មន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា អាជីវកម្មបម្រើវិស័យទេសចរណ៍សរុបដល់ទៅជិត៣ពាន់ទីតាំង បានស្នើបិទឬព្យួរប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ដោយសារតែវិបត្តិសុខភាពសកល ដែលបណ្ដាលឱ្យប៉ះពាល់ដល់ការងារបុគ្គលិកនិងកម្មករជាង៥ម៉ឺនកន្លែង។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចាប់តាំងពីខែមីនា រហូតដល់ចុងខែកញ្ញាឆ្នាំនេះ អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដល់ទៅ២ ៨៣៨ទីតាំង បានបិទឬក៏ព្យួរប្រតិបត្តិការរបស់ខ្លួន ដែលចំនួននេះស្មើនឹង២៩,៦៣ភាគរយនៃចំនួនអាជីវកម្មបម្រើក្នុងវិស័យទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស។
មន្ត្រីទេសចរណ៍រូបនេះ ឱ្យដឹងបន្ថែមថា ស្ថានភាពបែបនេះបណ្ដាលឱ្យប៉ះពាល់ដល់ការងាររបស់បុគ្គលិកនិងកម្មករដល់ទៅ៥០ ៩៩៦កន្លែងនៅទូទាំងប្រទេស។
លោក សុភ័ក្រ ប្រាប់ថា អាជីវកម្មបម្រើឱ្យវិស័យទេសចរណ៍ បានបិទឬព្យួរប្រតិបត្តិការរបស់ពួកគេបែបនេះ ក៏ព្រោះតែក្ដីបារម្ភពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ ដែលបង្ខំឱ្យបិទជើងហោះហើរដឹកភ្ញៀវទេសចរអន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា២៩២ករណីនៅទូទាំងប្រទេស ប៉ុន្តែក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ១៩ដល់ទៅ២៨៦នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺ៦នាក់ទៀតកំពុងស្ថិតនៅក្រោមការព្យាបាលនៅឡើយ។
នៅចន្លោះខែមករាដល់ខែកញ្ញាកន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិត្រឹមតែជាង១លាន២៤ម៉ឺននាក់ប៉ុណ្ណោះ ដោយបានធ្លាក់ចុះដល់ទៅ៧៤,១ភាគរយឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសដល់ទៅខ្ទង់១លាន៨សែននាក់។
ខណៈដែលបុគ្គលិកនិងកម្មកររាប់ម៉ឺននាក់ បានទទួលរងផលប៉ះពាល់ពីការបិទឬព្យួរអាជីវកម្មនេះ លោក សុភ័ក្រ បានឱ្យដឹងថា រដ្ឋាភិបាលនៅតែបន្តផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែទៅដល់ពួកគេ។
លោក តុប សុភ័ក្រ មានប្រសាសន៍ថា៖ «ក្នុងដំណាក់កាលហ្នឹង រដ្ឋក៏បានជួយជ្រោមជ្រែងទៅដល់អាជីវកម្មមួយចំនួនដែលបានបិទផ្អាក ការផ្តល់នូវប្រាក់គោលនយោបាយក្នុងមួយខែ៤០ដុល្លារ ហើយក៏មិនមែនសុទ្ធតែអ្នកបិទអាជីវកម្មសុទ្ធតែបាន គឺមានលក្ខខណ្ឌរបស់គេតម្រូវទៅតាមកិច្ចសន្យាការងារដែលមានច្បាប់ត្រឹមត្រូវ ហើយគាត់ទៅព្យួរការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបខាងក្រសួងការងារផ្នែកហិរញ្ញវត្ថុ គេផ្តល់ឱ្យចំពោះការឧបត្ថម្ភដល់បុគ្គលិកនិយោជិតរបស់គាត់»។
មន្ត្រីរដ្ឋាភិបាលរូបនេះ បង្ហាញជំនឿចិត្តថា វិស័យទេសចរណ៍កម្ពុជានឹងវិលទៅរកប្រក្រតីភាពឡើងវិញ ក្រោយពីបញ្ហាកូវីដ១៩បានធូរស្រាល បន្ទាប់ពីពិភពលោកមានវ៉ាក់សាំងការពារជំងឺឆ្លងមួយប្រភេទនេះ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល អះអាងថា ក្រុមហ៊ុនសម្អាត ហៅកាត់ថា HCC នៅក្នុងព្រលានយន្តហោះ ខេត្តសៀមរាប ត្រូវបានផ្អាក សណ្ឋាគារសូហ្វីថែល ហើយភូមិវប្បធម៌ បានបិទធ្វើអាជីវកម្ម ដោយសារបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែលោកថា រាល់ការផ្អាកឬបិទអាជីវកម្ម ម្ចាស់ក្រុមហ៊ុនមិនបានគោរពតាមច្បាប់ការងារនោះទេ។ ករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍របស់កម្មករផងដែរ។
លោក ទូច កុសល ប្រាប់ថា៖ «នៅពេលដែលបិទ កម្មករដែលមានអតីតភាពការងារយូរឆ្នាំ ចំណុចខ្លះនៅក្នុងច្បាប់ស្តីពីការងារ វាអត់បានផ្តល់ឱ្យទេ ដូចជា ការជូនដំណឹង កន្លែងខ្លះគេអត់ឱ្យសំណងជំងឺចិត្ត។ ឥលូវ ខ្ញុំមើលឃើញនៅក្រោមឆ័ត្រសហព័ន្ធ នៅសណ្ឋាគារសូហ្វីថេល គេបញ្ឈប់កម្មករ៥៣នាក់ ហើយគេមិនព្រមទូទាត់សំណងដល់កម្មករដែរ ហើយកម្មករខ្លះ គាត់ធ្វើការ១០ឆ្នាំជាង»៕