ក្រសួងយុត្តិធម៌បានទទួលជំនួយពីអង្គការ OXFAM ដើម្បីជួយដល់ដំណើរការរៀបចំយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ។
ក្រសួងយុត្តិធម៌បានបង្កើតក្រុមការងារបច្ចេកទេសមួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយអះអាងថា ដើម្បីផ្តល់យុត្តិធម៌សង្គមនិងជួយសម្រួលដល់ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការទូទាំងប្រទេស។
ប្រាប់អ្នកសារព័ត៌មានក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលជំនួយពីអង្គការ OXFAM នៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ជំនួយរបស់ OXFAM បានជួយដល់ដំណើរការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ទៅលើឯកសារនានាដែលពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក ជិន ម៉ាលីន បន្ថែមថា យន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការនៅកម្ពុជា គឺមិនទាន់មានយន្តការច្បាប់ឬគោលនយោបាយច្បាស់លាស់នៅឡើយទេ ដែលតម្រូវឱ្យក្រសួងត្រូវពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធផ្សេងទៀត រួមមាន ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ជាដើម។
លោកបានថ្លែងថា៖ «យើងចង់ឱ្យផលិតផលដែលយើងសម្រេចបាននេះ មិនមែនជារបស់ក្រសួងតែម្នាក់ឯងទេ គឺជាផលិតផលរបស់គ្រប់ភាគីទាំងអស់នៅក្នុងសង្គមកម្ពុជា ដែលត្រូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
បើតាមលោក ជិន ម៉ាលីន រហូតមកដល់ពេលនេះ មានអ្នកគាំទ្រនិងផ្តល់ជំនួយច្រើនពីភាគីពាក់ព័ន្ធទៅលើដំណើររៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងនោះមាន សហភាពអឺរ៉ុប និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជាដើម ដែលជួយក្នុងការសម្របសម្រួល ជំនួយបច្ចេកទេស និងការរៀបចំនូវកិច្ចពិគ្រោះយោបល់ផ្សេងៗ។
អ្នកនាំពាក្យរូបនេះលើកឡើងទៀតថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានសារៈសំខាន់ក្នុងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយក៏ជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានវិវាទផងដែរ ប៉ុន្តែលោកថា វិវាទដែលដោះស្រាយក្រៅប្រព័ន្ធតុលាការបាន គឺពាក់ព័ន្ធសំណុំរឿងរដ្ឋប្បវេណី ខណៈសំណុំរឿងព្រហ្មទណ្ឌមិនអាចដោះស្រាយក្រៅប្រព័ន្ធតុលាការបានឡើយ៕