លទ្ធផល​​បណ្ដោះ​អាសន្ន​៖​ លោក​ បៃ​ដិន​ កំពុង​​នាំ​មុខ​​លោក​ ត្រាំ​ សម្រាប់​​តំណែង​​ប្រធានា​ធិបតី

បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន និង​លោក ដូ​ណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ Joe Biden និង Donald J. Trump​)

​បន្ទាប់ពី​ដំណើរការ​បោះឆ្នោត​បិទ​បញ្ចប់​នៅ​ត្រឹម​ល្ងាច​ថ្ងៃទី៣ ខែវិច្ឆិកា ​នៅ​ឯស​ហរ​ដ្ឋ​អាមេរិក​ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃពុធ​នៅ​ប្រទេស​កម្ពុជា​នោះ លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​បាន​ចេញ​មក​បណ្ដើរ​ៗ បន្ទាប់ពី​ការរាប់​សន្លឹកឆ្នោត​នៅ​តាម​រដ្ឋ​មួយចំនួន​ស្ថិតនៅ​ភាគ​ខាងកើតនិង​ភាគ​ឦសាន​សហរដ្ឋអាមេរិក។

លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​បណ្ដោះអាសន្ន បង្ហាញថា បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន កំពុង​នាំមុខ​បេក្ខជន​ប្រធានាធិបតី លោក ដូ​ណាល់ ត្រាំ ដែល​កំពុង​កាន់អំណាច​នា​ពេល​បច្ចុប្បន្ន។

លទ្ធផល​ផ្សាយបន្តផ្ទាល់​ដោយ​ទីភ្នាក់ងារព័ត៌មាន AP របស់​អាមេរិក បង្ហាញថា លោក ចូ បៃ​ដិន អតីត​អនុ​ប្រធានាធិបតី​នៅ​ក្រោម​រដ្ឋបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​នាំមុខ​លោក ដូ​ណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ។

គិត​ត្រឹម​ម៉ោង៩ព្រឹក​នេះ លោក បៃ​ដិន កំពុង​នាំមុខ​ជាមួយ​សំឡេង​គាំទ្រ​ពី​ប្រតិភូ ១១៩ នៅ​តាម​បណ្ដា​រដ្ឋ​នានា ខណៈ​លោក ត្រាំ វិញ​កំពុង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រតិភូ ៩១។

ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក បេក្ខជន​ម្នា​ក់ៗ​តម្រូវឱ្យស្វែងរក​សំឡេង​គាំទ្រ​ពី​ប្រតិភូ​យ៉ាងតិច​បំផុត ២៧០ ឬស្មើនឹង ៥០ភាគរយ​បូក១ នៅក្នុងចំណោម​សំឡេង​គាំទ្រ​ពី​ប្រតិភូ​សរុប ៥៣៨។

បើ​គិត​ពី​សំឡេង​បោះឆ្នោត​ពលរដ្ឋ​អាមេរិក​វិញ លោក បៃ​ដិន ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​ជា​បណ្ដោះអាសន្ន​ជាង២១លាន​សំឡេង ឬស្មើនឹង​ខ្ទង់៤៨ភាគរយ ខណៈ​លោក ត្រាំ ទទួល​បាន​សន្លឹកឆ្នោត​ជាង២២លាន ឬស្មើនឹង៥០,៧ភាគរយ នៅ​ត្រឹម​ម៉ោង៩ព្រឹក​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ