អ្នក​ស្លាប់ក្នុងជំនន់ទឹកភ្លៀង​​​​កើនជាង​៤០​នាក់ ខណៈ​ព្យុះ​ទី​១៨​​នឹង​មាន​ឥទ្ធិ​ពល​លើ​​កម្ពុជា​នៅ​ថ្ងៃ​ស្អែក

ក្រុម​មន្ត្រី​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​ផ្ទះ​ដែល​ត្រូវ​ទឹក​ជន់​លិច​នៅ​ខេត្ត​ក្រចេះ។ រូបថត​៖NCDM

របាយការណ៍ បង្ហាញថា អ្នកស្លាប់ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនៅកម្ពុជា បាន​កើនដល់​ ៤៣នាក់ ខណៈជ្រលងវិសម្ពាធ និងសម្ពាធទាប​ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ (Molave) អាចនឹងមានឥទ្ធិពលមក​លើប្រទេស​កម្ពុជា​នៅថ្ងៃទី២៨ និង២៩ខែតុលា។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែ​កញ្ញា ដល់​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្តចំនួន២០ របស់កម្ពុជា បានរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះ ចំនួន​​អ្នកស្លាប់ចំនួន ៤៣នាក់ (កើន​៣នាក់​នៅខេត្ត​បន្ទាយមាន​ជ័យ)។

របាយការណ៍បន្តថា ជំនន់ទឹកភ្លៀង ក៏បានបង្ក​ផលប៉ះពាល់​ដល់​​ប្រជាពលរដ្ឋ​​​ចំនួន ១៤៨ ៥៩៧គ្រួសារ ស្មើប្រមាណ ៥៩៤​ ៣៨៨នាក់ ខណៈប្រជាពលរដ្ឋ​ជិត ១២ម៉ឺនគ្រួសារ ស្មើប្រមាណ ៤៧ ៥៨០នាក់ ត្រូវបាន​ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ក្រៅពីនោះ របាយការណ៍បញ្ជាក់ថា មានផ្ទះប្រជាពលរដ្ឋ ១៣៣ ២០៣ខ្នង រងផលប៉ះពាល់ និង​ខូចខាត ៦៣ខ្នង ខណៈ​សាលារៀន ៩៥១កន្លែង វត្ត ៣០៧កន្លែង និងស្រូវ​ជាង ២៧ម៉ឺន​ហិកតា ដំណាំរួមផ្សំជិត ១០ម៉ឺនហិកតា រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បានរងនូវការ​ជន់​លិច។​

បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​រាជធានី-ខេត្តទាំង១៩ ដែលរង​ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន  រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ ត្បូងឃ្មុំ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះ​កុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ។

នៅថ្ងៃអង្គារនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ព្យុះទី១៨ ឈ្មោះ ម៉ូឡាវ បានបង្កើនឥទ្ធិពល​ក្នុងសមុទ្រ​ចិនខាងត្បូង និងមានទិសដៅឆ្ពោះទៅប្រទេស​វៀតណាម រួចឆ្លងកាត់​ប្រទេស​ឡាវ និងថៃ។

ក្រសួងបន្តថា ជ្រលងវិសម្ពាធនិងសម្ពាធទាប ម៉ូឡាវ មានឥទ្ធពលមកលើប្រទេសកម្ពុជា នៅថ្ងៃទី២៨ និង២៩ ខែតុលា ដែលស្ថាន​ភាពនេះ នឹង​ធ្វើ​ឱ្យ​បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាង​ក្រោម និងជាប់ព្រំដែនវៀតណាម នឹងមានភ្លៀង​ធ្លាក់ពីមធ្យមទៅច្រើន ខណៈខេត្តជាប់ជួរភ្នំដងរែក និង​ខ្ពស់រាបឥសាន នឹង​មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ​​លាយឡំជាមួយនឹង​ខ្យល់​ខ្លាំង។ ចំណែក តំបន់​មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយពីតិចទៅបង្គួរ។

ករណីនេះ ក្រសួង​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ដើម្បីជៀស​វាង​នូវគ្រោះថ្នាក់​ផ្សេង​ៗដែលអាច​កើតមាន​ឡើង​ជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ