អូស្ត្រាលី​ ប្រកាស​​ផ្តល់​​ជំនួយ​​ថ្នាំ​​វ៉ាក់​​សាំង​​ដែល​​មាន​​ប្រសិទ្ធភាព​​សម្រាប់​​តំបន់​​អាស៊ី​​អាគ្នេយ៍​​

ក្រុមវេជ្ជបណ្ឌិតនិងអ្នកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍វ៉ាក់សាំងកូវីដ១៩ អំឡុងការរាតត្បាតសកលនៃកូវីដ១៩ នៅឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Australian Embassy, Cambodia)

រដ្ឋបាល​ប្រទេស​អូស្ត្រាលី ប្រកាស​ពី​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ ស្តី​ពី ការ​ទទួល​បាន​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​គម្រោង​សន្តិសុខ​សុខាភិបាល​ក្នុង​តំបន់ សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍និង​ប៉ាស៊ីហ្វិក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី០២ ខែ​វិ​ច្ឆិកា ឆ្នាំ២០២០ បាន​លើកឡើង​ថា គំនិត​ផ្តួចផ្តើម​ថ្មីដែល​មាន​ទឹកប្រាក់​ចំនួន៥០០លាន​ដុល្លារ​អូស្ត្រាលី​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​ធំធេងក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ថ្នាំ​វ៉ាក់សាំងក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ 

សេចក្តី​ប្រកាស​ព័ត៌មានបន្ត​ថា គម្រោង​នេះក៏​នឹង​រួមបញ្ចូល​ទាំង​លទ្ធកម្មនិង​ការ​ផ្ដល់​ជូន​កម្រិត​ថ្នាំ​វ៉ាក់សាំង ការវាយតម្លៃ​សុវត្ថិភាពនិង​ប្រសិទ្ធភាព​ថ្នាំ​វ៉ាក់សាំង និង​ការ​គាំទ្រ​បច្ចេកទេស​សម្រាប់​គោលនយោបាយនិង​ផែនការ​ការ​ចាក់ថ្នាំ​បង្ការ។

លោកស្រី​សមាជិកព្រឹទ្ធសភា Hon Marise Payne រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួងកិច្ចការនារី​អូស្ត្រាលី មានប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា សម្រាប់​ប្រទេស​ក្នុង​តំបន់ មិន​មាន​អាទិភាព​អ្វី​ខ្ពស់​ជាង​ការ​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩នោះ​ឡើយ។

លោកស្រីបន្ត​ថា៖ «ការ​ទទួល​បាន​វ៉ាក់សាំង​ទាន់ពេល​វេលានិង​ប្រកបដោយ​សុវត្ថិភាពនៅ​តំបន់​ប៉ាស៊ីហ្វិកនិង​អាស៊ី​អាគ្នេយ៍ នឹង​មានន័យថា យើង​ទាំងអស់​អាច​ត្រឡប់​មកកាន់​ភាព​ធម្មតាក្នុង​ការ​ធ្វើដំណើរ វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម ជាមួយ​ដៃគូ​សំ​ខាន់​ៗរបស់​យើង​នៅក្នុង​តំបន់»។

ឯកអគ្គ​រដ្ឋទូត​អូ​ស្តា្រលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​ថ្លែង​ថា នេះ​គឺជា​សេចក្ដីប្រកាស​ដ៏​សំខាន់​មួយដែល​ពង្រីក​ការចូលរួម​យ៉ាង​ជ្រៅ​រួច​ទៅ​ហើយរបស់​ប្រទេស​អូស្ត្រាលីក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​កិច្ចប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ធានា​ការ​ទទួល​បាន​ជាស​កលនៃ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ដែល​អនុញ្ញាត​ដោយ​អង្គការសុខភាព​ពិភពលោក។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នេះ បន្ថែម​ទៅលើ​ការ​ប្ដេជ្ញា​ចិត្ត ក្នុងទឹក​ប្រាក់៨០លាន​ដុល្លារ​អូស្ត្រាលី របស់​ប្រទេស​អូ​ស្តា្រលី តាមរយៈ​ការ​ប្ដេជ្ញា​ចិត្ត​ទីផ្សារ​នៃ​យន្តការ COVAX (COVAX Facility Advance Market Commitment​) ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ទទួល​បាន​ចំនួនកម្រិត​ថ្នាំ​វ៉ាក់សាំង អាច​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ក្រុម​មនុស្សដែល​មាន​ហានិភ័យ​ខ្ពស់​ជាងគេ។

សេចក្តី​ប្រកាស​ព័ត៌មានបន្ត​ទៀត​ថា ជំនួយ​គាំទ្រ​ស្ដីពី​វ៉ាក់សាំង​នេះ ក៏​ជា​ការ​បន្ថែម​ទៅលើ​ជំនួយ​អភិវឌ្ឍន៍​របស់​អូស្ត្រាលីដែល​កំពុងតែ​ដំណើរការ សម្រាប់​ការ​ឆ្លើយតបនិង​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ១៩ ខណៈ​អូស្ត្រាលី​ប្ដេជ្ញា​ចិត្ត​គាំទ្រ​កម្ពុជាក្នុង​ការ​ទទួល​បាន​ដោយ​ស្មើភាព​គ្នា​នូវ​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាពនិង​មានតម្លៃ​សមរម្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ