បទ​​យក​ការណ៍​៖ ជន​ជាតិ​​ដើម​​ភាគ​តិច​​នៅ​​រតនគិរី​​បាត់​​ប្រភព​​ឱសថ​​បុរាណ​​ព្រោះ​​ការ​​ទន្រ្ទាន​​ព្រៃ​​

លោក សល់ ថ្វិន អង្គុយផ្ដល់បទសម្ភាសន៍ និងបង្ហាញឱសថបុរាណដែលផ្សំពីឫសឈើ វល្លិ និងរុក្ខជាតិនានានៅក្នុងព្រៃដល់អ្នកកាសែត កាលពីចុងខែសីហា ឆ្នាំ២០២០។ (គង់ មេត្តា)

ទើប​ត្រលប់​មក​ពី​ចម្ការ​មើល​ក្របី​កុំឱ្យ​ស៊ី​ស្រូវនិង​ដំណាំ​ផ្លែ​ចន្ទី​ចម្ងាយ​ប្រមាណ៦គីឡូម៉ែត្រ​ពី​ផ្ទះ លោក សល់ ថ្វិន ស្លៀកខោ​ខ្មៅ​ជើងវែង អាវយឺត​ដៃខ្លី ជិះ​ម៉ូតូ​ពីក្រោយ​ចៅប្រុសដែល​បាន​ទៅ​យក​គាត់​ពី​ចម្ការត្រលប់​មក​ផ្ទះ។

លោក​ចុះពី​លើ​ម៉ូតូ និយាយ​បណ្តើរ​ដើរចូល​ទៅ​ក្នុង​ផ្ទះបណ្ដើរ ​ក្នុង​បន្ទប់រុំ​ដោយ​វាំងនន​ក្រណាត់​សម្រាប់​ធ្វើជា​ទ្វារ។ លោ​ក ថ្វិ​ន ក៏​បាន​ចាប់​ទាញ​យក​បាវ​ពណ៌ខៀវ​ពីក្រោម​គ្រែ​ពេញ​ដោយ​ឫសដើមឈើ​ដែល​បាន​កា​ត់ចិញ្ច្រាំហាល​ស្ងួត​សល់​ពីឆ្នាំ​មុន។

លោក​បាន​ប្រាប់​ថា៖ «យ៉ាប់ណាស់​! រក​ពីរ​ថ្ងៃ​អត់​បាន! យើង​អត់មាន​ដី គេ​ជីក​ដាំ​កៅស៊ូ​អស់ហើយ កន្លែងណា​ក៏​អស់​ដែរ»។

លោក​ សល់ ថ្វិន គឺជា​ជនជាតិ​ដើម​ភាគតិច​កា​ចក់ មាន​អាយុ៦៥ឆ្នាំ​ បាន​កើត​និង​រស់នៅក្នុងឃុំ​តាឡាវ ស្រុក​អណ្តូងមាស ខេត្តរតនគិរី បាន​និយាយ​ថា​ រយៈពេល​បួន​ទៅប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ លោក​និង​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​សហ​គមន៍​របស់​លោក​ មានការ​លំបាក​ក្នុង​ការ​រក​ថ្នាំ​បុរាណ​ ដោយសារ​ការរុករាន​និងឈូស​ឆាយដី​ធ្វើចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន។

លោក​បញ្ជាក់៖ «យើង​ពិបាក​រក​ណាស់​ឥលូវ! ដី​គេ​ឈូស​ឆាយយក​ដាំ ពួក​ក្រុមហ៊ុន​យក​ដំាំ។[…] ចាប់ផ្តើម​លំបាក​តាំងពី២០១២ ហើយ​ថ្នាំ​ភាគច្រើន​នៅក្នុង​ព្រៃលើ​ភ្នំ ហើយ​ឥ​លូវ​ភ្នំបាន​ក្លាយជា​ចម្ការកៅស៊ូ ខ្ញុំ​ពិបាក​ណាស់។ គេ​ឈូស​ដំា​កៅស៊ូ នៅ​មានអី​ទៀត ​ដាំ​កៅស៊ូ​ទាំងអស់។»

បើ​ទោះបី​ជាមានការ​អប់រំ​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​សេវា​ក្នុង​មណ្ឌលសុខភាពឬមន្ទីរពេទ្យ​យ៉ាងណា​ក្តី ការប្រើ​ប្រាស់​ថ្នាំបុរាណ​តាម​ធម្មជាតិ​នៅតែ​ដើរតួ​នាទី​សំខាន់​នៅក្នុង​សហ​គមន៍​ជនជាតិ​ដើម​ភាគតិច ដោយសារ​បញ្ហា​ជីវភាព ការ​លំបាក​ក្នុង​ការប្រើ​ប្រាស់​ភាសា និង​មណ្ឌលសុខភាព​នៅ​ឆា្ងយ​ពី​ផ្ទះ​ជាដើម។ 

មានដី​ពីរ​ហិកតា​ដំា​ដើម​ចន្ទីនិង​ធ្វើស្រែ លោក​ សល់ ថ្វិន ក៏​ត្រូវ​ទៅ​រក​ថ្នាំ​បុរាណ​ដែល​មាន​ជា​មើម ដើម ឬធាង​នៅ​តាម​ព្រៃភ្នំ ដើម្បី​ទុក​ប្រើ​ប្រាស់​សម្រាប់​គ្រួសារ​និងទុក​លក់ឱ្យ​អ្នក​នៅក្នុង​ភូមិ​និង​អ្នក​មករ​កនៅ​ក្រៅ​ភូមិ។

លោក សល់ ថ្វិន បង្ហាញឱសថបុរាណដែលផ្សំពីឫសឈើ វល្លិ និងរុក្ខជាតិនានានៅក្នុងព្រៃដល់អ្នកសារព័ត៌មានវីអូឌីកាលពីចុងខែសីហា ឆ្នាំ២០២០។ (គង់ មេត្តា)

លោក​បាន​ប្រាប់​ថា ​លោក​ចេះ​របៀប​ផ្សំថ្នាំ​បុរាណកាល​ពីឆ្នាំ១៩៩៣ នៅពេល​ដែល​ប្រពន្ធ​របស់​លោក​ឈឺ​ ហើយ​ជនជាតិ​ឡាវ​ដែល​ព្យាបាល​ប្រពន្ធ​លោក បាន​ប្រាប់​លោក​ទៅ​រក​ថ្នាំ​នៅក្នុង​ព្រៃ។

លោក​បញ្ជាក់ថា៖ ​«ខ្ញុំ​ចេះ​មក​ពី​ប្រទេស​លាវ ​[ឡាវ​] ដោយសារ​ជនជាតិ​លាវជួយ​ព្យាបាល​ប្រពន្ធ​ខ្ញុំ។ ខ្ញុំ​អត់​ចេះ គាត់​ក៏​ប្រាប់​ខ្ញុំ​ឈ្មោះដើមឈើ ពេល​ហ្នឹង​ប្រពន្ធ​ខ្ញុំ​ទាស់​រ៉ាំ​រ៉ៃ ខ្ញុំ​ទៅ​រក​ថ្នាំ​តាម​គាត់​ប្រាប់»។

លោក ​សល់ ថ្វិ​ន បា​នប្រាប់​ថា លោក​អាច​ព្យាបាល​ជំងឺ​ធ្លាក់ស របេង ទាស់​រ៉ាំរ៉ៃ ឈឺចង្កេះ​ជង្គង់ ធ្វើ​ឱ្យ​ហូបបាយ​បាន ​ដែល​ភាគច្រើន​គឺ​ស្រ្តីទើប​សម្រាលកូន​ហើយ​ ដើម្បី​យក​ទៅ​ស្ងោរ​ដាំទឹក​ផឹក​ដោយ​មិនដែល​មាន​បញ្ហា​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ទេ។

លោក​ក៏​បញ្ជាក់​ដែរ​ថា ​ភាគច្រើនអ្នក​មក​ទិញថ្នាំ​មាន​ទាំង​ខ្មែរ​ និង​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ផ្សេងទៀត​ក៏​ប្រើប្រាស់​ថ្នាំ​របស់​លោក​ដែរ។ ភាគច្រើន​អ្នក​ដែល​មក​ទិញថ្នាំ​របស់​លោក ​គឺ​ក្រោយពី​ពួក​គេ​បាន​ប្រើប្រាស់​និង​ទៅ​មន្ទីរពេទ្យ​រួចហើយ ប៉ុន្តែ​នៅតែ​មិនជា​សះស្បើយ ​ទើប​ពួក​គេ​​ងាក​មក​ប្រើ​ថ្នាំ​របស់​លោក​វិញ។

លោក​បាន​បន្ថែម​ថា៖ «យើង​ធ្វើ​ម៉េច​! បើ​វា​ជា​ យើង​អរ​ទៅ! បើ​វា​អត់​ជា​ យើង​ធ្វើ​ម៉េច​កុំឱ្យ​ប្រតិកម្ម​កុំឱ្យ​គ្រោះថ្នាក់​មនុស្ស»។

ប្រធាន​សមាគម​ខ្មែរលើ លោកស្រី ដាំ ចន្ទី បាន​ប្រាប់​វី​អូ​ឌីតា​មទូ​រសព្ទ​ថា ​ជនជាតិ​ដើម​ភាគតិច​ភាគច្រើន​នៅតែ​ប្រើប្រាស់​ថ្នាំបុរាណ ​បើ​ទោះ​បីជា​បច្ចុប្បន្ន​មាន​ថ្នាំពេទ្យ​ក៏ដោយ។

លោកស្រី​បាន​បន្ថែម​ថា៖ «ពីមុន​អត់មាន​ថ្នាំពេទ្យ យើង​គ្រុនក្តៅ ដំ​បៅ ឈឺក្បាល​វិលមុខ ឈឺពោះ​ គេ​អាច​ប្រើ​ថ្នាំបុរាណ​បាន ប៉ុន្តែ​ឥលូវក​ន្លែង​ខ្លះ ​យើង​បាត់បង់​ធនធាន​ធម្មជាតិ​អស់ហើយ ដូចជា​វល្លិ»។

ប្រធាន​សមាគម​លើកកម្ពស់​សុខភាព​ជនជាតិ​ដើម​ភាគតិច លោក ឯម វាសនា បាន​និយាយ​ថា​ការប្រើ​ប្រាស់​ឱស​ថបុរ​ាណដើមឈើ​ នៅតែ​ដើរតួ​នាទី​សំខាន់​សម្រាប់​ជនជាតិ​ដើម​ភាគតិច ដោយសារ​គាត់​នៅតែ​មាន​ជំនឿលើ​ការប្រើ​ប្រាស់​និង​អាស្រ័យផល​លើ​ធម្មជាតិ។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​តាម​តំបន់​មួយចំនួន ​មណ្ឌល​សុខភាព​ក៏​នៅ​ឆ្ងាយ ម្យ៉ាង​ពួក​គេ​ក៏​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ដោយសារ​រនាំង​ភាសា​នៅពេល​ដែល​ទៅ​រក​សេវា​ព្យាបាល។ 

លោក​បញ្ជាក់​បន្ថែម​ថា៖ «បើ​ពិនិត្យ​មើល​ចាស់​ៗនិយាយទៅ ​ឱសថ​បុរាណ​នៅ​មាន​សារៈសំខាន់ ពួក​គាត់​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ឆ្ងាយ​ពី​មន្ទីរពេទ្យ ជា​ពិ​សេស​ចាស់​ៗ»។

លោក សល់ ថ្វិន បាន​ប្រាប់​ថា ​ក្នុង​ការ​ទៅ​រក​ថ្នាំ​ លោក​ត្រូវ​ធ្វើដំណើរ​ចម្ងាយ​ប្រមាណ៦គីឡូម៉ែត្រ​ពី​ផ្ទះ​ ហើយដែល​ការ​រក​ថ្នាំបុរាណ​នេះ​ ត្រូវ​រកតែ​ម្តង​នៅ​រដូវប្រាំង​សម្រាប់​ទុក​ប្រើនិង​លក់ដូរ​ក្នុងរយៈពេល​មួយឆ្នាំ។ លោក​ប្រាប់​ថា ​លោក​អាច​លក់​បាន​ចាប់ពី១៥០០០រៀល​ក្នុង​មួ​យក​ញ្ចាប់ ដោយអ្នកទិញ​អាច​ដាំទឹក​ផឹក​បាន​ចំនួន​ប្រាំ​កំ​សៀវ។

លោក​បញ្ជាក់​ថា៖ «មាន​ស្ត្រី​ធ្លាក់ស​ច្រើនណាស់​នៅក្នុង​ភូមិ ឫសដូង​បាត ហើយ​ដល់ពេល​ពិបាក​រក​អញ្ចឹង ​ខ្ញុំ​ត្រូវ​ដំឡើងថៃ្ល​ហើយ ដោយសារ​វារ​កពិ​បា​ក […] អត់​ដែល​មាន​អ្នកណា​មាន​គ្រោះថ្នាក់​ទេ! បើ​មាន​ គេ​មិន​រក​យើង​ទេ»។

លោកស្រី ចន្ទី ប្រាប់​ថា ​បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគតិច​ប្រហែលជា៥០ភាគរយ​នៅតែ​បន្ត​ប្រើ​ថ្នាំបុរាណ។ លោកស្រី​បានឱ្យ​ដឹងផង​ដែរ​ថា ១០០ភាគរយ​នៃ​ស្រ្តី​ដែល​សម្រាលកូន​ គឺ​នៅតែ​ប្រើប្រាស់​ឱសថ​បុរាណ។

លោកស្រី​បញ្ជាក់​ថា៖ «តំបន់​មួយចំនួន​គឺ​មាន​ព្រៃ​ការពារ។ ប៉ុន្តែ​ថ្នាំបុរាណ​មិនមែន​នៅ​ព្រៃ​ការពារ​ទាំងអស់​ទេ យើង​ដើររក​តាម​កន្លែង​ដើម្បី​បាន​គ្រប់មុខ ​ព្រៃ​ឆ្ងាយ។ ភាគច្រើន​ឥលូ​វគាត់​ទៅពេទ្យទោះបី​ឆ្ងាយ ​ដោយសារ​អស់​ថ្នាំបុរាណ ​គាត់​ពិបាក​រក ហើយ​ពេលខ្លះ​ថ្នាំបុរាណ​ គាត់​ខំ​ព្យាបាល​អត់​ជា»។

ដៃ​ម្ខាង​ចាប់ឱប​កូនស្រី អង្គុយ​លើកៅអី​ឈើ កូនប្រសា​ររបស់​លោក​ សល់ ថ្វិន និ​យាយ​ឮៗ​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​កា​ចក់ អ្នកស្រី ល្មាំ លាច អាយុ២២ឆ្នាំ បាន​ស្លាប់​កូនប្រុស​អាយុ៣ខែ​កន្លះ​ ក្រោយពី​សម្រាល​រួច។ អ្នកស្រី​មានកូន​ស្រី​បន្ទាប់ ​រយៈពេល​មួយឆ្នាំ​កន្លះ​ក្រោយ ​ហើយ​បច្ចុប្បន្ន​កូនស្រី​នេះ​មាន​អាយុ៤ឆ្នាំ។ អ្នកស្រី​បាន​ប្រាប់​ថា​ គាត់​គ្មាន​លទ្ធភាព​ទិញថ្នាំ​ពេទ្យ​ ទើប​ប្រើតែ​ថ្នាំ​បុរាណ ​ដោយ​ដាំទឹក​ហូប​បី​ពេល​ក្នុង​មួយថ្ងៃ។

អ្នកស្រី ល្មាំ លាច បង្ហាញថ្នាំបុរាណដែលគាត់បានទិញពីលោក សល់ ថ្វិន ដល់អ្នកសារព័ត៌មានវីអូឌីកាលពីចុងខែសីហា ឆ្នាំ២០២០។ (គង់ មេត្តា)

ល្មាំ លាច ថា​ខ្លួន​ត្រូវ​ទិញថ្នាំ​ផ្សំ​ពី​រុក្ខជាតិ មើម​ឈើ ឬវល្លិ​ជាដើម​នេះ​ក្នុង​តម្លៃមួយកញ្ចប់៥០០០រៀល​​ ដោយ​មួយ​កញ្ចប់​ដាំ​ហូប​បាន​កន្លះ​ខែ។

ល្មាំ លាច ស្លៀកខោ​វែង អាវ​ពីរ​ជាន់ក​បំពង់ បាន​ប្រាប់​ថា លោកស្រី​មិនដែល​ប្រើប្រាស់​ថ្នាំពេទ្យ​នោះ​ទេ អ្នកស្រី​តែងតែ​ប្រើ​ឱសថ​បុរាណ​ដែល​ទិញ​ពី​ឪពុក​ក្មេក។ 

លោកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​ប្រើ​ថ្នាំបុរាណ​រហូត​មក។ មូលហេតុ​យើង​ប្រើ​ថ្នាំបុរាណ យើង​ទិញថ្នាំ​ពេទ្យ​ហូប​អត់​ត្រូវ។ ពេល​យើង​ហូប​ទឹក​ឆ្ងាញ់។ ហើយ​ខ្ញុំ​អត់មាន​លុយ​ទិញថ្នាំ​ពេទ្យ។ ខ្ញុំ​អត់មាន​លុយ​ទិញថ្នាំ​ពេទ្យ។ ខ្ញុំ​ឱ្យ​តែ​ឈឺ​ ដឹង​តែ​ហូប​ថ្នាំបុរាណ»។ 

អ្នកស្រី​បន្ថែមថា៖ «យើង​ហូប​ថ្នាំបុរាណ​បងប្អូន​ជនជាតិ​អញ្ចឹង ធ្វើ​ឱ្យ​យើង​មាន​កម្លាំង​ហូបបាយ​បាន។ យើង​ជនជាតិ​អញ្ចឹង ​យើង​ប្រើ​កម្លាំង យើង​ចុកដៃ​ចុកជើង»។

យ៉ាងណា​ក្តី ប្រធានមន្ទីរ​សុខាភិបាល​ខេត្តរតនគិរី លោក អ៊ុង រតនា បាន​ប្រាប់​ថា ប្រជាជនជន​ជាតិ​ដើម​ភាគតិច​ស្ទើរតែ​ទាំងស្រុង កំពុង​ប្រើ​សេវា​សុខភាព​របស់​រដ្ឋ។ លោក​ថា​ មាន​មួយចំនួន​តូច​តែប៉ុណ្ណោះ​ដែល​នៅ​ឆ្ងាយ ​​មិន​មានលទ្ធភាព​ប្រើប្រាស់​សេវា​សុខភាព​របស់​រដ្ឋ។ 

លោក​បញ្ជាក់ថា៖ «សហគមន៍​នៅ​ឆ្ងាយ​មាន​តិច​ទេ​ដែល​លំបាក​ មិន​អាច​ទៅ​ប្រើ​សេវា​សុខភាព​រដ្ឋ បើ​យើង​នៅ​ខ្វះ​ធនធានមនុស្ស។ អញ្ចឹង​មុន​ឆ្នាំ២០២៥ ខ្ញុំ​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​សេវា​សុខភាព​បាន​ទៅដល់​ពួក​គាត់​គ្រប់​ច្រកល្ហក»។

ប្រធាន​សមាគម​លើកកម្ពស់​សុខភាព​ជនជាតិ​ដើម​ភាគតិច លោក ឯម វាសនា ​បាន​បន្ថែម​ថា ជនជាតិ​ដើម​ភាគតិច​ត្រូវការ​អា​ស្រ័យ​ផល​ជាមួយ​ធម្មជាតិ​ប្រចាំថ្ងៃ ការបាត់បង់​ធនធាន​ធម្មជាតិ​មាន​ព្រៃឈើ​ជាដើម ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​ជីវភាព ទាំង​ការ​រក​ឱសថ​បុរាណ​របស់​ពួក​គេ។

លោក​បាន​លើកឡើង​ថា៖ «ជាទូទៅ ពួក​គាត់​អាច​ប៉ះពាល់​ហើយ ដោយ​សារ​ឱសថ​បុរាណ​នៅក្នុង​ព្រៃឈើ ​អញ្ចឹង​កាលណា​បាត់បង់​ព្រៃឈើ​ មានន័យថា ​ឱសថ​បុរាណ​ក៏​បាត់​ដែរ ដោយសារតែ​គេ​ឈូស​ឆាយ​កាប់​ទន្ទ្រាន។ ជាពិសេស​ការ​​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន ធម្មតា​ទេ​ តែ​គេ​ឈូស​ឆាយ​ គេ​ឈូស​ឆាយ​ទាំងអស់​ហើយ ធម្មជាតិ​ដែល​នៅក្នុង​ព្រៃ​ក៏​ត្រូវ​បាត់​ដែរ។ នៅក្នុងខេត្ត​រតនគិរី មា​នយិន​ស៊ិន ហើយ​ឥលូ​វមិន​សូវ​សម្បូរ​ទេ ហើយ​អាហ្នឹង​ក៏​ជា​ប្រភព​ចំណូល​របស់​គាត់​ដែរ»។

យុវជន រឺ ចុម​ អាយុ១៦ឆ្នាំ នៅក្នុង​ឃុំ​តាឡាវ ស្រុកអណ្តូងមាស ខេត្ត​រតនគិរី ចាប់​អា​រម្ម​ណ៌​រៀននិង​ដើរតាម​ជីតា​របស់​ខ្លួន​គឺ​លោក សល់ ថ្វិន ដើម្បី​រក​ថ្នាំបុរាណ​តាំងពី​អាយុ១៣ឆ្នាំ។ 

ចុ​ម ទើប​ជិះ​ម៉ូតូ​ត្រលប់​ពី​ចម្ការ ហើយក៏​អង្គុយ​លើ​កៅអី​ពីមុខ​ផ្ទះ បញ្ជាក់​ថា៖ «នៅក្នុង​ភូមិ​នេះ អ្នកខ្លះ​គេ​ចេះ​រក គេ​ដើររក​ខ្លួនឯង ​អ្នកខ្លះ​គេ​មករ​កយើង។ ពេល​បាន​របស់​មក​ផ្ទះ ខ្ញុំ​ត្រូវ​ជួយ​ចិញ្រ្ចាំ​តា​ហើយ​លក់​ឱ្យ​គេ គេ​មក​ទិញ​ដល់​ផ្ទះ មាន​ទាំង​អ្នក​ក្នុង​ភូមិ​និង​ក្រៅ​ភូមិ។ យើង​ត្រូវ​យក​ចប កាំបិត។ ហើយ​ថ្នាំ​ខ្លះ​គេ​យក​ឫស ថ្នាំ​ខ្លះ​យើង​យក​ដើម។ យើង​អាច​រកបាន​ត្រឹមតែ​ខែប្រាំង​ទេ»។

ចុម ថា​ចង់​រៀន​ពី​ជីតា​របស់​ខ្លួន ​ព្រោះថា ​នៅពេល​មានគូស្រករ​ គាត់​អាច​រកចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​តាមរយៈ​មុខរបរ​លក់​ឱសថ​បុរាណ​នេះ។ 

ចុម ​បញ្ចាក់៖ «ខ្ញុំ​ចង់​ធ្វើតាម​តា​ ពេល​ខ្ញុំ​ធំឡើង ពេល​មាន​ប្រពន្ធ​ទៅ​ យើង​រៀន​មាន​វិជ្ជា​ដើម្បី​រកលុយ​អាច​ព្យាបាល​គេ​បាន។ [… ] យើង​ត្រូវ​ជិះ​ម៉ូតូឌុប​គ្នា ជិះ​ប្រហែល​មួយម៉ោងកន្លះ។ ខ្ញុំ​អាច​ចំណាំបាន​តែ២ទៅ៣មុខ»។

យ៉ាងណា​ក្តី ចុ​ម ក៏​បាន​សម្តែង​ក្តី​បា​រម្ភ​និង​ការ​លំបាក​ក្នុង​ការរុករក​ថ្នាំបុរាណ​នៅក្នុង​ព្រៃ​ឆ្ងាយ​ជាង​មុន​ ព្រោះ​នៅ​ជិ​តៗ​ភូមិ ​ត្រូវ​បាន​គេ​កាប់ឆ្ការនិង​ឈូស​ឆាយ​យក​ដី​ដាំដំណាំ​ស្ទើរតែ​អស់ទៅហើយ។ 

ចុម​ បាន​ប្រាប់​ថា៖ «យើង​ត្រូវ​ចូលព្រៃ​ដើម្បី​ដើរទៅ​ឆ្ងាយ។ ឥ​លូ​វរ​កលែង​បាន​ហើយ​នៅ​ជិត​នោះ​ដោយសារ​ព្រៃ​គេ​ឈូស កាប់ព្រៃ​ គេ​ធ្វើចម្ការ ទាំង​ប្រជាពលរដ្ឋ​ ទាំង​ក្រុមហ៊ុន»។

អង្គុយ​ក្រោម​ដើមឈើ នៅ​ចំហៀង​ផ្ទះ លោក ហ្មង ប្រ​ទុង អត់​ចេះនិយាយ​ភាសាខ្មែរ​នោះ​ទេ ហើយ​លោក​មាន​បញ្ហា​ត្រចៀក​ទៀតផង។ កូនស្រី​របស់​លោក​អាយុ៣០ឆ្នាំ ជួយ​ប្រែជា​ភាសាខ្មែរ ដោយ​គាត់​ត្រូវ​និ​យាយ​ឮៗ​ រាល់ពេល​គាត់​ឆ្លើយសំណួរ​របស់​អ្នកសារព័ត៌មាន។

លោក ហ្មង ប្រ​ទុង អាយុ៦០ឆ្នាំ ជនជាតិ​គ្រឹង នៅ​ឃុំ​ប៉ូយ ស្រុក​អូរជុំ ចេះ​ផ្សំថ្នាំ​រាគ ឈឺក្បាល ឈឺ​ឆ្អឹង ក្រពះ ពោះវៀន ក្អក ផ្តាសាយ។ គាត់​ចេះ​ផ្សំថ្នាំ​និង​ដើររក​ថ្នាំ​តាំងពី​ជំនាន់​ខ្មែរក្រហម ​ដែល​លោក​មាន​តួនាទី​បេះ​និង​ផ្សំថ្នាំ។ បច្ចុ​ប្ប​ន លោក​នៅតែ​រក​ថ្នាំ​ ប៉ុន្តែ​ទុក​ប្រើប្រាស់​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ។

លោក​បាន​បញ្ជាក់​តាម​ការបកប្រែ​របស់​កូនស្រី​គាត់​ថា៖ «ពេល​ជំនាន់​ ប៉ុល​ ពត គេ​បញ្ជូន​ខ្ញុំ ត្រូវ​ទៅ​រកថ្នាំ រាល់ថ្ងៃ រាល់ដង។ ប៉ុន្តែ​ឥលូវ ខ្ញុំ​ពេល​ឈឺក្បាល​ ទៅ​រក​ថ្នាំ​ខ្លួនឯង បើ​អត់​ជាទេ ​ចាំ​ទៅ​រក​ថ្នាំ​មណ្ឌលសុខភាព។ ហើយ​គ្មាន​អ្នកណា​ដែល​មាន​បញ្ហា​ឬពុល​ទេ»។

លោក សយ សូ​ណា ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តរតនគិរី​ បាន​ប្រាប់​ថា ​រាល់​ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច មិនបាន​យក​ដី​សហគមន៍​ទេ​ក្នុង​ការ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ ហើយ​បាន​ធ្វើការវិភាគនិង​វាយតម្លៃ​ពី​ផល​ប៉ះពាល់​រួចហើយ។

លោក​បាន​បញ្ជាក់​ថា៖ «កាលណា​យើង​ផ្តល់​ដីសម្បទាន យើង​គិត​ពី​ព្រៃ​អភិរក្ស​គេ។ យើង​មាន​ព្រៃ​រក្សាទុក យើង​មាន​ព្រៃ​នៅក្នុង​ក្រុមហ៊ុន។ ហើយដោយ​ឡែក ​យើង​មាន​ព្រៃ​សហគមន៍ សម្រាប់​សហគមន៍​ផង​ដែរ។ យើង​បាន​សិក្សា​ផល​ប៉ះពាល់​អស់ហើយ។ ព្រៃ​ធម្មតា ​យើង​ឱ្យ»។

យ៉ាងណា​ក្តី​ លោក​ សូ​ណា ​បាន​បញ្ជាក់​ថា ខេត្តរតនគិរីពុំ​មាន​គម្រោង​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​នៅ​ថ្ងៃខាងមុខទៀត​ទេ​ ដោយសារ​គ្មាន​ដី​សម្រាប់​ផ្តល់ឱ្យបន្តទៀត។ លោក​បានឱ្យ​ដឹង​ថា ​ដី​ព្រៃ​សហគមន៍​មាន​ប្រមាណ​ជាង១០ម៉ឺន​ហិកតា​ដែល​ជា​របស់​សហគមន៍​ជាង២០។

លោក​បាន​ប្រាប់​ថា៖ «យើង​អត់មាន​ទេ អស់ហើយ អត់មាន​ព្រៃ​ឱ្យ​ទៀត​ទេ​ ហើយនៅសល់​តែព្រៃ​សហគមន៍​ទេ។ យើង​មាន​ព្រៃ​សហគមន៍​សម្រាប់​ការពារ​អភិរក្ស»។

លោក ថន ណា​រុន ប្រធាន​កា​រិយា​ល័​យក​សិ​ឧស្សាហកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តរតនគិរី បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ចំនួន២៧ លើ​ផ្ទៃដី១២៤ ៦៦៨ហិ​កតា ដោយក្រុម​ហ៊ុន​បាន​ដាំកៅស៊ូ ដូងប្រេង ​និង​ដំណាំ​ហូប​ផ្លែ។ 

ទាំង​អ្នករក​ឱសថ​បុរាណ​ ទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជនជាតិ​ដើម​ភាគតិច ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​ការបាត់បង់​ទាំងស្រុង​នូវ​ប្រភព​ឱសថ​បុរាណ​ដែល​មាននៅ​ក្នុង​ព្រៃ។ ពួក​គេ​បាន​ស្នើសុំ​ឱ្យ​មានការ​ការពារនិង​អភិរក្ស​ដើម្បី​ទុកជា​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ។ 

ប្រធាន​សមាគម​លើកកម្ពស់​សុខភាព​ជនជាតិ​ដើម​ភាគតិច លោក វាសនា ​យល់ឃើញ​ថា ​ការ​អភិរក្ស​និង​បន្ត​ការស្រាវជ្រាវ​លើ​ឱសថ​បុរាណ​ធម្មជាតិ ការ​ដាំ​រក្សា​ទីតាំង គួរ​ត្រូវ​បាន​យកចិត្ត​ទុកដាក់។ 

លោក​បញ្ជាក់ថា៖ «ទីមួយ ​រដ្ឋាភិបាល​គួរតែ​មានវិធានការ​ណាមួយ​ក្នុង​ការជំរុញលើកទឹកចិត្ត ស្រាវជ្រាវទីតាំង​ពិសោធន៍ ​យក​មក​ដាំ​ថែទាំ។ ជំរុញចំពោះ​អង្គការ​ មានការ​ស្រាវជ្រាវ​បង្កើត​ជា​កន្លែងលើ​ផ្នែក​ស្រាវជ្រាវ​លើ​ឱស​ថបុរាណ»។

ប្រធាន​សមាគម​ខ្មែរលើ លោកស្រី ដាំ ចន្ទី បាន​លើកឡើង​ថា៖ «ខ្ញុំ​មានការ​ព្រួយ​បា​រម្ភដែរ​ ខ្លាច​ផុតពូជ។ ហើយ​ការប្រើ​ថ្នាំបុរាណ មិនមែន​គេ​ចេះ​ដឹង​ទាំងអស់​ទេ។ អត់​បាន​ចែករំលែក។ បាយម៉ាត ​[រុក្ខជាតិ​] នេះ គាត់​ដាំទឹក​មុជ ជា​ស្បូន ឥ​លូ​វបាត់​ហើយ។ ដើរ​មួយថ្ងៃ​ អត់​ឃើញ​ទេ។មើមថ្នាំចិន​ ចង់​បាត់​ហើយ»។

យុវ​ជន ​ចុម ​បន្ថែមថា៖ «ខ្ញុំ​គិតថា​ វា​កាន់តែ​ពិបាកទៅ​ហើយ ​ទម្រាំដល់​ជំនាន់​ខ្ញុំ យើង​ត្រូវ​ទៅកាន់​តែ​ឆ្ងាយដោយសារ​ការ​ឈូស​ឆាយ ថ្នាំ​ខ្លះ​នៅ​លើ​ព្រៃភ្នំ ថ្នាំ​ខ្លះ​នៅ​លើ​វាលស្រែ។ […] ទម្រាំដល់​ជំនាន់​ខ្ញុំ ខ្ញុំ​មិនដឹង​ថា ​ខ្ញុំ​អាច​រក​វា​បានទេ មើម​និង​ដើមឈើ​ខ្លះ ​យើង​មិន​អាច​ដាំ​បានទេ អញ្ចឹង​ខ្ញុំ​អត់​ដឹង​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ