រដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២,៧លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ ២២៧លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងកម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ស្មើប្រមាណ ២,៧លានដុល្លារអាមេរិគ និងឥណទានសម្បទានចំនួន ២៥ ប៊ីលានយ៉េន ស្មើប្រមាណ ២២៧លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តបតាមសំណើររបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បន្តថា ហិរញ្ញប្បទានឥតសំណងចំនួន ២,៧លានដុល្លារ ជប៉ុន ផ្តល់ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីទិញសម្ភារៈ រួមមាន យានយន្តសម្រាប់ការពារសន្តិសុខ ដើម្បីទុកការពារគណៈប្រតិភូ និងម៉ាស៊ីនត្រួតពិនិត្យកាំរស្មីអ៊ិច សម្រាប់ប្រើប្រាស់នៅតាមព្រំដែនគោក។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «សម្ភារៈទាំងនេះ នឹងជួយឱ្យព្រឹត្តិការណ៍ទ្រង់ទ្រាយធំ ដូចជា សន្និសីទអន្ដរជាតិ នាពេលខាងមុខ ប្រារព្ធធ្វើឡើងប្រកបដោយសុវត្ថិភាព និងដំណើរការទៅយ៉ាងរលូន»។
ចំពោះឥណទានសម្បទានប្រមាណ ២២៧លានដុល្លារ វិញ ស្ថានទូតជប៉ុន បានលើកឡើងថា រដ្ឋាភិបាលជប៉ុន ផ្តល់សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ខណៈកម្ពុជា កំពុងរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺឆ្លងជាសកលនេះ។
ស្ថានទូត បញ្ជាក់ថា៖ «តាមរយៈសហហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាននេះ នឹងជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ រក្សាលំនឹង និងភាពសកម្មនៃសកម្មភាពសេដ្ឋកិច្ចនិងសង្គម និងការពារកិច្ចគាំពារសង្គម»។
ជាមួយគ្នានេះ ស្ថានទូតជប៉ុន បានបញ្ជាក់ថា ឥណទាននេះ គឺបន្ថែមពីលើហិរញ្ញប្បទានឥតសំណង ៥ ប៊ីលានយ៉េន (ប្រមាណ ៤៥ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ១៩ តាមរយៈការធ្វើឱ្យប្រសើរឡើងវិញ នូវមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប ការផ្តល់ឧបករណ៍វេជ្ជសាស្រ្តនៅទូទាំងប្រទេស និងជំនួយបច្ចេកទេស។
ស្ថានទូតជប៉ុន មានសុទិដ្ឋិនិយមថា តាមរយៈការប្រើប្រាស់ឥណទានសម្បទាននេះ ប្រកបដោយប្រសិទ្ធភាពនេះ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា នឹងងើបឡើងវិញយ៉ាងឆាប់រហ័សតាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំទ្រផ្នែកសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ និងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម។
ស្ថានទូតជប៉ុន បានលើកឡើងថា៖ «ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា កំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនម្នាក់ៗ ស្របគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល គឺមានសារៈសំខាន់ណាស់។ ជប៉ុនមានបំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនានា»។
គួរបញ្ជាក់ថា លិខិតប្តូរសារនៃគម្រោងទាំងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃសុក្រនេះ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា៕