ក្រសួងថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រីជាង ៨០០នាក់ មិនមាន កូវីដ១៩

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា​ ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រីការបរទេសហុងគ្រី ភីធើ ស៊ីចាតូ នាវិមានសន្តិភាពរាជធានីភ្នំពេញនាថ្ងៃទី៣​ខែវិច្ឆិកាឆ្នាំ២០២០។ (រូបថត៖ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

ក្រសួងសុខាភិបាល ប្រកាសថា ​អ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ​កម្ម​​​នៃប្រទេស​ហុងគ្រី គិតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា មានចំនួន ៨៤០នាក់ ហើយ​លទ្ធផល​តេស្ត គឺ អវិជ្ជមានវីរុសកូវីដ​១៩ ទាំងអស់។

សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃសុក្រនេះ បាន​ឱ្យ​ដឹងថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយ​រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ (Peter Szijjarto) កាលពីថ្ងៃម្សិលមិញ មាន​ចំនួន ២១២នាក់ ក្នុងនោះមានជនជាតិ​ហុងគ្រីម្នាក់ ដែលធ្វើឱ្យចំនួន​អ្នកធ្វើតេស្តសរុបទាំងអស់ បាន​កើន​ដល់ ៨៤០នាក់។

ក្រសួងបន្តថា ចំពោះលទ្ធផល​​តេស្តទៅលើអ្នកប៉ះពាល់​ជាមួយរដ្ឋមន្ត្រីការបរទេស​ហុងគ្រី ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩ទាំងអស់។

ទោះជាយ៉ាងណា ក្រសួងបាន​ណែនាំដល់អ្នក​ដែលប៉ះពាល់​ទាំងនោះ ត្រូវបន្ត​ធ្វើចត្តាឡីស័កនៅតាម​គេហដ្ឋានឱ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវវិលត្រឡប់​ទៅធ្វើតេស្តឡើងវិញចំនួន ៣ដង​ទៀត នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ទី១៤ និងទី១៨ ខែវិច្ឆិកា។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២៨៦នាក់ និង​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យចំនួន ៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ