មន្រ្តី​​ទី​ស្តី​​ការ​​ថា​ អ្នក​កាសែត​៦០​នាក់​​ពាក់​ព័ន្ធ​​មន្រ្តី​​ទូត​​ហុងគ្រី​​ដែល​​មាន​​ជំងឺ​​កូ​វីដ​១៩​​

លោក ប្រាក់ សុ​ខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេស និង​សហប្រតិបត្តិ​ការអន្តរជាតិ និង​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó​) រដ្ឋមន្រ្តី​ការបរទេស​និង​ពាណិជ្ជកម្ម​ហុងគ្រី ក្នុង​កម្មវិធី​សម្ពោធ​ការិយាល័យ​នៃ​ស្ថានទូត​ហុងគ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ (ក្រសួងការបរទេសកម្ពុជា)

នាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយនិង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជួយ​សម្របសម្រួលនិង​ដោះស្រាយ​បញ្ហា​របស់​អ្នកសារព័ត៌មាន លើ​ការ​ធ្វើតេស្ត​ជំងឺ​កូ​វីដ១៩ និង​ការ​ធ្វើ​ចត្តាឡីស័​ក ខណៈ​មន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី ឱ្យ​ដឹង​ថា មាន​អ្នកសារព័ត៌មាន​ប្រមាណ៦០នាក់ បាន​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​មួយ​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល និង​មានការ​ផ្សាយ​បន្ត​ដល់​សារព័ត៌មាន​នានា បាន​អំពាវនាវ​ដល់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋនិង​ឯកជន ជួយ​មើល​ការខុសត្រូវនិង​ដោះស្រាយ​បញ្ហា​របស់​អ្នកយកព័ត៌មានដែល​បាន​ធ្វើ​ចត្តាឡីស័​ក និង​ណែនាំ​ឱ្យ​ពួក​គេ​ទៅ​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ទៅតាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល។ លោក​ក៏បាន​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ អនុវត្ត​វិធានការ​នេះ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​ការ​ផ្ទុះ​រលក​ចម្លង​នៃ​មេរោគ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «សូម​បញ្ជាក់​ថា យើង​ត្រូវ​ខិតខំ​ទាំងអស់គ្នា​នៅពេល​នេះ ហើយ​មិន​ត្រូវ​ធ្វេស​ប្រហែសណាមួយ ព្រោះ​នេះ​អាច​នឹង​ផ្ទុះ​កណ្តាល​ទីក្រុង​ភ្នំពេញ​តែម្តង ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​ណាមួយ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​ចត្តាឡីស័​ក»។

មន្រ្តី​ខុទ្ទកាល័យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​មួយ​រូប ដែល​ទទួលបន្ទុក​រៀបចំ​ពិធី ប្រាប់ VOD នៅ​ថ្ងៃនេះ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា មាន​អ្នកកាសែត​ប្រហែល៦០នាក់ មក​ពី​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់ និង​ស្ថាប័ន​កាសែត​អន​ឡាញ​មួយចំនួន បាន​ទៅ​ចូលរួម​យក​ព័ត៌មាននិង​ផ្តិត​យក​រូបភាពក្នុង​ជំនួប​រវាង​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន និង​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី លោក ភី​ធើ ស៊ី​ចា​តូ នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា។

មន្រ្តី​រូប​នោះ​ប្រាប់​ថា៖ «នឹង​ប្រហែលជា៦០នាក់​អី​! គ្រប់​ទូរទស្សន៍​ទាំងអស់​ ហើយ​កាសែត ហើយ​និង​កាសែត​អន​ឡាញ​ខ្លះទៀត»។ 

ក្នុង​ជំនួប​នោះ រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី លោក ភី​ធើ ស៊ី​ចា​តូ ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន៣ផ្សេងគ្នា ជាមួយ​រដ្ឋមន្រ្តី​កសិកម្ម លោក វេង សា​ខុន រដ្ឋមន្រ្តី​ធនធានទឹក លោក លឹម គា​នហោ និង​រដ្ឋមន្រ្តី​ទទួលបន្ទុក​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល លោក ម៉ៅ ហា​វណ្ណា​ល់ ដោយមាន​ការចូលរួម​ពីសំណាក់​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ទៀត។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា កាលពី​ថ្ងៃពុធ ប្រមុខ​ការទូត​នៃ​ប្រទេស​ហុងគ្រី ត្រូវ​បាន​ធ្វើតេស្ត​ឃើញថា ​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩ បន្ទាប់ពី​លោក​ចាកចេញ​ពី​កម្ពុជា ដល់ទី​ក្រុង​បាងកក នៅ​ល្ងាច​ថ្ងៃអង្គារ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល១ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ដដែល។ 

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (ខេម​បូ​ចា​) លោក ណុប វី មើលឃើញ​ថា ការអនុវត្ត​វិធានការ​បង្ការនិង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩សម្រាប់​អ្នកសារព័ត៌មាន មិនទាន់​បាន​ដិតដល់​នៅឡើយ ពិសេស​វិធានការ​ពាក់​ម៉ាស់និង​ការ​រក្សា​គម្លាតសុវត្ថិភាព។ 

លោក ណុប វី បន្ថែម​ថា មាន​អ្នកសារព័ត៌មាន​មួយចំនួនមិន​មាន​ពាក់​ម៉ាស់​នៅពេល​កំពុង​យក​ព័ត៌មាន ហើយ​មាន​ទីតាំង​រៀបចំ​ពិធីឬសន្និសីទ​កាសែត​មួយចំនួន សម្រាប់​អ្នកយកព័ត៌មាន​បំពេញ​កិច្ចការ មាន​ភាព​តូច​ចង្អៀត ដែល​មិន​អាច​ឱ្យ​ពួក​គេ​រក្សា​គម្លាតសុវត្ថិភាព​បាន។ 

លោក​បាន​បញ្ជាក់​ថា៖ «ពេល​ដែល​គាត់​ទៅ​ចូលរួម​យក​ព័ត៌មាន ពេលខ្លះ​មានការ​ប៉ះទង្គិច​គ្នា មានការ​ប្រជ្រៀតគ្នា។ បើ​និយាយ​ពី​ការ​ឆ្លង​រាលដាល វា​មាន​ភាព​ងាយស្រួល​នៅក្នុង​ការ​ឆ្លង។ អ៊ីចឹង​កន្លែង​ហ្នឹង​ ក៏​ទទូច​ឱ្យ​មានការ​ពិនិត្យឬរៀបចំ​ឱ្យ​មាន​ទីកន្លែងឱ្យ​បាន​ទូលំទូលាយ​ជាង​ហ្នឹង​ដែរ»។

និពន្ធ​នាយក​ព័ត៌មាន​នៃ​ស្ថានីយ​ទូរទស្សន៍ PNN លោក ប៉ែន បូ​ណា បាន​ចាត់ទុក​អ្នកយកព័ត៌មាន​ជា​ក្រុម​មនុស្ស​ដែល​ប្រឈម​ការ​ឆ្លង​មេរោគ​កម្រិតខ្ពស់ ដោយសារ​ពួក​គេ​ត្រូវ​ទៅ​យក​ព័ត៌មាន​គ្រប់​ទីកន្លែង រាប់ទាំង​ទី​ដែល​មាន​គណៈប្រតិភូ​បរទេសនិង​កន្លែង​មាន​អ្នកជំងឺ​កូ​វីដ១៩។

លោក​បន្ត​ថា ស្ថាប័ន​នេះបាន​បញ្ជូន​បុគ្គលិក៣រូប សម្រាប់​យក​ព័ត៌មាន​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ហើយ​ពួក​គេ​ទាំង៣នាក់ត្រូវ​បាន​ធ្វើតេស្ត​ឃើញ អវិជ្ជមាននិង​កំពុង​ដាក់ខ្លួន​ដាច់ដោយឡែក។ 

លោក ប៉ែន បូ​ណា មានប្រសាសន៍​ថា៖ «ដោយសារ​ពួក​គាត់​ធ្វើតេស្ត​អវិជ្ជមាន អ៊ីចឹង​វា​មិនជា​ស្អី​ទេ គ្រាន់តែ​យើង​ប្រយ័ត្ន​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល ដូចដែល​យើង​បាន​អនុវត្ត​កន្លងមក។ ព្រោះ​យើង​អ្នកកាសែត​ មាន​ទៅ​ពាក់ព័ន្ធ​នឹងគេ​ឯណា យើង​អ្នកកាសែត ​គេ​ឱ្យ​ថត​នៅ​ឆ្ងាយ​ៗ»។ 

អ្នកថតរូប​នៅ​ទូរទស្សន៍​ហង្ស​មាស លោក អ៊ី​ង វុឌ្ឍិ​ន ប្រាប់វី​អូ​ឌីនៅ​ថ្ងៃម្សិលមិញ​ថា លោក​បាន​ទៅធ្វើ​តេ​ស្តរ​កមេរោ​គកូវីដ១៩ កាលពី​ថ្ងៃម្សិលមិញ ហើយ​កំពុង​រង់ចាំ​លទ្ធផល។ លោក​ថា លោក​បាន​ពាក់​ម៉ាស់និង​រក្សា​គម្លាត​សុវត្ថិភាព​នៅពេល​ចូលរួម តែ​យ៉ាងណា ​លោក​នៅតែ​បារម្ភ​ចំពោះ​ការ​ឆ្លង​រាលដាល។ 

លោក វុឌ្ឍិ​ន ប្រាប់​ថា៖ «បើ​មាន​អ៊ីចឹង យើង​ចេះតែ​បារម្ភ​ហើយ បញ្ហា​យើង​វា​មិន​អី​ទេ ខ្លាច​តែ​យើង​អត់​ដឹង មកដល់​ផ្ទះ​ទៅ យើង​មានគ្រួសារ ហើយ​យើង​នៅ​លេង​ជាមួយ​កូន ជាមួយ​អីអ៊ីចឹង យើង​អត់​ដឹង​អីអ៊ីចឹង​ណា»។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន ទោះបីជា​លទ្ធផល​អវិជ្ជមាន​ក្តី ពួក​គាត់​ទាំងអស់​ក៏​ត្រូវ​ដាក់ខ្លួន​ឯង​ឱ្យ​នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ​សិន ដើម្បី​បញ្ចៀស​ការ​ចម្លង​ទៅ​អ្នកដទៃ​ទៀត ដោយសារ​ជំងឺ​នេះ មិនទាន់​អាច​ធ្វើតេស្ត​រក​ឃើញ​ភ្លាម​ៗនោះ​ទេ។ 

អ្នកស្រី​ថា៖ «ខ្ញុំ​តែងតែ​បញ្ជាក់​ទៅ​បងប្អូន​យើង​ទាំងអស់គ្នា មិនថា​កម្រិ​តណាៗ​ទេ គឺ​ទាំងអស់គ្នា ​ត្រូវតែ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួននេះ។ បើ​ការពារ​ទៅ យើង​អាច​ចៀស​ផុត​ពី​ការ​ចម្លង​នូវ​កូ​វី​ដទាំងអស់គ្នា។ ការអនុវត្ត ខ្ញុំ​បាន​លើកឡើង​ហើយ បុគ្គល​ម្នា​ក់ៗ​ជា​អ្នកទទួល​ខុសត្រូវ​នៅក្នុង​ការអនុវត្ត​វិធានការ​សុខាភិបាល​របស់​យើង»។

គិត​មកទល់​ថ្ងៃទី៥ ខែវិច្ឆិកា ក្រសួងសុខាភិបាលបាន​ធ្វើតេស្ត​ទៅលើ​អ្នក​ពាក់ព័ន្ធ​នឹង​ដំ​ណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី សរុប​មាន​ចំនួន៨៤០នាក់ ប៉ុន្តែ​គិត​មកដល់​ថ្ងៃម្សិលមិញ គ្មាន​នរណា​ម្នាក់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូ​វីដ១៩នោះ​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ