ក្រុមសង្គមស៊ីវិលស្នើទៅរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីកាត់បន្ថយអត្រាមរណភាពដោយសារជំងឺមិនឆ្លងដែលបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងកិច្ចសន្ទនា របាយការណ៍វិភាគទិដ្ឋភាពគោលនយោបាយស្តីពីជំងឺមិនឆ្លងនៅថ្ងៃនេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ បញ្ហាប្រឈមទាក់ទងនឹងជំងឺមិនឆ្លងមានហានិភ័យខ្ពស់ជាងជំងឺឆ្លង ជាពិសេសស្ត្រីងាយរងគ្រោះជាងគេ។
លោក តឹក វណ្ណារ៉ា ថ្លែងបន្តថា កាលពីឆ្នាំ២០១៦ ជំងឺមិនឆ្លងបានសម្លាប់មនុស្សចំនួន៥៩ ៩០០នាក់ ក្នុងនោះ ២៨ ៣០០នាក់ ឬ ៤៧ភាគរយ គឺជាបុរស និង ៣១ ៥០០នាក់ ឬ ៥៣ភាគរយ គឺជាស្ត្រី។
របាយការណ៍ដែលដកស្រង់ដោយលោក វណ្ណារ៉ា បង្ហាញថា អ្នកជំងឺដល់ទៅ២៤ភាគរយបានស្លាប់ដោយសារជំងឺគាំងបេះដូង ១៤ភាគរយស្លាប់ដោយសារជំងឺមហារីក អ្នកជំងឺ៤ភាគរយបានស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយអ្នកជំងឺ២ភាគរយទៀតស្លាប់ដោយសារជំងឺទឹកនោមផ្អែម។
នៅឆ្នាំ២០១៨ អង្គការសុខភាពពិភពលោកបានរកឃើញថា ជំងឺមិនឆ្លង គឺជាមូលហេតុនៃការស្លាប់មនុស្សនាំមុខគេ ដែលនាំឱ្យប្រមាណជា៦៤ភាគរយនៃករណីស្លាប់សរុបនៅកម្ពុជា។
លោក វណ្ណារ៉ា បានលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុចម្បងមួយនៅក្នុងចំណោមមូលហេតុដែលបណ្ដាលឱ្យមនុស្សកើតជំងឺមិនឆ្លងនៅប្រទេសកម្ពុជា។
ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលឱ្យអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងការកំណត់យកពន្ធសមស្របសម្រាប់ផលិតផលគ្រឿងស្រវឹង ថ្នាំជក់ និងភេសជ្ជៈដែលមានជាតិផ្អែម ដោយលោកថា ទើបកាត់បន្ថយហានិភ័យនៃអត្រាអ្នកស្លាប់ដោយសារជំងឺមិនឆ្លង។
លោក តឹក វណ្ណារ៉ា ថ្លែងថា៖ «សម្រាប់អនុសាសន៍អន្តរាគមន៍បន្ទាន់ រដ្ឋាភិបាលអនុម័តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងនិងបទបញ្ញត្តិពាក់ព័ន្ធ ការកំណត់ពន្ធឱ្យសមស្របសម្រាប់ផលិតផលថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិផ្អែម»។
នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ហៅកាត់ (HACC) លោក ទឹម វូរ៉ា ដែលចូលរួមក្នុងសិក្ខាសាលានោះដែរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមអង្គការសង្គមស៊ីវិល នឹងស្នើទៅស្ថាប័នរដ្ឋពាក់ព័ន្ធយកចិត្តទុកដាក់ពិនិត្យសុខភាពលើប្រជាពលរដ្ឋដែលមានជំងឺមិនឆ្លង ជាពិសេសអ្នកដែលមានបណ្ណ ប.ស.ស ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ផងដែរ។
លោក ទឹម វូរ៉ា ថ្លែងថា៖ «វាត្រូវតម្រូវតែម្តងជារៀងរាល់ឆ្នាំ អ្នកឯងត្រូវទៅធ្វើតេស្តសុខភាព។ បើសិនជាអ្នកឯងធ្វើតេស្ត អត់មានបញ្ហាអ្វីកើតឡើង អ្នកឯងបង្ការ។ បើសិនជាអ្នកឯងមានបញ្ហាអ្វីកើតឡើងដំណាក់កាលដំបូង គឺយើងអាចព្យាបាលក៏ឆាប់ជា ហើយអស់លុយតិចទៀត។ អ៊ីចឹង ប.ស.ស ក៏អាចពិភាក្សាជាមួយគាត់ [ស្ថាប័នរដ្ឋ] ធ្វើម៉េចឱ្យគាត់ជំរុញប្រជាពលរដ្ឋទៅឆែកសុខភាព១ឆ្នាំម្តង»។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេនៅថ្ងៃនេះ។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងដែលមានប្រមាណ៣៩មាត្រានិង១១ជំពូក ត្រូវជាប់គាំងនៅក្រសួងសុខាភិបាល បន្ទាប់ពីបានរៀបចំពិភាក្សាជាមួយក្រុមអន្តរក្រសួងរួចរាល់ហើយចាប់តាំងពីឆ្នាំ២០១៥មក។
សេចក្ដីព្រាងច្បាប់នេះមានគោលដៅលើការគ្រប់គ្រងនិងត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ភាគីពាក់ព័ន្ធ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង៕









