មន្ត្រី​ថា ​សត្វ​ព្រៃ​ជិត​​ផុត​​ពូជ​មួយ​ចំនួន​​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា​ថយ​​ចុះ​ដោយ​សារ​​ការ​ដាក់​អន្ទាក់​

(កណ្ដាល) លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន និងមន្ត្រីជំនាញ បានធ្វើសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីស្ថានភាពនៃប្រភេទសត្វព្រៃសំខាន់ៗនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឆ្នាំ២០១០-២០២០។ (ហ្វេសប៊ុក៖ Ministry of Environment)

ក្រសួងបរិស្ថាន និង​អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) រកឃើញថា ក្នុង​រយៈពេល១០ឆ្នាំចុង​ក្រោយនេះ សត្វព្រៃដែលជិតផុតពូជចំនួន១៣ប្រភេទ បន្ត​​មានវត្តមាន​ក្នុង​ដែន​​​​ជម្រកសត្វព្រៃកែវសីមា ប៉ុន្តែប្រភេទសត្វខ្លះមានការថយចុះដោយសារ​ការ​ដាក់អន្ទាក់​។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ក្នុង​សន្និសីទសារព័ត៌មាន​នៅទីស្តីការក្រសួង​ នៅថ្ងៃចន្ទនេះ​ថា សត្វព្រៃដែលជិតផុត​ពូជបំផុត ជិត​ផុត​ពូជ និង​ជាប្រភេទកំពុងទទួលរង​ការ​គំរាម​កំហែង ​ចំនួន១៣ប្រភេទ បន្តមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា រួមមាន ស្វាកន្ទុយស, ទោចថ្ពាល់លឿង, ស្វាព្រាម, ស្វាក្តាម, ស្វាត្រោស, ស្វាអង្កត់, សត្វក្ងោក, ជ្រូកព្រៃ, ឈ្លូស, ទន្សោង, ខ្ទីង, រមាំង និង​​​ប្រើស។

លោក នេត្រ ភក្ត្រា ថ្លែង​​ថា៖ «សត្វមួយចំនួន​ដែលមានការថយចុះ ដូចជា ស្វាអង្កត់ ស្វាព្រាម ជាដើម ដោយសារប្រភេទសត្វនេះរកស៊ីនៅលើដី ហើយប្រភេទសត្វដែលមានជើងចម្ពាម មានសត្វខ្ចីង ទន្សោង ប្រើស រមាំង ដែលរកស៊ីលើដី មានការថយចុះ ហេតុអីបានថយចុះ គឺដោយសារការប្រើប្រាស់អន្ទាក់»។

អ្នកនាំពាក្យរូបនេះ ក៏បាន​​ឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និង​​ប្រជាពលរដ្ឋ រួមគ្នាថែរក្សានិងការពារអភិរក្សសត្វព្រៃកម្រទាំងអស់នេះ​ឱ្យបាន ជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​ និងបង្ក្រាប​ការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ដែលសកម្មភាពទាំងនេះ បានបំផ្លិចបំផ្លាញជម្រកដ៏សុខសាន្តរបស់សត្វព្រៃនិងជីវចម្រុះ​ផ្សេងទៀត។

ទីប្រឹក្សាបច្ចេកទេសនៃអង្គការ WCS លោក អូលី ហ្គ្រីហ្វ៊ីន (Olly Griffin) មានប្រសាសន៍ថា អង្គការ WCS គ្រោង​​សហការ​ជាមួយរដ្ឋាភិបាល ធ្វើការ​​បង្កាត់ពូជសត្វ​ព្រៃមួយចំនួនដែលកំពុង​ជិត​ផុត​ពូជនិងងាយ​រង​គ្រោះ ដើម្បីស្រោចស្រង់​​ចំនួន​សត្វ​ទាំងនោះឱ្យ​មានភាពប្រសើរឡើងវិញ។

លោកថា៖ «​ដើម្បីស្រោចស្រង់នូវប្រភេទសត្វមួយចំនួន ​​យើងគិតថា ​ទី១ យើងអាច​រក្សាតំបន់មួយឱ្យបានច្បាស់លាស់ ការបង្កើនមន្ត្រីឧទ្យានុរក្ស​ ការអនុវត្តច្បាប់ប្រកបដោយ​ប្រសិទ្ធភាព ហើយអនុវត្ត​វិធីសាស្ត្រ​ថ្មីផ្សេងៗទៀត។ ការស្រោចស្រង់​សត្វសំខាន់ៗឡើងវិញ យើងអាចបង្កើត​កម្មវិធីបង្កាត់​ពូជឬក៏បង្កាត់​ពូជ​តាមវិធីថ្លោះរបង នៅក្នុង​ព្រៃធម្មជាតិសំខាន់ណាមួយដែលស្ថិត​នៅក្នុ​​ង​តំបន់ដែនជម្រកសត្វព្រៃកែវសីមាតែម្ដង»។

អគ្គនាយករដ្ឋបាលនិងអភិរក្សធនធានធម្មជាតិ​នៃក្រសួងបរិស្ថាន លោក  គឹម ណុង មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងកំពុងធ្វើការសិក្សាទីតាំង​ដែលជាតំបន់អភិរក្ស ដើម្បីយកធ្វើជាកន្លែងបង្កាត់សត្វព្រៃដែលជិតផុតពូជនិងងាយរងគ្រោះ។

លោកថា៖ «ទាក់ទងនឹងការបង្កាត់ពូជនេះ ឥលូវយើងកំពុងសិក្សាបន្ថែម​​អំពីទីតាំងមួយចំនួនដែលមាននៅក្នុងតំបន់ការពារធម្មជាតិយើង ​ដូចឯកឧត្ដមរដ្ឋលេខាធិការបានជម្រាបជូនហើយ យើងមានតំបន់ការពារជាតិយើង៦៥ ​ហើយរបៀង៣ទៀត ហើយយើងមានទីតាំងធំៗជាច្រើន​​»។

បើតាម​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោម​​ការការពារនិងអភិរក្សរបស់ក្រសួងបរិស្ថាន កាលពីខែឧសភា ឆ្នាំ២០១៦ ដែលមានផ្ទៃដីចំនួន​២៩២ ៦៨០ហិកតា ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី និង​ក្រចេះ។  

លោកបន្ថែមថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិត​អន្តរជាតិ នៅក្នុងការអភិរក្សសត្វព្រៃនិងជីវចម្រុះប្រមាណ១ ០០០​ប្រភេទដែលកំពុងមានវត្តមាននៅទីនោះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ