មន្ត្រី​​បរិស្ថាន​៖ ៩​ខែ​​នេះ​ ទេស​ចរណ៍​​នៅ​​តំបន់​ការពារ​ធម្មជាតិ​​ផ្ដល់​​ចំណូល​​ជាង​២៥​លាន​​ដុល្លារ​​ដល់​​សេដ្ឋកិច្ច​​មូលដ្ឋាន​

តំបន់ការពារធម្មជាតិមួយនៅក្នុងខេត្តកោះកុង។ (ហេង វិចិត្រ/ ១៩ ធ្នូ ២០១៩)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ ចំណូល​បាន​មក​ពី​ការ​ផ្តល់​សេវា​ទេសចរណ៍​ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ​ចំនួន១២កន្លែង​ក្នុង​ខេត្ត​ចំនួន៨ ទទួល បានប្រមាណ២៥,២១លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ចំណូល​នេះ​បាន​ជួយ​ដល់​សេដ្ឋកិច្ច​សហគមន៍​នៅ​តំបន់​ការពារ។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍​នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ថា ទេសចរណ៍​ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ បាន​និង​កំពុង​នាំ​យក​នូវ​ចំណូល​ថវិកា​រាប់​លាន​ដុល្លារ​អាមេរិក ចាក់​ចូលក្នុង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន និង​ចូលរួម​ចំណែក បណ្តុះ​ស្មារតី​ពលរដ្ឋនិង​អ្នកទេសចរឱ្យ​ស្រឡាញ់ និង​ការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ​ផង​ដែរ។ 

លោក​បន្ត​ថា ជាក់ស្តែង ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ មាន​ភ្ញៀវ​ទេសចរ​ជាតិនិង​អន្តរជាតិ​ចំនួន​៥៣៦ ៥៤៥នាក់ បាន​ទៅ​ទេសចរណ៍​នៅ​តំបន់​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ចំនួន១២កន្លែង ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ក្នុង​នោះបាន​ផ្តល់​ចំណូល​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​ចំនួន២២កន្លែង ដែល​ប៉ាន់ស្មានជា​ទឹកប្រាក់​ប្រមាណ២៥,២១លាន​ដុល្លារ។

លោក​បន្ត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់ការពារធម្មជាតិ​នៅ​ឆ្នាំនេះ មានការ​កើនឡើង​ជាង​ឆ្នាំ២០១៨និង២០១៩ ដោយ​ក្នុង​ឆ្នាំ២០១៨ មាន​ភ្ញៀវ​ទេសចរ​សរុបចំនួន៣៤៣ ៨៥២នាក់ ហើយ​ទទួល​ចំណូល​បាន១៦,១៦លាន​ដុល្លារ និង​នៅ​ឆ្នាំ២០១៩ បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន៤០២ ២៩៣នាក់ ទទួល​បាន​ចំណូល​ប្រមាណ១៨,៩០លាន​ដុល្លារ។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ថា៖ «អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ គឺជា​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ដើម្បី​បង្កើន​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន បង្កើត​ជម្រើស​ថ្មី​ មុខរបរ​ថ្មី​ ជូន​ប្រជា​សហគមន៍ ដើម្បី​កាត់​ផ្តាច់​ការ​ប្រកបរបរ​ប្រពៃណី​របស់​ពលរដ្ឋ ចូលព្រៃ​កាប់​ឈើ និង​ចូលព្រៃ​បរបាញ់​សត្វ និង​ការ​ចាញ់ល្បិច​កល​ ការ​ញុះញង់​របស់​ក្រុម​ជនខិលខូច​មួយចំនួន ចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់»។ 

លោក នេត្រ ភក្ត្រា បាន​បន្ថែម​ថា រាជរដ្ឋាភិបាលមាន​គោលនយោបាយ​ប្រែក្លាយ​ទីតាំង​មួយចំនួន ក្នុង​តំបន់ការពារធម្មជាតិ​ខ្លះ​ដែល​មាន​សក្តា​នុ​ពល​ទេសចរណ៍ ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​សម្រាប់​សហគមន៍​មូលដ្ឋាន ចូលរួម​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាតិ ហើយ​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​អភិរក្ស​ធនធាន​ធម្មជាតិនិង​ជីវ​ចម្រុះ។ 

ដើម្បី​ប្រសិទ្ធភាពនិង​ពង្រឹង​វិធានការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ រួមមាន ព្រៃឈើ សត្វព្រៃ និង​ជីវ​ចម្រុះ​ផ្សេងទៀត​ឱ្យ​បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខ លោក ​នេត្រ ភក្ត្រា បញ្ជាក់​ថា ក្រសួងចាំបាច់​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រនិង​ដំណោះស្រាយ​សមស្រប គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងនិង​ជុំវិញ​តំបន់ការពារធម្មជាតិ មាន​ជីវភាព​ល្អ​ប្រសើរ ទទួល​បានការ​អប់រំ​បណ្តុះបណ្តាល មានចំណេះ​ដឹង និង​ចូលរួម​ទទួលខុសត្រូវ​លើ​ការងារ​ការពារ​និង​អភិរក្ស ហើយ​ទទួល​បានផល​ប្រយោជន៍​ពី​កិច្ចការ​អភិរក្ស​នេះ។ 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ សហគមន៍​ទេសចរណ៍​ធម្មជាតិ​ទាំង២២កន្លែង​នោះ គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ៣៥ ០០៣ហិ​កតា ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន១២ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន៨ រួមមាន រតនគិរី កំ​ពង់​ស្ពឺ កោះកុង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កំពត និង​កំពង់ឆ្នាំង។ 

លោកក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ធម្មជាតិ​ទាំងនោះ ចូលរួម​រក្សា​អនាម័យ​បរិស្ថាននិង​ចៀសវាង​ការ​បោះ​សំណល់ពាសវាលពាសកាល ដែល​ធ្វើ​ឱ្យ​ខូច​សោភ័ណភាពនិង​ទេសភាព​ដ៏​ល្អ​ស្អាត​នៃ​តំបន់​ទេសចរណ៍​ធម្មជាតិ​ទាំងនោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ