សមាគមនិងបណ្ដាញមនុស្សចាស់កម្ពុជា ស្នើដល់រដ្ឋាភិបាលឱ្យផ្ដល់ជូនបណ្ណសមធម៌ដល់ពលរដ្ឋគ្រប់រូប នៅពេលពួកគេឈានចូលដល់វ័យចាស់ឬ៦០ឆ្នាំ ដោយថា ដើម្បីជួយសម្រួលបន្ទុកនិងអាចឱ្យពួកគាត់មានទំនុកចិត្តនៅពេលមានជំងឺឈឺថ្កាត់ផ្សេងៗ។
ក្នុងពិធីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់ពិភពលោក នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ប្រធានបណ្ដាញមនុស្សចាស់កម្ពុជា លោកស្រី អ៊ូ វ៉ាន់ដា មានប្រសាសន៍ថា ភាគច្រើននៃពលរដ្ឋនៅកម្ពុជា នៅពេលឈានចូលដល់វ័យចំណាស់មិនអាចរកថវិកាបាន ត្រូវរស់នៅជាមួយកូនឬលើសពីនេះត្រូវមើលចៅថែមទៀត ខណៈកូនៗធ្វើចំណាកស្រុកទៅធ្វើការ។
លោកស្រីមានប្រសាសន៍ថា៖ «ហើយបើនៅស្រុកខាងខ្ញុំវិញ មិនត្រឹមតែទុកចៅៗឱ្យគាត់មើលទេ ថែមទាំងទុកទាំងបំណុលឱ្យគាត់ជួយដោះទៀត ទាំងនេះជាបញ្ហាដ៏ធ្ងន់ធ្ងររបស់មនុស្សចាស់»។
លោកស្រីបន្ថែមថា ដើម្បីជួយកាត់បន្ថយបន្ទុកទាំងនេះ លោកស្រីចង់ឱ្យរដ្ឋាភិបាលផ្ដល់បណ្ណសមធម៌ទៅឱ្យពលរដ្ឋដែលឈានចូលវ័យ៦០ឆ្នាំទាំងអស់ ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់សេវារដ្ឋមួយចំនួនដោយមិនគិតថ្លៃ ក៏ដូចជាសេវាព្យាបាលសុខភាពផងដែរ។
លោកស្រីបានថ្លែងបញ្ជាក់ប្រាប់VOD បន្ទាប់ពីបិទវេទិកានៅព្រឹកនេះថា៖ «បណ្ណសមធម៌ហ្នឹង មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ ដោយសារអ្នកណាក៏ដោយដែលមានបណ្ណសមធម៌ គឺគាត់អាចទៅទទួលសេវាសុខភាពហ្នឹងដោយអត់មានបង់លុយទេ! អ៊ីចឹងចំពោះមនុស្សចាស់ដែលគាត់មានបញ្ហាសុខភាពច្រើនហ្នឹង គឺបណ្ណសមធម៌នេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះពួកគាត់»។
លោកស្រី អ៊ូ វ៉ាន់ដា បន្ថែមថា៖ «អ៊ីចឹងហើយបានជាពួកខ្ញុំកំពុងតែទាមទារថា គ្រប់មនុស្សចាស់ទាំងអស់ ឱ្យតែដល់វ័យចាស់ សុំទាមទារឱ្យមានបណ្ណសមធម៌ហ្នឹង បើសិនជាមិនមានជាការផ្ដល់លុយកាក់ដូចបណ្ណក្រីក្រ ថាបណ្ណក្រីក្រហ្នឹងជួយស្អីៗក៏ដោយចុះ យើងសុំតែបណ្ណសមធម៌មួយត្រឹមទៅព្យាបាលដោយឥតគិតថ្លៃ»។
ប្រធានសមាគមមនុស្សចាស់ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ឈីវ ឡូញ មានប្រសាសន៍ថា លោកចង់ឱ្យរដ្ឋាភិបាលផ្ដល់បណ្ណសមធម៌នេះដល់ជនមានវ័យចំណាស់ទាំងអស់នៅកម្ពុជា ដោយថា អាចជួយសម្រាលបន្ទុកមនុស្សចាស់បានច្រើននៅពេលគាត់ទៅមន្ទីរពេទ្យ។
លោកថា៖ «ខ្ញុំចង់ឱ្យចាប់ពីអាយុ៦០ឆ្នាំឡើងទៅ មិនថាអ្នកមានអ្នកក្រ គឺសុំឱ្យជួយផ្ដល់បណ្ណសមធម៌ដល់គាត់។ បានតែមួយចំណុចហ្នឹងក៏ល្អដែរ ឱ្យជួយព្យាបាលគាត់ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ឬក៏តាមលទ្ធភាពណាដើម្បីជួយព្យាបាលគាត់»។
អនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ លោក បាន វុត្ថា មានប្រសាសន៍ថា ជាគោលការណ៍រដ្ឋាភិបាលនៅមិនទាន់មានគោលនយោបាយផ្ដល់បណ្ណសមធម៌ដល់ជនមានវ័យចាស់នៅឡើយទេ។
លោកថា៖ «បណ្ណសមធម៌ គឺផ្ដល់ឱ្យបានតែពលរដ្ឋក្រីក្រ ហើយនិងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ទេ ដែលទទួលបានបណ្ណសមធម៌នោះ តែមិនទាន់អាចផ្ដល់បានជាលក្ខណៈទូទៅទេ តែចំពោះនៅមូលដ្ឋាន បណ្ណសមធម៌នេះអាចជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនមានពិការភាព ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមពីរឆ្នាំដែលក្រីក្រ គឺមានបណ្ណដែលអាចទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យមិនអស់លុយទេ។ តែសម្រាប់មនុស្សចាស់ មិនទាន់មានទេ តែបើក្នុងមូលដ្ឋាន បើគាត់ចាស់ហើយក្រីក្រទៀត គឺមាន[បណ្ណសមធម៌]»។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ថា បញ្ហាបណ្ណសមធម៌សម្រាប់មនុស្សចាស់នេះ ត្រូវរាប់ចូលក្នុងការផ្ដល់បណ្ណសមធម៌សម្រាប់គ្រួសារក្រីក្រដែលត្រូវបានរដ្ឋាភិបាលកំពុងគិតគូររួចទៅហើយ ដោយថា នឹងអាចចេញជារូបរាងនាពេលខាងមុខ។ តែទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពេលវេលាបាននៅឡើយទេ។
លោកថា៖ «គោលនយោបាយជាតិសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា យើងមានហើយ ការអនុម័តបានអនុម័តហើយ។ យើងកំពុងបន្តការផ្សព្វផ្សាយនិងបន្តនីតិវិធីធ្វើផែនការសម្រាប់អនុវត្តន៍។ […] តាមដែលខ្ញុំដឹង គឺតាមក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងសង្គមកិច្ច បាននិងកំពុងពិចារណា តើក្នុងរយៈពេលខាងមុខសម្រាប់ការគាំទ្រទាំងមនុស្សចាស់ ទាំងអ្នកក្រហ្នឹងតើយើងត្រូវធ្វើយ៉ាងមិច? យើងមិនអាចធ្វើចេញម្ដងមួយសម្រាប់មនុស្សចាស់មួយមុខ សម្រាប់កុមារមួយមុខ សម្រាប់ជនពិការមួយមុខទេ! ទៅថ្ងៃអនាគតទៅ យើងនឹងធ្វើជាកញ្ចប់តែម្ដង បើសិនជាក្នុងមួយគ្រួសារហ្នឹងមានទាំងមនុស្សចាស់ មានទាំងជនពិការ គឺយើងគិតទាំងកញ្ចប់ហ្នឹងតែម្ដង គឺយើងមិនគិតតែមួយគន្លាក់ៗទេ»។
ក្នុងវេទិកាប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧ ដល់២០៣០ កាលពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលឱ្យដឹងថា មនុស្សចាស់នៅកម្ពុជាដែលមានអាយុ៦០ឆ្នាំឡើង មានចំនួនប្រមាណ១លាន២សែននាក់ ស្មើនឹង៨ភាគរយនៃប្រជាជនសរុប១៥លាននាក់ ខណៈចំនួននេះនឹងត្រូវព្យាករថា មានការកើនឡើងដល់ជាង២លាននាក់នៅឆ្នាំ២០៣០ ដែលស្មើនឹង១១ភាគរយនៃប្រជាជនសរុបនាពេលនោះ៕