦មក។

ប្រធាន​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង កញ្ញា ឈាង លី ស្នើ​ទៅ​ក្រសួងបរិស្ថាន​លុបចោល​ការ​ហាមឃាត់ ហើយ​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចុះ​ល្បាត​ព្រៃ​ឡង់​វិញ។ 

កញ្ញា ឈាង លី៖ «អ្វី​ដែល​ខ្ញុំ​ចង់បាន​ធំជាង​គេ គឺ​ចង់ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចុះ​ល្បាត​ព្រៃ​បាន​ដូចមុន​វិញ សូម​កុំឱ្យ​ក្រសួង​គាត់​រឹត​ត្បិត ហើយ​ឈប់​ឱ្យ​គាត់​ចោទប្រកាន់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ថាជា​បក្សនយោបាយ​ទៀត។ ពេល​បណ្ដាញ​សហគមន៍​ចុះ ​គឺ​កាត់បន្ថយ​បទល្មើស​បាន​ច្រើន ដោយ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​គាត់​ចុះទៅ គឺ​គាត់​អត់​យក​លុយ​កាក់​អី​ទេ ​ថា​គាត់​ចាប់​គឺ​ចាប់​ហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ