នាយករដ្ឋមន្ត្រី អំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ បន្តសកម្មភាពលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដោយផ្លាស់ប្តូររបៀបផលិត កែច្នៃ និងបរិភោគអាហារ ដើម្បីពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពឱ្យកាន់តែល្អប្រសើរប្រកបដោយនិរន្តរភាព។
ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងសារលិខិតអបអរទិវាជាតិអាហារូបត្ថម្ភ លើកទី៧ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសារលិខិត ចុះថ្ងៃទី២ ខែវិច្ឆិកា ថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប ជាកត្តាមិនអាចខ្វះបាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាតនិងអនាម័យ គាំពារសង្គម និងវិស័យពាក់ព័ន្ធ។
លោកបន្តថា ករណីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីជំនួយសង្គម យុទ្ធសាស្ត្រជាតិ និងរៀបចំគោលនយោបាយ រួមនឹងឯកសារគតិយុត្តិនានា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «របបអាហារមិនល្អនិងការធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់ ក៏ជាកត្តាហានិភ័យនៃបញ្ហាសុភាពសាធារណៈនិងធ្វើឱ្យបាត់បង់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺគ្រប់ប្រភេទ […] ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធ ផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម និងរបៀបបរិភោគអាហារនិងការរស់នៅ ដើម្បីពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពឱ្យកាន់តែរឹងមាំប្រកបដោយនិរន្តរភាព»។
លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប បន្តយកចិត្តទុកដាក់លើការធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់និងកែលម្អគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្ម និងចាប់យកឱកាសថ្មីៗសម្រាប់បង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្ម។
លោកក៏បានជំរុញឱ្យបន្តឆ្លើយតបជួយជនក្រីក្រនិងជនងាយរងគ្រោះ ឱ្យទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភប្រកបដោយសមធម៌ ពង្រឹងការដាក់ស្លាកសញ្ញាផលិតផលនិងព័ត៌មានអាហារូបត្ថម្ភ និងជំរុញការយល់ដឹងពីវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភដល់យុវជននិងសិស្សានុសិស្ស។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបរិភោគរបបអាហារសុខភាព ជាពិសេសបន្លែ ផ្លែឈើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយឱ្យបានរឹងមាំ និងត្រូវរៀបចំចម្អិននិងបរិភោគអាហារនៅកន្លែងដែលមានបរិស្ថានស្អាត ត្រូវពាក់ម៉ាស់និងលាងសម្អាតដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់នៅពេលកាន់ឬរៀបចំអាហារ»៕