លោក​ បៃ​ដិន​ និង​​លោក​ ត្រាំ​ បន្ត​​ដេញ​​គ្នា​​ប្រកៀក​ប្រកិត​​ឆ្ពោះ​ទៅ​​រក​ការ​​​ដឹក​នាំ​​សេត​វិមាន​

លោក ដូ​ណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ និង​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ Joe Biden និង Donald J. Trump​)

​គិត​មកដល់​ត្រឹម​ម៉ោង២រសៀល​ថ្ងៃនេះ លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក បង្ហាញថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ លោក ចូ បៃ​ដិន និង​លោក​ប្រធានាធិបតី ដូ​ណាល់ ត្រាំ នៅតែ​មិន​អាច​សម្រេច​ថា នរណាឈ្នះ​ដាច់​នៅឡើយ​ទេ ហើយ​ផ្ទុយទៅវិញ លទ្ធផល​កាន់តែ​ប្រកៀកប្រកិត​គ្នា។

ទីភ្នាក់ងារព័ត៌មាន​អាមេរិក AP ដែល​បាន​ផ្សាយបន្តផ្ទាល់​អំពី​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត បាន​រាយការណ៍​ថា បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន កំពុង​នាំមុខ​លោក ដូ​ណាល់ ត្រាំ ដោយ​សំឡេង​គាំទ្រ​ខុសគ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។

បើ​តាម AP លោក បៃ​ដិន កំពុង​ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ ២២៤សំឡេង ខណៈ​លោក ត្រាំ កំពុង​ដេញ​តាម​ពីក្រោយ​ដោយ​សន្លឹកឆ្នោត​គាំទ្រ ២១៣សំឡេង។

លទ្ធផល​នៅ​ព្រឹក​ថ្ងៃនេះ បង្ហាញថា លោក បៃ​ដិន នាំមុខ​យ៉ាង​ឆ្ងាយ​ពី​លោក ត្រាំ ប៉ុន្តែសំឡេង​គាំទ្រ​លោក ត្រាំ បាន​ប្រែប្រួល​ខ្លាំង​នៅ​ត្រឹម​រសៀល​ថ្ងៃនេះ ដោយ​បាន​ហក់​ឡើង​ពី​ចំនួន ៧៤ នៅមុន​ម៉ោង១២ថ្ងៃត្រង់ មកដល់​ចំនួន ២១៣ នៅ​ត្រឹម​ម៉ោង២រសៀល​ថ្ងៃនេះ។

លោក ត្រាំ ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រតិភូ​បោះឆ្នោត​នៅ​តាម​រដ្ឋ​ចំនួន ២៣ ខណៈ​លោក បៃ​ដិន ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រតិភូ​បោះឆ្នោត​នៅ​តាម​រដ្ឋ​ចំនួន ២០ ជាពិសេស​ឈ្នះ​ដាច់​នៅ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា ដែល​មាន​ប្រតិភូ​បោះឆ្នោត​ដល់ទៅ ៥៥សំឡេង ច្រើន​ជាងគេបង្អស់បើ​ធៀប​នឹង​រដ្ឋ​ផ្សេងទៀត។

ខណៈ​ដែល​រដ្ឋ​ចំនួន៣ទៀត ត្រូវ​បាន​គេ​ព្យាករ​ថា លោក បៃ​ដិន នឹង​ឈ្នះ​នោះ លោក ត្រាំ វិញ ត្រូវ​បាន​គេ​វាយតម្លៃ​ថា នឹង​ឈ្នះ​នៅ​រដ្ឋ​យ៉ាងហោចណាស់៥ទៀត។

បើ​គិត​អំពី​ចំនួន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​វិញ លោក បៃ​ដិន ទទួល​បានការ​គាំទ្រ​ជាង៦៥លាន​សំឡេង ឬស្មើនឹង​ខ្ទង់៥០ភាគរយ​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ខណៈ​លោក ត្រាំ វិញ ទទួល​បានការ​គាំទ្រ​ជិត៦៤​លាន​សំឡេង​តែប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ