សាលាដំបូងខេត្តកោះកុង កោះហៅពលរដ្ឋ៥នាក់ជាតំណាងឱ្យពលរដ្ឋ១៩៧គ្រួសារ កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អាលគ្រីខាល់ឈ័រគ្រុប នៅក្នុងស្រុកស្រែអំបិល ទៅចូលបំភ្លឺជាលើកទី៥ ក្រោយពួកគេបានសុំពន្យារពេលចូលបំភ្លឺជាបន្តបន្ទាប់កន្លងមក។
ក្នុងដីកាបង្គាប់ឱ្យចូលខ្លួនជាលើកទី៥ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ និងត្រូវបានសមត្ថកិច្ចយកទៅជូនពលរដ្ឋទាំងនោះកាលពីថ្ងៃម្សិលមិញនោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង លោក ឡោ ក្រឹម បានបង្គាប់ឱ្យតំណាងពលរដ្ឋមានជម្លោះដីធ្លីចំនួន៥នាក់ ចូលបំភ្លឺនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ទៅតាមបណ្តឹងរបស់លោកឧកញ៉ា ហេង ហ៊ុយ ប្រធានក្រុមហ៊ុន ដែលចោទពលរដ្ឋទាំងនោះពីបទ «បរិហារកេរិ៍្តជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
តំណាងពលរដ្ឋ៥នាក់ដែលតុលាការបង្គាប់ឱ្យចូលខ្លួនទៅបំភ្លឺនោះ រួមមាន អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក ពួ ហ៊ួន និងឈ្មោះ អើប វី ខណៈតំណាងពលរដ្ឋ៥នាក់ផ្សេងទៀតដែលរងបណ្តឹងរបស់លោក ហេង ហ៊ុយ ដែរនោះ មិនទាន់ត្រូវបានកោះហៅជាថ្មី។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក ពលរដ្ឋ១៩៧គ្រួសារ រស់នៅឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានឡើងមកតវ៉ានៅភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយពួកគាត់បានចោទក្រុមហ៊ុន ហេង ហ៊ុយ ថាបានរំលោភយកដីតាំងពីឆ្នាំ២០០៧។
ប៉ុន្តែជម្លោះដីធ្លីនេះ ត្រូវបានក្រសួងរៀបចំដែនដីបដិសេធមិនដោះស្រាយឱ្យពលរដ្ឋទាំងនោះជាច្រើនដងហើយ ដោយថា ករណីនេះបានដោះស្រាយរួចហើយ និងបានស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលក្រសួងថា បានញុះញង់ឱ្យពលរដ្ឋ១៩៧គ្រួសារនោះឡើងមកតវ៉ាទៀតផង៕