កម្ពុជា​​រក​​ឃើញ​​ពលរដ្ឋ​​ខ្លួន​​​២​​នាក់​​ទៀត​​ឆ្លង​​វីរុស​​កូរ៉ូណា​​ក្រោយ​​វិល​​ត្រឡប់​​ពី​​ជប៉ុន​

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​២​នាក់​ទៀត​ឆ្លង​វីរុស​កូរ៉ូណា ដែល​នាំ​ឱ្យ​ប្រទេស​នេះ​រក​ឃើញ​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ដល់ទៅ១៩០​ករណី​ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ឱ្យដឹង​​ថា ករណី​ឆ្លង​វីរុស​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បុរស​កម្ពុជា​២​នាក់ ម្នាក់​អាយុ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ២៣​ឆ្នាំ ហើយ​ពួកគេ​ត្រូវ​បាន​ដាក់​ឱ្យសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រសួង​បញ្ជាក់​ថា បុរស​កម្ពុជា​ទាំង២​រូប​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន​ឆ្លង​កាត់​កូរ៉េ​ខាង​ត្បូង ហើយ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

បើ​តាម​ក្រសួង មនុស្ស៣៧​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ជាមួយ​បុរស​កម្ពុជា​ទាំង២​នាក់​នោះ ហើយ​លទ្ធផល​តេស្ត​របស់​ពួកគេ​ គឺ​អវិជ្ជមាន ប៉ុន្តែត្រូវ​បាន​ដាក់​ឱ្យស្ថិត​នៅ​ដាច់​ដោយ​ឡែក​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក ​ស្ថិត​ក្នុង​វិទ្យាល័យ​ពោធិ៍ចិនតុង និង​សណ្ឋាគារ២​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។

គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​ដល់​ទៅ២៩០​នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែអ្នក​ជំងឺ២៨៣​នាក់​ហើយត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយនិង​អនុញ្ញាត​ឱ្យចាក​ចេញ​ពី​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ជំងឺ៧​នាក់​ទៀតកំពុង​ស្ថិត​នៅ​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ