គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ្រោងកម្ទេចឱសថខុសច្បាប់ជិត៨តោននិងផលិតផលក្លែងក្លាយទូទៅចំនួន៥៣៣តោន នៅថ្ងៃព្រហស្បតិ៍នេះ នៅបរិវេណទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ឱសថខុសច្បាប់និងផលិតផលក្លែងក្លាយទូទៅសរុបចំនួន៥៤០,៧តោននេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃគណៈកម្មាធិការបង្ក្រាបនិងរឹបអូសបាននាពេលកន្លងមក។
សេចក្តីប្រកាសព័ត៌មានបន្តថា ការកម្ទេចចោលឱសថខុសច្បាប់និងផលិតផលក្លែងក្លាយទូទៅនេះ គឺអនុវត្តទៅតាមដីកាបង្គាប់របស់តុលាការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា នៅបរិវេណទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានដុតកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង១៣០តោន ខណៈអំឡុងខែកុម្ភៈ និងខែមីនា បានដុតបំផ្លាញចោលផលិតផលក្លែងក្លាយនិងទំនិញខូចគុណភាពប្រមាណ១១០តោន។
កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានកោតសរសើរចំពោះការបង្ក្រាបរបស់អាជ្ញាធរទទួលបន្ទុកប្រឆាំងទំនិញក្លែងក្លាយនេះ ប៉ុន្តែបានរិះគន់ថា ពួកគេបង្ក្រាបបានតែទំនិញ តែមិនឃើញមានការចាប់ខ្លួនអ្នកទទួលខុសត្រូវយកទៅផ្តន្ទាទោស។
លោកបន្តថា ទំនិញក្លែងក្លាយនិងខូចគុណភាពទាំងនោះ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ដែលអាចឈានដល់ការបាត់បង់ជីវិតនិងប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសផងដែរ។
លោក ស ខេង ក៏បានគូសបញ្ជាក់ដែរថា បើសិនចាប់មេខ្លោងប្រព្រឹត្តល្មើសមិនបាន នោះលោកនឹងមិនចូលរួមក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយលើកក្រោយទៀតទេ៕









