ក.ជ.ក ស្នើ​​អាជ្ញាធរ​​ចាត់​វិធាន​ការ​​លើ​​ជន​​សម្លាប់​​ទារក​​រួច​​បោះ​ចោល​​តាម​​ទី​​សាធារណៈ

កេស​ក្រដាស​ដែល​ដាក់​ទារក​ចោល ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ព្រឹក​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅ​ចំនុច​លើ​ចិញ្ចើម​ផ្លូវ​ជាប់​របង​វិ​ឡា​ល័យ ហ៊ុន សែន ប៊ុ​ន រ៉ា​នី វត្តភ្នំ ផ្លូវ​លេខ៧៤ ភូមិ​ទី១៥ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ (អគ្គ​ស្នង​កកា​រន​គរ​បាល​ជាតិ​)

​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (ក.ជ.ក​) អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ននិង​ស្ថាប័ន​តុលាការ មាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនល្មើសដែល​ប្រព្រឹត្ត​អំពើឃោរឃៅអមនុស្សធម៌​ទៅលើ​ទារក បណ្តាល​ឱ្យ​ស្លាប់ រួច​យក​ទៅ​បោះចោល​តាម​ទី​សាធារណៈ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ ចុះ​ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ទារក​នៅក្នុង​កេស​ក្រដាស នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាប់​របង​វិទ្យាល័យ ​ហ៊ុន សែន ប៊ុ​នរ៉ា​នី វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ករណីនេះ សមត្ថកិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្តនិង​ចាត់វិធានការ​តាម​នីតិវិធី។

ក.ជ.ក ចាត់ទុក​ករណីនេះថា​ជា​អំពើ​ដ៏​សាហាវ ឃោរឃៅ និង​បាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ ជាពិសេសសិទ្ធិ​រស់​រាន​មានជីវិត ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ននិង​មាន​ក្នុង​រដ្ឋធម្មនុញ្ញ​ជាធរមាន។

ក.ជ.ក បញ្ជាក់​ថា៖ «សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ដោយ​មិន​អាច​ទទួលយក​បាន​ឡើយ ចំពោះ​ការប្រព្រឹត្ត​អំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ ទៅលើ​ទារក​ដែល​មាន​អាយុប្រមាណ​ក្រោម២សប្តាហ៍ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់ជីវិត​រួច​យក​ទៅ​ដាក់​ក្នុង​កេស​ក្រដាស»។

ករណីនេះ ក.ជ.ក ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ ជាពិសេសស្ថាប័ន​តុលាការ យកចិត្ត​ទុកដាក់និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹង​រ៉ឹង​បំផុតចំពោះ​ជនល្មើស ដើម្បី​កុំឱ្យ​អំពើ​ដ៏​អាក្រក់​នេះកើតមាន​ក្នុង​សង្គមជាតិ​បន្ត​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ