ភ្នាក់ងារ​​កាសែត​​ម្នាក់​​នៅ​​ខេត្ត​បាត់ដំបង​​បារម្ភ​​ពី​​សុវត្ថិ​ភាព​​ក្រោយ​ពី​​កូន​ប្រុស​​អធិការ​រង​​ក្រុង​​គំរាម​​សម្លាប់​

ភ្នាក់ងារ​ព័ត៌មាន​របស់​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្តបាត់ដំបង លោក ឆោម ពិសម័យ។ (ហ្វេសប៊ុក៖ Chhom Pisamay)

​ភ្នាក់ងារ​ព័ត៌មាន​របស់​កាសែត​ក្នុង​ស្រុក​មួយ​ប្រចាំ​ខេត្តបាត់ដំបង បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយពី​កូនប្រុស​របស់​អធិការរង​ប្រចាំ​ខេត្ត​នេះ គំរាម​បាញ់សម្លាប់​គាត់​ពាក់ព័ន្ធ​រឿង​ចុះផ្សាយ​ពីជ​ម្លោះ​ក្នុង​គ្រួសារ​របស់​គេ​កាលពី​ចុងខែ​មុន។

ភ្នាក់ងារ​ព័ត៌មាន​របស់​កាសែត​កោះសន្តិភាព​ប្រចាំ​ខេត្តបាត់ដំបង លោក ឆោម ពិសម័យ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា កាលពី​ចុងខែ​តុលា​កន្លងមក​នេះ រូប​គាត់​បាន​ចុះផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​រឿង​របស់​លោក កាយ វណ្ណ​ធី អធិការរង​ក្រុង​បាត់ដំបង ដែល​គំរាម​សម្លាប់​អតីត​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ សុខ សោភ័ណ្ឌ ក្រោយពី​ស្វាមី​សុំ​ជា​សះ​គ្នា​វិញ ប៉ុន្តែខាង​អតីត​ភរិយា​មិនព្រម។

លោក ពិសម័យ បន្ត​ថា យុវជន​ម្នាក់​ដែល​លោក​ស្គាល់​ត្រឹម​ឈ្មោះ រ៉ូ បាន​ស្រែក​គំរាម​សម្លាប់​រូបលោក​នៅក្នុង​វី​អូ​ដេ​ដែល​ម្ដាយ​របស់​យុវជន​រូប​នេះ​បាន​ផ្សាយ​លក់​ផលិតផល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

អ្នកកាសែត​រូប​នេះ អះអាង​ថា យុវជន​ឈ្មោះ រ៉ូ គឺជា​កូនប្រុស​របស់​អធិការរង​នគរបាល​ក្រុង​បាត់ដំបង លោក កាយ វណ្ណ​ធី ហើយ​លោក​ថា ករណីនេះ ធ្វើឱ្យ​រូប​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព បើសិនជា​សមត្ថ​កិច្ចមិន​ចាប់​ជន​នោះ​មក​ផ្តន្ទា​ទោស​តាមច្បាប់។

លោក ឆោម ពិសម័យ ប្រាប់​ថា៖ «ខ្ញុំ​សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាត់ការ ហើយ​ប្រសិនជា​មិន​ចាត់ការ​ជា​រឿង​របស់​សមត្ថកិច្ច​ទេ។ សម្រាប់​ខ្ញុំ នៅតែ​មានការ​ព្រួយបារម្ភ ព្រោះ​ការ​គំរាមកំហែង​បំបែកបំបាក់ យើង​មើល​មិនឃើញ​ផង ព្រោះ​បុគ្គល​នោះ យើង​មិនទាន់​ច្បាស់​ថាឈ្មោះ រ៉ូ ព្រោះ​ខ្ញុំ​អត់​ស្គាល់​ដែរ គ្រាន់តែ​ដឹង​តាម​ម្តាយ​ដែល​ហៅថា ឈ្មោះ រ៉ូ»។

អ្នកស្រី សុខ សោភ័ណ្ឌ បាន​ទទួលស្គាល់​ថា អ្នកស្រី​គឺជា​ម្តាយ​របស់​យុវជន​ឈ្មោះ រ៉ូ អាយុ​ជាង​២០ឆ្នាំ ហើយក៏​បាន​ទទួលស្គាល់​ផង​ដែរ​ថា កូនប្រុស​របស់​អ្នកស្រី​បាន​និយាយគំរាម​កំហែង​ទៅលើ​អ្នកកាសែត​រូប​នេះ​មែន។ ប៉ុន្តែអ្នកស្រី​ថា កូន​របស់​គាត់​មិន​ធ្វើ​ដូច​អ្វី​ដែល​គាត់​បាន​និយាយគំរាម​កំហែង​នោះ​ទេ ដោយសារ​រូប​គាត់​នៅក្មេង ហើយ​ពេល​ខឹង​តែងតែ​រករឿង​អ្នកផ្ទះ ជេរប្រមាថ និង​គំរាមកំហែង​ក្នុង​គ្រួសារ​ទៀតផង។

ទោះជាយ៉ាងណា អ្នកស្រី​បន្ត​ថា គាត់​នឹង​ទៅ​ជួប​សមត្ថកិច្ច​នៅ​ក្រុង​បាត់ដំបង ដើម្បី​រក​វិធី​ជួយ​សម្របសម្រួល​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​រូប​គាត់និង​ភ្នាក់ងារ​កាសែត​កោះសន្តិភាព។

វី​អូ​ឌី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​ខេត្តបាត់ដំបង លោក គឹម សាន និង​អធិការរង​ក្រុង​បាត់ដំបង លោក កាយ វណ្ណ​ធី បានទេ​នៅ​ថ្ងៃនេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ​នេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្សាយ​ថា បាន​ចាត់​មន្ត្រី​កាន់​ផែន​ជំនាញ ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​ចាត់វិធានការ​ច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្តផង​ដែរ។

មន្ត្រី​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចំា​ខេត្តបាត់ដំបង លោក យិន ម៉េ​ងលី បាន​ឱ្យដឹង​ថា អាជ្ញាធរ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​រក​អ្នក​គំរាម​នោះ ចាត់វិធានការ​ច្បាប់ ដើម្បី​ជា​គំរូ​ល្អ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។

លោក យិន ម៉េ​ងលី និយាយ​ថា៖ «ខ្ញុំ​ចង់ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​យក​អ្នក​ដែល​ប្រព្រឹត្ត​មក​ផ្តន្ទា​ទោស ដើម្បី​ជា​ឧទារ​ណ៍​បង្ហាញ​អ្នកដទៃ​ទៀត កុំឱ្យ​ធ្វើអ្វី​តាមតែ​អំពើ​ចិត្ត ព្រោះ​ប្រទេស​យើង​មានច្បាប់ ដើម្បី​លើកតម្កើង​អ្នកសារព័ត៌មាន ហើយ​ឱ្យ​អ្នកសារព័ត៌មាន​គាត់​ប្រកប​វិជ្ជាជីវៈ​ក្នុងនាម​ជា​អ្នកសារព័ត៌មាន រួចផុត​ពី​ការភ័យខ្លាច​ទាំងឡាយ»។

ក្នុង​សារលិខិត​ចេញ​នៅ​ចំ​ទិវា​សេរីភាព​សារព័ត៌មាន​សកល​ ថ្ងៃទី៣ ខែឧសភា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​គាំទ្រ​របស់​លោក​ចំពោះ​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិនិង​សេរីភាព​ខាង​សារព័ត៌មាន ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញនិង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​វាយតម្លៃ​ថា បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​មកដល់​ចំណាត់ថ្នាក់១៤៣ នៅ​ឆ្នាំ២០១៩ បន្ទាប់ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​នៅ​ចុងឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ