កម្មករ​​រោងចក្រ​​ពីរ​​នៅ​​ខេត្ត​កណ្តាល​​ស្វែងរក​​​ដំណោះ​ស្រាយ​​វិវាទ​​ការងារ​​ពី​​តុលាការ ក្រោយ​​តវ៉ា​​ជិត​១​ឆ្នាំ​​គ្មាន​​លទ្ធផល​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោង​ចក្រ ​ឌី​កនើធី​ នី​តធើរ​ លីមីត​ធី​ត (Dignity​ Knitter​ Limited​) ស្ថិត​នៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្ដា​ល ដេកយាមមុខរោងចក្រ ដើម្បីទប់​ស្កាត់មិនឱ្យថៅកែដឹកសម្ភារចេញ ដោយថារោងចក្រនៅជំពាក់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់ពួកគាត់ជាកម្មករ កាលពីដើមខែមេសា ឆ្នាំ២០២០។ (Sophea Phin)

​កម្មករ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស ស្ថិត​ក្នុង​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ ពី​តុលាការ​សាលា​ឧទ្ធរ​ណ៍ ខណៈ​ពួក​គេ​បាន​តវ៉ា​និង​ដេក​យាម​មុខ​រោងចក្រ​ជិត១ឆ្នាំ។ 

លោក ភិន សុភា អះអាង​ជា​តំណាង​កម្មករ​នៅ​រោងចក្រ ឌី​កនើ​ធី និង​អ៊ី​ខូ​បេស ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា វិវាទ​ការងារ​នៅ​រោងចក្រ​ទាំងពីរ​នេះមិនទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ ខណៈ​ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ានិង​ដាក់វេនគ្នា​ដេក​យាម​មុខ​រោងចក្រ តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៩។

តំណាង​កម្មករ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា កាលពី​ខែមេសា ក្រុម​កម្មករ​បាន​ដា​ក់​បណ្តឹង​មួយ​ទៅ​សាលាដំបូង​ខេត្តកណ្តាល សុំ​លក់​ឡាុ​ឡុង​សម្ភារ​របស់​រោងចក្រ ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បាន​ប្តឹង​ជំទាស់ក្រោម​ហេតុផល​ក្ស័យធន។

លោក​បន្ត​ថា នៅ​ថ្ងៃទី២៦ ខែតុលា​នេះ តំណាង​កម្មករ​បាន​ដា​ក់​បណ្តឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​សុំ​ឱ្យ​លុប​ចោលឬបិទ​ចោល​សំណុំរឿង​ក្ស័យធន​របស់​ក្រុមហ៊ុន។

លោក​បន្ថែម​ថា៖ «ឥលូវ​ពួក​ខ្ញុំ​ជា​កម្មករ​ហ្នឹង រៀបចំ​ទៅតាម​នីតិវិធី ក៏ដូចជា​ស្នាមមេដៃ​ប្តឹង​សារទុក្ខ​ចំពោះ​នីតិវិធី​ក្ស័យធន​របស់​ខាង​ក្រុមហ៊ុន ដើម្បី​ឱ្យ​តុលាការខេត្ត​កណ្តាល គាត់​មានលទ្ធភាព​ជំរុញ​នីតិវិធី​របស់​ពួក​ខ្ញុំ រឿង​លក់​ហ្នឹង ឱ្យ​ឆាប់​ចប់ ដើម្បី​បាន​លុយ​បើក​ឱ្យ​កម្មករ»។

តំណាង​កម្មករ​ម្នាក់ទៀត អ្នកស្រី យស ថា​វី ឱ្យ​ដឹង​ថា ការ​តវ៉ា​កន្លងមក ភាគី​ក្រុមហ៊ុន​ធ្លាប់​ព្រមព្រៀង​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន៤ចំណុច ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិនដែល​អនុវត្ត​បាន​នូវ​កិច្ច​ព្រមព្រៀង​នោះ​ឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «យើង​ជួប​ផល​លំបាក​ មហាសែន​ពិបាក។ ពួក​ខ្ញុំ​ត្រូវ​យាម​ទាំងយប់​ទាំង​ថ្ងៃ ហាលភ្លៀង​ហាលថ្ងៃ ពួក​ខ្ញុំ​អត់​បាន​គេង​គ្រប់គ្រាន់។ យើង​យាម​ភាគច្រើន​ជា​ស្ត្រី អញ្ចឹង​ពេលយប់​ យើង​មាន​ហានិភ័យ​ច្រើនណាស់។ ទី១ យើង​ខ្លាច​អ្នក​ញៀន​ថ្នាំ​មក​ធ្វើបាប និង​បារម្ភ​សុវត្ថិភាព​ចំពោះ​ការ​បើកបរ​របស់​គេ​តាម​ដងផ្លូវ​មក​ប៉ះ​ដល់​ពួក​ខ្ញុំ។ រឿង​មួយទៀត ការ​ខ្វះខាត​ជីវភាព​គ្រួសារនិង​គ្មាន​លុយ​បង់​សង​បំណុល​ធនាគារ​ ជាដើម»។

វី​អូ​ឌីមិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ភាគី​រោងចក្រ​បានទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

មន្ត្រី​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជា​វី​វៈ លោក អ៊ូ រតនា មានប្រសាសន៍​ថា វិវាទ​ការងារ​របស់​រោងចក្រ​ទាំងពីរ​នោះ បាន​បញ្ជូន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ហើយ។ លោក​ថា ការសម្រេច​យ៉ាងណា​នោះ គឺ​ស្ថិតនៅ​លើ​តុលាការ។

លោក​បន្ថែម​ថា៖ «យើង​បាន​បញ្ជូន​រឿង​ហ្នឹង​ទៅ​តុលាការ ហើយ​ការសម្រេច​អី​ធ្វើឡើង​ទៅតាម​ផ្លូវច្បាប់»។

មន្រ្តី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត បានឱ្យ​ដឹង​ថា បណ្តឹង​ដែល​ក្រុម​កម្មករ​ដាក់​ទៅ​សាលាដំបូង គឺ​ទាមទារ​ដោះស្រាយ​សំណង​ចំនួន៥ចំណុច រួមមាន ​ប្រាក់​ជួស​ឱ្យ​ការ​ជូនដំណឹង​មុន ប្រាក់​អតីតភាព​ការងារ ប្រាក់សំណង​ជំងឺចិត្ត ប្រាក់បំណាច់​ឆ្នាំ និង​ប្រាក់ឈ្នួល​ចុងក្រោយ។ លោក​ថា តុលាការក៏បាន​ចេញដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​រួចហើយ​ដែរ។

លោក​បន្ថែម​ថា៖ «ឥលូវ​តុលាការខេត្ត​កណ្តាល គាត់​បាន​ដីកា​រក្សា​ការពារ ហើយ​យើង​បាន​ស្នើសុំ​អនុវត្ត ហើយ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​អស់ហើយ នៅតែ​ត្រៀម​នីតិវិធី​លក់​ទេ»។

បើ​តាមលោក ស៊ាង យ៉ូ​ត រោង​ចក្រ​ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត និង​រោងចក្រ អ៊ី​ខូ​បេស មាន​ថៅកែ​តែមួយ និង​មាន​បញ្ហា​បើកប្រាក់​ឈ្នួល​ឱ្យ​មិន​ទៀងទាត់​តាំងពី​ចុងឆ្នាំ២០១៩ ហើយ​ប្រកាសបិទ​ទ្វារ​រោងចក្រ ​កាលពី​ខែមេសា ឆ្នាំ២០២០។ លោក​បន្ត​ថា រោងចក្រ​ទាំងពីរ​នេះ មានកម្ម​ករ​សរុប១ ២២៣នាក់ និង​សំណង​ដែល​ថៅកែ​ជំពាក់​កម្មករ​ប្រមាណ​ជាង១លាន១៦ម៉ឺន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ