ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីមួយករណីទៀត លើមន្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង ខណៈមិនមានករណីជាសះស្បើយ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះ ជាបុរសខ្មែរ អាយុ ៥១ឆ្នាំ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិប្រចាំបេសកកម្មនៅសូដង់ខាងត្បូង (UNMISS) បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា និងប្រទេសអេត្បូពី រួចបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០។
ក្រសួងបន្តថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺរូបនេះ មានចំនួន ៨៦នាក់ ក្នុងនោះមានកុមារ ៤នាក់ និងទារកម្នាក់ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុង និងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈបុរសជាអ្នកជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងបានបញ្ជាក់ដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ មិនមានអ្នកជាសះស្បើយនោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មានសរុបចំនួន ២៩១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៨៣នាក់ ហើយនៅសល់ចំនួន០៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕









