តុលាការ​បង្គាប់​​ឱ្យ​​លោក​​ សម​ រង្ស៊ី​ និង​​អតីត​មន្ត្រី​​បក្ស​​ប្រឆាំង​​ជិត​៦០​នាក់​ចូល​​សវនាការ​

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ម៉ែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក Mu Sochua

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញដីកាកោះ​ឱ្យ​លោក ​សម រង្ស៊ី មេដឹកនាំ និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ប្រមាណ៦០នាក់​ទៀត ឱ្យចូលរួម​សវនាការនៅ​ថ្ងៃទី២៦ ខែវិច្ឆិកា​នេះ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង «រួមគំនិតក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍»។

ដីកាកោះ​របស់​តុលាការ ត្រូវ​បាន​ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍​ទោ ប៊ុត សុ​សិខា និង​មន្ត្រី​មូលដ្ឋាន​ជាច្រើន​នាក់ យក​ទៅ​បិទប្រកាស​ជា​សាធារណៈនៅ​អតីត​ស្នាក់​ការ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

យោង​តាម​ដីកាកោះ​ឱ្យ​ចូលខ្លួនរបស់​លោក​ព្រះរាជអាជ្ញា​រង សេង ហៀង បាន​បង្គាប់​ឱ្យ​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង ចូលខ្លួន​ទៅកាន់​សាលាដំបូង​រា​ជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាកំហិត ដើម្បី​ចូលរួម​សវនា​ការពាក់ព័ន្ធ​នឹង​បទ​ចោទ «រួម​គំនិ​តក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ខែមករា និង​ខែមិថុនា ឆ្នាំ២០១៩ តាម​បញ្ញត្តិ​មាត្រា៤៥៣ មាត្រា៤៩៤ និង​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ដីកាកោះ​ដូចគ្នា​នេះ ព្រះរាជអាជ្ញា​រង លោក សេង ហៀង ក៏បាន​កោះ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជិត៦០នាក់​ទៀត ឱ្យ​ចូលរួម​សវនា​ការនៅ​ថ្ងៃទី២៦ ខែវិច្ឆិកា​នេះ​ផង​ដែរ ក្នុង​នោះ​មាន លោកស្រី មួរ សុខ​ហួរ លោក​ អេង ឆៃ​អ៊ា​ង លោក​ តុ វ៉ាន់​ចាន់ លោក ហូរ វ៉ាន់ លោក​ អ៊ូ ច័ន្ទ​ឬទ្ធិ លោ​ក ឡុង រី លោ​ក ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ លោក ​អ៊ុំ សំ​អាន លោ​ក ម៉ោញ សារ៉ា​ត់ លោក​ លី រតន​រស្មី លោក ​អ៊ី​សា ឧស្មាន និង​លោក ឡោ ជូន​ធី ជាដើម។

បើ​តាម​ដីកាកោះ​ឱ្យ​ចូលខ្លួនសវនាការ​បទល្មើស​ឧក្រិដ្ឋ លើ​បទ​ចោទ «រួមគំនិតក្បត់» និង «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍» នេះ មាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក រស់ ពិសិដ្ឋ និង​ចៅក្រម​ប្រឹក្សា លោក កើត សាំង និង​លោក អ៊ឹម វណ្ណ​: និង​លោក សេង ហៀង ជា​តំណាង​អយ្យការ។

កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង សេង ហៀង ក៏បាន​ចេញដីកាកោះដាច់ដោយឡែក​មួយទៀត បង្គាប់​ឱ្យមេដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន៩រូប ឱ្យ​ចូលខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា​ម៉ោង៨ព្រឹក ជាកំហិត ដើម្បី​ឆ្លើយ​ដោះ​សារ​ពី​ការចោទប្រកាន់លើ​សំណុំរឿង «ឧបឃាត» ឬ «ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ»។

អតីត​មេដឹកនាំនិង​សមាជិក​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ទាំង៩រូប​នោះ រួមមាន លោក សម រង្ស៊ី​, លោកស្រី ជូ​ឡុង សូ​មូរ៉ា​ (ភរិយា​លោក សម រង្ស៊ី​), លោក ​អេង ឆៃ​អ៊ា​ង, លោកស្រី មួរ សុខ​ហួរ​, លោក អ៊ូ ចាន់​ឬទ្ធិ​, លោក​ ហូរ វ៉ាន់​, លោ​ក ឡុង រី​, លោ​ក ម៉ែ​ន សុ​ថា​វរិ​ន្រ្ទ និង​លោក នុត រំដួល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ