សមាគមកុមារកំព្រាក្នុងសង្កាត់ស្រះចករកដំណោះស្រាយបញ្ហាក្លិនសំរាម

បុរសម្នាក់ដើរក្បែរគំនរសំរាមក្បែរមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០។ ថត ដោយ ទូក ពិសិដ្ឋ

សមាគមជួយកុមារកំព្រាមួយស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រេចប្តូរទីតាំងបណ្តោះអាសន្នដោយសារទីចាក់សំរាមនៅក្បែរនោះមានក្លិន​ស្អុយខ្លាំង ហើយសមាគមកំពុងទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយ ដើម្បីបានវិលមកទីតាំងដើមវិញ។​

អ្នកទទួលបន្ទុកកិច្ចការទូទៅនៅសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រាកុមារក្រីក្រលោក ស៊ូ វណ្ណៈ បានឱ្យដឹងថាសមាគមមានទីស្នាក់ការក្នុងភូមិ២០ ខាងក្រោយមន្ទីពេទ្យកាល់ម៉ែត្រជិត២០ឆ្នាំមកហើយ។

លោកបញ្ជាក់ថា មូលហេតុដូរទីតាំងបន្ទាប់ពីមានគំនរសំរាមកាន់តែច្រើនឡើងៗកើតជាទឹកកខ្វក់ និងមានក្លិនស្អុយផងនោះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារកំព្រា និងអ្នកធ្វើការនៅទីនោះ។លោកថា​សមាគមសម្រចដូរទីតាំង កាលពីអំឡុងខែតុលាឆ្នាំ២០១៩កន្លងទៅ។

លោក ស៊ូ​​​​​ វណ្ណៈ បានរៀបរាប់ទៀតថាលោកធ្លាប់បានស្នើសុំការដោះស្រាយបញ្ហាសំរាមនេះពីអាជ្ញាធរពាក់ព័ន្ធ  ក៍ដូចជាបានដាក់លិខិតស្នើសុំការអន្តរាគមន៍ ពីអភិបាលរាជធានីលោក ឃួង ស្រេងម្តងរួចហើយកាលពី ខែឩសភាឆ្នាំ ២០១៩ប៉ុន្តែមិនមានដំណោះស្រាយនោះទេ។លោកបន្តរថា លោកនិងប្រជាពរដ្ឋនៅតំបន់នោះគ្រោងរួមគ្នាផ្តិតមេដៃសុំការអន្តរាគមន៍ពីសាលារាជធានីម្តងទៀតវិញ បើនៅតែមិនមានដំណោះស្រាយ។

លោក វណ្ណៈ៖«បើមិនមានដំណោះស្រាយទេ ពួកខ្ញុំទី១អត់រងចាំខាងឃុំសង្កាត់អីដោះស្រាយទេ ពួកខ្ញុំប្រមូលមេដៃខ្លួនឯង ខ្ញុំឡើងទៅលើខ្លួនឯង ឡើងទៅសាលាក្រុងតែម្ដង។បើមិនមានដំណោះស្រាយមានតែប្រមូលផ្តុំប្រជាពលរដ្ឋទៅតែម្តង។»

ចំណែកពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី សៅ យ៉ីនដែលមានផ្ទះនៅក្បែរគំនរសំរាមដែរនោះបានលើកឡើងថាអ្នកស្រីមិនគាំទ្រឱ្យមានសំរាមនៅតំបន់នេះទេ ព្រោះជាទីប្រជុំជនអ្នកស្រីថា​ខ្យល់បក់មកបាននាំក្លិនស្អុយសាយភាយមកកាន់ផ្ទះអ្នករស់នៅក្បែរនោះ។​

អ្នកស្រី  សៅ យ៉ីន ៖«ស្អុយណាស់ ស្អុយជាងលាមកទៀត ក្លិនឡើងចង់ឈឺទៅណាស់»

ទីតាំងស្តុកសំរាមនៅទីនោះមានប្រវែងបណ្តោយប្រមាណ ២០ម៉ែត្រនិងទទឹង១៥ម៉ែត្រ ដែលហ៊ុមព័ទ្ធជុំវិញដោយផ្ទះប្រជាពលរដ្ឋ មន្ទីរពេទ្យ និងតូបលក់ចំណីអាហារជាច្រើន។

កុមារកំព្រានៅក្នុងអង្គការ។ រូបផ្តល់ដោយអង្គការ
ទីតាំងអង្គការ។ រូបផ្តល់ដោយអង្គការ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តីបានលើកឡើងថាលោកមិនបានដឹងពីបញ្ហាគំនរសំរាមនេះទេប៉ុន្តែលោកបញ្ជាក់ថា លោកនឹងឱ្យក្រុមការងាររបស់លោកពិនិត្យបញ្ហានេះ។

លោក ម៉េត មាសភក្តី៖«ខ្ញុំនឹងបញ្ជូនបន្តរទៅកាន់អ្នកកាន់រឿងសំរាមហ្នឹងឱ្យគេត្រួតពិនិត្យមើល»។​

រីឯអភិបាលខណ្ឌដូនពេញ លោក សុខពេញវុធ បានឆ្លើយតបជុំវិញបញ្ហានេះថា សំរាមដែលនៅក្បែរមន្ទីរពេទ្យកាល់ម៉ែតនេះគឺជាទីតាំងស្តុកទុកសំរាមបណ្តោះអាសន្នប្រើប្រាស់ក្នុងករណីសំរាមកកស្ទះក្នុងខណ្ឌដូនពេញ។ លោកបន្ថែមថាគណៈអភិបាលខណ្ឌកំពុងតែរៀបចំផែនការដើម្បីដោះស្រាយទីតាំងស្តុកទុកសំរាមនេះហើយ។

លោក សុខពេញវុធ៖«ម្សិលមិញនេះខ្ញុំបានចាត់ចែងឱ្យក្រុមក្រុមការងារខណ្ឌជាមួយរាជធានីខណ្ឌចុះទៅពិនិត្យហើយរិះរកវិធានការដើម្បីបំបាត់ដេប៉ូ (កន្លែងស្តុកទុកសំរាម)ហ្នឹងចោល។ប៉ុន្តែនៅខណ្ឌដូនពេញយើងអត់មានដេប៉ូស្តុបបណ្តោះអាសន្នទេ។ដេប៉ូស្តុកបណ្តោះអាសន្នមានតែកន្លែងបឹងកក់ហ្នឹងទេ។ក្នុងករណីសំរាមកកស្ទះយើងពិបាករកកន្លែងដាក់ ប៉ុន្តែទោះបីយ៉ាងណាក៍ដោយយើងនឹងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកំរិតបឋម ហើយឈានដល់ការលុបបំបាត់ជាស្ថាពរ»

បើតាមអ្នកទទួលបន្ទុកកិច្ចការទូទៅនៅសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រាកុមារក្រីក្រ លោកស៊ូ វណ្ណៈបានឱ្យដឹងថាបច្ចុប្បន្នមានកុមារជាង១០នាក់កំពុងស្នាក់នៅផ្ទះរបស់គាត់បណ្តោះអាសន្នក្នុងបុរីមួយកន្លែង ដោយសមាគមទទួលយកកុមារកំព្រាចាប់ពីអាយុ៨ឆ្នាំ ដល់១៨ឆ្នាំ ។លោកបន្តរថាសមាគមបានបណ្តុះបណ្តាលពួកគេ ដោយផ្តោតទៅលើផ្នែកសិល្បៈ និងការអប់រំ ដោយបានបញ្ជូនឱ្យពួកគេចូលរៀននៅសាលាឯកជន និងសាលារដ្ឋ ដែលសមាគមបានទទួលជំនួយពី អង្គការមិនមែនរដ្ឋាភិបាល​ ស្ថាប័នរដ្ឋ និងសប្បុរសជននានា។

ទោះបីជាយ៉ាងណាក៏ដោយលោកស៊ូ វណ្ណៈបានលើកឡើងថា លោកនិងផ្លាស់ប្តូរសមាគមរបស់លោកមកទីតាំងដើមវិញបើគ្មានគំនរសំរាមដោយថាទីតាំងនេះងាយស្រួលរស់នៅសម្រាប់កុមារកំព្រា ព្រោះមានសាលារៀន មន្ទីរពេទ្យនៅក្បែរនោះ។

លោក វណ្ណៈនិយាយថា៖«គោលបំណងខ្ញុំចង់វិលត្រឡប់ទៅវិញណាស់ ព្រោះទីតាំងហ្នឹងវាអំណោយផលសម្រាប់ពួកខ្ញុំ។ទី១ ជិតទីតាំងសាលារៀន មន្ទីរពេទ្យ និយាយទៅគឺស្រួលមួយចប់វានៅជិតកណ្តាលក្រុង។ យើងងាយស្រូលរៀបចំការសម្តែង ព្រោះការងារយើងសិល្បៈទីតាំងល្អសម្រាប់ពួកខ្ញុំ ការរស់នៅគឹស្រួល មានមន្ទីរពេទ្យ សាលារៀនក្មេងៗអី គឺស្រួល»

យោងតាមរបាយការណ៍​របស់​ក្រសួង​បរិស្ថានបានបង្ហាញថា នៅ​កម្ពុជា​មាន​សំរាម​ជាង​១​ម៉ឺន​តោនក្នុង​មួយ​ថ្ងៃ ​ហើយ​រាជធានី​ភ្នំពេញ​ក្នុងមួយថ្ងៃមាន​សំរាម​ជិត​៣​ពាន់​តោន ដោយក្នុងនោះមាន២០ភាគរយជាប្លាស្ទិច។សរុបមកក្នុងមួយឆ្នាំបរិមាណសំរាមនៅកម្ពុជាមានប្រមាណជិត៤លានតោន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ