មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកដែលប្រាស្រ័យទាក់ទងនិងជាប់ពាក់ព័ន្ធជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី បានធ្វើតេស្តជាបន្តបន្ទាប់នៅថ្ងៃនេះ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាទៅបន្តដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសថៃកាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃដដែល។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា បច្ចុប្បន្ន អ្នកដែលប្រាស្រ័យទាក់ទងនិងជាប់ពាក់ព័ន្ធក្នុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកា បានមកធ្វើតេស្តជាបន្តបន្ទាប់ ខណៈមនុស្សចំនួន៦២៨នាក់ត្រូវបានយកសំណាកទៅធ្វើតេស្តនោះ លទ្ធផលបង្ហាញថា ពួកគាត់អវិជ្ជមានកូវីដ១៩ទាំងអស់។
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «នៅ! អត់ទាន់អស់ទេ នៅមានធ្វើជាបន្តបន្ទាប់ទៀត! អត់ទាន់ដឹងចំនួនប៉ុន្មានទេ ចាំមើលគេធ្វើតេស្តសិន ទើបអាចដឹងបាន»។
អ្នកស្រី ឱ វណ្ណឌីន បន្តថា ទោះបីជាលទ្ធផលបង្ហាញថា ពួកគាត់អវិជ្ជមានកូវីដ១៩ក៏ដោយ ប៉ុន្តែពួកគាត់ទាំងអស់គ្នាត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន ដើម្បីបញ្ចៀសការចម្លងទៅអ្នកដទៃទៀត ដោយសារជំងឺនេះមិនទាន់អាចធ្វើតេស្តរកឃើញភ្លាមៗនោះទេ។
អ្នកស្រី វណ្ណឌីន បញ្ជាក់ថា ចំពោះសារព័ត៌មាននិងមន្រ្តីដែលមិនបានអនុវត្តទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលនោះ ជារឿងបុគ្គល។
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ថា៖ «ក្រសួងតែងតែធ្វើការណែនាំ ត្រូវតែពាក់ម៉ាស់ ត្រូវតែលាងដៃ ត្រូវតែនៅគម្លាតសុវត្ថិភាពពីគ្នាទៅវិញទៅមក ហើយយើងត្រូវរួមគ្នាអនុវត្តត្រង់ចំណុចហ្នឹង។ ខ្ញុំតែងតែបញ្ជាក់ទៅបងប្អូនយើងទាំងអស់គ្នា មិនថាកម្រិតណាៗទេ គឺទាំងអស់គ្នា ត្រូវតែចូលរួមអនុវត្តវិធានការការពារខ្លួននេះ។ បើការពារទៅ យើងអាចចៀសផុតពីការចម្លងនូវកូវីដទាំងអស់គ្នា។ ការអនុវត្ត ខ្ញុំបានលើកឡើងហើយ បុគ្គលម្នាក់ៗជាអ្នកទទួលខុសត្រូវនៅក្នុងការអនុវត្តវិធានការសុខាភិបាលរបស់យើង»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា រូបគាត់និងមន្ត្រីប្រមាណ២០រូប បានធ្វើតេស្តរួចហើយ ដោយលទ្ធផលអវិជ្ជមាន ប៉ុន្តែលោកថា រូបលោកនិងមន្ត្រីទាំងនោះនៅតែដាក់ខ្លួនឯងនៅផ្ទះដាច់ដោយឡែករយៈពេល១៤ថ្ងៃដែរ។
លោក វេង សាខុន បញ្ជាក់ថា មូលហេតុដែលរូបគាត់និងរដ្ឋមន្ត្រីនៅក្រសួងផ្សេងទៀត មិនពាក់ម៉ាស់ វាស់កម្ដៅ និងបាញ់អាល់កុល ដោយសារមុនពេលប្រតិភូហុងគ្រីមកជួបនោះ គឺក្រសួងការបរទេសកម្ពុជា និងភាគីហុងគ្រី បានស្នើឱ្យក្រសួងកសិកម្មកុំបាញ់អាល់កុល វាស់កម្ដៅ និងទាមទារឱ្យប្រតិភូហុងគ្រីពាក់ម៉ាស់។
លោក វេង សាខុន មានប្រសាសន៍ថា៖ «ក្រសួងការបរទេសបានបញ្ជូនក្រុមការងារទូតជាមួយក្រសួងការបរទេសក៏បានមកត្រួតពិនិត្យដល់កន្លែងយើងទៀត មិនឱ្យក្រសួងកសិកម្មហ្នឹងបាញ់អាល់កុលទៅលើប្រតិភូទេ។ ទី២ មិនត្រូវឱ្យក្រសួងទាមទារឱ្យប្រតិភូពាក់ម៉ាស់ដែរ។ អ៊ីចឹង យើងអនុវត្តទៅតាមអ្វីដែលគេមកត្រួតពិនិត្យជាប់ជាប្រចាំរបស់ក្រុមបេសកកម្មហុងគ្រីហ្នឹង ហើយរួមជាមួយមន្ត្រីក្រសួងការបរទេសដែលមកត្រួតពិនិត្យទីតាំងដែលជួប»។
លោក វេង សាខុន បន្តថា៖ «គេមកប្រាប់យើងមុនពេលរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម បានមកដល់។ ពេលបានណែនាំយើងសូមឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម អញ្ជើញមកដល់ហ្នឹង សូមកុំចាប់បង្ខំឱ្យគាត់ប្រើប្រាស់បាញ់អាល់កុល ទី២ សូមកុំឱ្យគាត់ពាក់ម៉ាស់។ នេះជាបទបញ្ជាមួយដែលស្នើឡើងដោយភាគីហុងគ្រី»។
រដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ឱ្យដឹងថា បច្ចុប្បន្ន រូបគាត់និងមន្ត្រីក្រសួងកសិកម្ម នៅតែធ្វើការធម្មតា ទោះបីជាកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឯងនៅដាច់ដោយឡែកក៏ដោយ ប៉ុន្តែការធ្វើការងារនេះគឺតាមប្រព័ន្ធអនឡាញ។
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ មានប្រសាសន៍ថា រូបគាត់និងមន្ត្រី៤រូបទៀតបានធ្វើតេស្តរួចហើយ ដោយលទ្ធផលអវិជ្ជមាន ហើយបច្ចុប្បន្នគាត់និងមន្ត្រីកំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកនៅផ្ទះ។ លោកបញ្ជាក់ថា មូលហេតុដែលគាត់មិនពាក់ម៉ាស់ ដោយសារមន្ត្រីផ្សេងៗទៀតមិនពាក់ម៉ាស់ដែរ។
លោក លឹម គានហោ ប្រាប់ថា៖ «ទេ! អាហ្នឹងខ្ញុំមិនយល់ដែរ ព្រោះឃើញគេមិនពាក់ម៉ាស់ យើងក៏មិនពាក់ម៉ាស់ដែរទៅ តាមហ្នឹងទាំងអស់គ្នាទៅ។ បើយើងពាក់ម៉ាស់តែម្នាក់ឯង ក៏វាខុសគេខុសឯង ជារឿងធម្មតា»។
លោក លឹម គានហោ បញ្ជាក់ថា មន្ត្រីមួយចំនួននៅតែធ្វើការក្នុងក្រសួងតាមធម្មតា ចំពោះរូបគាត់និងមន្ត្រី៤រូបទៀតដែលកំពុងធ្វើចត្តាឡីស័កនោះ គឺធ្វើការតាមអនឡាញ។
ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា រូបគាត់និងកូនៗបានធ្វើតេស្តកូវីដ១៩រួចរាល់ ដោយលទ្ធផលអវិជ្ជមាន។ អ្នកស្រីថា ទោះលទ្ធផលអវិជ្ជមាន ក៏ក្រុមគ្រួសាររបស់គាត់ទាំងអស់ បានធ្វើចត្តាឡីស័កកាលពីរសៀលទី៤ ខែវិច្ឆិកា។ ដោយឡែក ចំពោះបុគ្គលិកនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ដែលបានប្រាស្រ័យជិតស្និទ្ធនៅក្នុងពេលនោះ ក៏ត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់នានា ដើម្បីធានាថា ក្រុមគ្រួសាររបស់គាត់និងសាធារណជនមានសុវត្ថិភាព។
ក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឱ្យគ្រឹះស្ថានសិក្សា បុគ្គលិក រួមទាំងសិស្សានុសិស្សដែលបានចូលរួមបា្រស្រ័យទាក់ទងផ្ទាល់នឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សាក្នុងរយៈពេល១៤ថ្ងៃចាប់ពីថ្ងៃជូនដំណឹងតទៅ ប៉ុន្តែត្រូវបន្តការបង្រៀននិងរៀនតាមរយៈប្រព័ន្ធអនឡាញវិញ។
ក្រសួងបញ្ជាក់ថា សាស្ត្រាចារ្យ បុគ្គលិកអប់រំ សិស្សានុសិស្ស និងនិស្សិត ដែលមានការជាប់ពាក់ព័ន្ធនឹងគណៈប្រតិភូរបស់ប្រទេសហុងគ្រី ត្រូវរាយការណ៍មកក្រសួងតាមរយៈទូរសព្ទលេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងដដែលបន្តថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និងអាណាព្យាបាល នៅតាមគ្រឹះស្ថានសិក្សាខាងលើ ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតនិងបន្តតាមដានសុខភាពផ្ទាល់ខ្លួន។ ក្នុងករណីមានការសង្ស័យ ត្រូវទាក់ទងទៅកាន់ទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា សុំមិនធ្វើអត្ថាធិប្បាយបន្ថែមជាមួយអ្នកសារព័ត៌មាន វីអូឌី ពេលសួរពីឈ្មោះគ្រឹះស្ថានសិក្សាដែលត្រូវផ្អាក និងចំនួនបុគ្គលិកអប់រំ រួមទាំងសិស្សានុសិស្សនិងនិស្សិត ដែលពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសហុងគ្រី។
លោក រស់ សុវាចា ប្រាប់ថា៖ «ដូចខ្ញុំជម្រាបអ៊ីចឹង នៅពេលក្រោយ បើមានបច្ចុប្បន្នភាព ខ្ញុំនឹងជូន។ ខ្ញុំសូមឱ្យស្នើយោងខ្លឹមសារខាងលើ បូកជាមួយលិខិតប្រកាសព័ត៌មានហ្នឹងសិន»។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ លោក ភីធើ ស៊ីចាតូ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។ ក្នុងនោះរួមមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងអនុប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ លោក សួស យ៉ារ៉ា រួមទាំងមន្រ្តីកម្ពុជាមួយចំនួនទៀត៕









