ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើស្ត្រីជនជាតិបារាំងម្នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលានេះ ឱ្យដឹងថា ស្ត្រីជនជាតិបារាំងនោះ អាយុ ២៣ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ១៩នោះ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី បានមកដល់កម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ហើយអ្នកជំងឺរូបនោះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបន្តថា ដោយឡែក មនុស្សចំនួន ១០៧នាក់ ក្នុងនោះមានកុមារ៣នាក់ ដែលធ្វើដំណើរតាមយន្តហោះជាមួយស្ត្រីរូបនោះ មានលទ្ធផលតេស្តអវិជ្ជមាន និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ សណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មានសរុបចំនួន ២៨៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៣នាក់ ហើយនៅសល់ចំនួន០៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕









