ស្ត្រី​​សាច់​ញាតិ​​អតីត​​បក្ស​​ប្រឆាំង​​ដែល​​ជាប់​ឃុំ ខក​ចិត្ត​​ចំពោះ​​មន្ត្រី​​រាជ​វាំង​​ដែល​​មិន​​ទទួល​​ញត្តិ​​របស់​​ពួក​គេ​

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន តវ៉ាដាក់ញត្តិទៅព្រះបរមរាជវាំងដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ តែត្រូវសន្តិសុខខណ្ឌដូនពេញមកប្រាប់ឱ្យចាកចេញពីទីនោះ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​ក្រុម​ស្ត្រីជា​ភរិយានិង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង បង្ហាញ​ការ​ខកចិត្ត​ចំពោះ​មន្ត្រី​ព្រះបរមរាជវាំង ដែល​មិនព្រម​ចេញ​មក​ជួបនិង​ទទួល​ញត្តិ​របស់​ពួក​គេ ដែល​ស្នើសុំ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រអន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​អតីត​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ។

អ្នកស្រី ព្រុំ ចាន់​ថា ភរិយា​របស់​លោក កាក់ កុម្ភា​រ និយាយ​ទាំង​អួល​ដើមក​ថា អ្នកស្រី​មានការ​ឈឺចាប់និង​ខកចិត្ត​ជា​ខ្លាំង ដែល​ស្វាមី​របស់​អ្នកស្រីត្រូវ​បាន​តុលាការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស ហើយ​ពេល​មករ​កព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ បែរជា​មន្ត្រី​ព្រះបរមរាជវាំងមិន​ទទួលយក​ញត្តិ​របស់​ពួក​គាត់​ទៀត។

អ្នកស្រី​ថា៖ «ពួក​ខ្ញុំ​អស់ជំនឿ​លើ​ស្ថាប័នរដ្ឋ​ផ្សេងទៀត​ទេ ព្រោះ​គេ​ចង​គ្នា​ជា​ប្រព័ន្ធ​មក​ធ្វើបាប​ពួក​ខ្ញុំ​ហើយ។ អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​មករ​កអន្តរាគមន៍​ពី​សម្តេច​ [ព្រះមហាក្សត្រ​] ឱ្យ​ជួយ តែ​ឥលូវ​ព្រះមហាក្សត្រ​អត់​គង់នៅ​ទៀត។ ហើយ​អត់មាន​តំណាង​ព្រះបរមរាជវាំងមក​ទទួល​ញត្តិ​ពី​ពួក​ខ្ញុំ​ទៀត និយាយរួមទៅ​ ពួក​ខ្ញុំ​រង​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់»។

អ្នកស្រី ព្រុំ ចាន់​ថា ឱ្យ​ដឹង​ទៀត​ថា ស្វាមី​របស់​គាត់​ដែល​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មក​ពីអ​តី​តគណបក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ក្រោម​បទ​ «ញុះញង់ និង​រួមគំនិតក្បត់» ពាក់ព័ន្ធ​សំណុំរឿង​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី កាលពី​ឆ្នាំ២០១៩។ អ្នកស្រី​ថា ស្វាមី​របស់​គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ។

អ្នកស្រី សេង ចាន់​ថន ភរិយា​របស់​លោក ស៊ុន ធន់ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ មាន​សុទិដ្ឋិនិយម​ថា ប្រសិនបើ​ព្រះបរមរាជវាំងទទួលយក​សំណើ​របស់​ពួក​គាត់ នោះ​ស្វាមី​អ្នកស្រីនិង​អ្នកជាប់ឃុំ​ផ្សេងទៀតអាច​ត្រូវ​បាន​ដោះលែង​វិញ។

អ្នកស្រី​បន្ថែម៖ «ព្រះអង្គ​គាត់​មិន​អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​បាន​មែន ប៉ុន្តែ​ព្រះអង្គ​ក្នុងនាម​ព្រះអង្គ​ជា​ព្រះមហាក្សត្រ ក្នុងនាម​ព្រះអង្គ​ជា​បិតានៃ​ប្រទេសជាតិ​ទាំងមូល អ៊ីចឹង​រាល់​ការដែល​កូនចៅ​មានទុក្ខ​លំបាក​ទាំងអស់​ហ្នឹង ព្រះអង្គ​គួរតែ​ជួយ​មើល ​ជួយ​ដោះទុក្ខ​កូនចៅ​ ដែល​ពួក​យើង​បាន​រង​អំពើ​ហិង្សា និង​ស្វាមី​ពួក​យើង​បាន​រង​ការចោទប្រកាន់​យ៉ាង​អយុត្តិធម៌ ដែល​ពួក​ខ្ញុំ​មិនបាន​ខុស​សោះ»។

ក្រុម​ស្ត្រីជា​ភរិយានិង​សាច់ញាតិ​អតីត​សកម្មជន​បក្ស​ប្រឆាំង​ប្រហែល២០នាក់ បាន​ឈរ​លើក​បដា​ស្រែក​តវ៉ា​សុំ​ឱ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​ជួយ​អន្តរាគមន៍ឱ្យ​មានការ​ដោះលែង​ស្វាមីនិង​ឪពុករបស់​ពួក​គេ នៅ​ច្រក​ទ្វារ​ខាងត្បូង​ព្រះបរមរាជវាំង រយៈពេលប្រហែល១៥នាទី ទើប​សន្តិសុខ​ខណ្ឌដូនពេញ ប្រាប់​ឱ្យ​អ្នក​តវ៉ា​ទាំងនោះ​ទៅផ្ទះ​ ដោយ​លើកឡើង​ថា គ្មាន​មន្ត្រី​ព្រះបរមរាជវាំង​ចេញ​មក​ទទួល​ញត្តិ​ទេ។

ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ លោក គឹម វុត្ថា និយាយប្រាប់​ក្រុម​ស្ត្រី​តវ៉ា​ថា មន្ត្រី​ព្រះបរមរាជវាំងមិន​ចេញ​មក​ទទួល​ញត្តិ​ទេ ដោយ​លើក​ហេតុផល​ថា ព្រះមហាក្សត្រ​មិន​គង់នៅ​ក្នុង​ប្រទេស​ឡើយ។ 

ប្រធាន​សន្តិសុខ​រូប​នេះ ​បន្ថែម​ថា៖ «ធម្មតា មុន​ដល់​ព្រះមហាក្សត្រ សូម​ឱ្យ​ខាង​បង​ដែល​មិន​ពេញចិត្ត​ ឬក៏​បង​សំណូមពរ​យ៉ាងម៉េច សូម​បង​ទៅ​ដាក់​សំ​ណើនៅ​រដ្ឋាភិបាល ដាក់​នៅ​រដ្ឋសភា ព្រឹទ្ធសភា ចុងក្រោយ​របាយការណ៍​ទាំងអស់​ហ្នឹង​នឹង​មកដល់​ព្រះមហាក្សត្រ​ហើយ»។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា នៅក្នុង​ព្រះបរមរាជវាំង គឺ​មាន​ក្រសួង​បរមរាជវាំង ដែល​ឧប​រដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រី​ជា​អ្នកបម្រើ​ការងារ​ដែរ។

លោក​យល់ថា ករណី​មន្ត្រី​ព្រះបរមរាជវាំង​មិន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​ស្ត្រី​នេះ អាចម​កពី​មន្ត្រី​ទាំងនោះមិន​ទទួល​បាន​ព័ត៌មានឬដំណឹង​នេះ ព្រោះតែ​អាច​មានការ​លាក់បាំង​ណាមួយ។

លោក​បន្ថែម​ថា៖ «ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​ថា ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ថា តើ​ពួក​គាត់ ​[មន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​] បាន​ទទួល​ដំណឹង​ដែរ​ឬអត់​? អាហ្នឹង​វា​នៅត្រង់​ចំណុច​កន្លែង​ហ្នឹង ប៉ុន្តែ​ជា​ធម្មតា​កន្លងមក យើង​ក៏​មាន​ឃើញ​ប្រជាពលរដ្ឋ​គាត់​ដាក់​លិខិត​ទៅ​ព្រះបរមរាជវាំង​តាមរយៈ​ក្រសួង​ព្រះបរមរាជវាំង​ហ្នឹង​ដែរ»។ 

បើ​តាម​ក្រុម​ស្ត្រី​ទាំងនោះ ពួក​គេ​បាន​ធ្វើ​យុទ្ធនាការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ស្វាមីនិង​ឪពុក​របស់​ពួក​គាត់ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ទូត​នានា អស់​រយៈពេល២១សប្តាហ៍​មក​ហើយ គិត​មកដល់​ថ្ងៃសុក្រ​ទី៦ ខែវិច្ឆិកា​នេះ។ កន្លងមក ពួក​គេបាន​ដើរ​ដាក់​ញត្តិ​នៅ​ស្ថានទូត​តំណាង​ឱ្យ​ប្រទេស​មហា​អំ​ណាច​ធំៗ​មួយចំនួន ដូចជា ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង់គ្លេស អូស្ត្រាលី បារាំង និង​ជប៉ុន​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ