អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បានអំពាវនាវជាថ្មីឱ្យមានកិច្ចសហការពហុភាគីខ្លាំងក្លាជាងមុន និងការដាក់ចេញនូវវិធានការបន្ទាន់ ដើម្បីសង្គ្រោះសត្វផ្សោតទន្លេមេគង្គពីការផុតពូជ។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានថ្នាក់ខេត្ត ស្ដីពីការគ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលបានធ្វើឡើងនៅក្នុងខេត្តក្រចេះ កាលពីថ្ងៃម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF ប្រចាំនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF កាលពីសប្ដាហ៍មុន បានប្រកាសជាផ្លូវការពីចំនួនសត្វផ្សោតទន្លេមេគង្គបច្ចុប្បន្ន មានត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថា ចំនួនសត្វផ្សោតស្ថិតនៅកម្រិតថេរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សោតឆ្នាំ២០១៧មក។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា បានថ្លែងក្នុងសិក្ខាសាលានោះថា ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះ បានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សោតបានមួយកម្រិត។
លោកបន្តថា៖ «ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀត ដើម្បីធានាថា ស្ថានភាពនិងចំនួនសត្វផ្សោតអាចប្រសើរឡើងបាន»។
លោក ស៊្រុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល មានប្រសាសន៍ថា ការងារអភិរក្សសត្វផ្សោត ត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងយុវជនផងដែរ ដែលជាអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីការការពារសត្វផ្សោតនៅកម្ពុជា។
លោកបន្តថា៖ «កម្រិតនៃការចូលរួមរបស់យុវជននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថា យុវជនកម្ពុជាច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សោតទន្លេមេគង្គ»។
កញ្ញា នុត ពិសិដ្ឋរចនា ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ការចូលរួមចំណែកធានាការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។
កញ្ញាបានបន្ថែមទៀតថា៖ «ខ្ញុំនិងសមាជិកក្រុមយុវជនទាំងអស់ អាចរួមចំណែកដល់ការអភិរក្សសត្វផ្សោត តាមការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន អំពីសារៈសំខាន់របស់សត្វផ្សោតទន្លេមេគង្គ និងភាពចាំបាច់នៃការការពារសត្វផ្សោតដើម្បីជាតិរបស់យើង និងសម្រាប់ការចូលរួមទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការ WWF បានលើកឡើងថា សត្វផ្សោតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ខណៈសត្វផ្សោតទន្លេមេគង្គ ក៏ជាប្រភេទសត្វដែលត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។
អង្គការនេះបន្តថា ទោះជាយ៉ាងណា សត្វផ្សោតនៅតែបន្ដប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គិសនីនៅចរន្ដទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគំរាមកំហែងចម្បងៗផ្សេងទៀត។
រដ្ឋបាលជលផល និងអង្គការ WWF បានប្ដេជ្ញាចិត្តក្នុងការបន្ដសហការជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋាននិងដៃគូផ្សេងទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ជលផលនិងការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ការបន្ដការតាមដាននិងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ “រ៉ាមសារ” ក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាននិងជាចំណីសម្រាប់សត្វផ្សោត៕