លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានអំពាវនាវឱ្យមន្ត្រីមួយចំនួនដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យដល់សង្គមជាតិ។
យោងតាមការថ្លែងសារពិសេសមួយទៅកាន់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលពាកព័ន្ធ និងបន្តផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ ជាពិសេសរដ្ឋមន្ត្រីនិងមន្ត្រីរបស់ខ្លួនមួយចំនួនដែលបានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយសារការធ្វើចត្តាឡីស័កមិនត្រឹមត្រូវ នឹងបង្កហានិភ័យសម្រាប់ប្រទេសជាតិ។
លោកមានប្រសាសន៍ថា៖ «រដ្ឋមន្ត្រីដែលមានមន្ត្រីនិងបុគ្គលិករបស់ខ្លួន ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក៏ត្រូវណែនាំទៅចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីធ្វើចត្តាឡីស័កនេះឱ្យបានត្រឹមត្រូវ ដូចអ្វីដែលខ្ញុំបាននិងកំពុងខិតខំធ្វើនេះ ព្រោះជោគជ័យឬមិនជោគជ័យ វាអាចផ្ទុះក្នុងស្ថានភាពមួយដែលមិនទាន់ច្បាស់លាស់ ដែលយើងត្រូវតែមានការប្រុងប្រយ័ត្ន»។
លោកបញ្ជាក់ថា ការអំពាវនាវនេះ ដោយសារលោកបានទទួលព័ត៌មានថា ការធ្វើចត្តាឡីស័ករបស់មន្ត្រីខ្លះ គឺមិនបានត្រឹមត្រូវនោះទេ ដោយមានការដើរហាត់ប្រាណក្រៅផ្ទះ កាន់ដៃគ្នា និងការជួបប្រាស្រ័យទាក់ទងអ្នកផ្សេងផងដែរ។
ក្រៅពីឱ្យរដ្ឋមន្ត្រី និងគ្រួសាររដ្ឋមន្ត្រី រួមទាំងអ្នកពាក់ព័ន្ធធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវហើយ លោក ហ៊ុន សែន ក៏អំពាវនាវឱ្យយកចិត្តទុកដាក់ស្វែងរកអ្នកមិនទាន់ធ្វើតេស្ត ហើយអ្នកដែលបានធ្វើតេស្តរួចហើយ ត្រូវបន្តមកធ្វើតេស្ត និងធ្វើចត្តាឡីស័កទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
លោកថា៖ «រាប់ទាំងអ្នកបើកបរ ចំពោះរដ្ឋមន្រ្តី ភរិយារបស់រដ្ឋមន្ត្រី ឬឧបរដ្ឋមន្ត្រី និងអ្នកដឹកនាំ ដែលបានធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រែងលោពេលដែលទៅផ្ទះវិញក្រែងលោបះទង្គិច ជួបជាមួយភរិយា កូនចៅ ក៏ត្រូវឱ្យអ្នកទាំងនោះខិតខំរក្សាការធ្វើចត្តាឡីស័ក មិនអាចបណ្ដោយថា ចៅយើងកូនយើងមកជួបជាមួយយើងហើយ ហើយបែរជាបណ្តែតបណ្ដោយមិនឱ្យមកធ្វើតេស្ត មិនធ្វើចត្តាឡីស័ក បើសិនធ្វើបែបនេះ គឺនឹងអាចមានលទ្ធភាពក្នុងការឆ្លងសហគមន៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់លោកដែរថា ចាប់តាំងពីពេលយកសំណាកទៅពិនិត្យ កាលពីថ្ងៃទី៤ ខែវិច្ឆិកាមក ស្ថានភាពសុខភាពរបស់លោកពុំមានអ្វីប្លែកនោះទេ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា រូបលោកនិងភរិយាបាននិងកំពុងធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា អ្នកដែលប៉ះពាល់និងពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី មានចំនួនសរុប៨៤០នាក់ បានធ្វើតេស្តហើយ ដោយលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ-១៩។
ទោះជាលទ្ធផលអវិជ្ជមានកូវីដ១៩ក៏ដោយ ក្រសួងបញ្ជាក់ថា អ្នកទាំង៨៤០នាក់ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឱ្យបានត្រឹមត្រូវ ហើយត្រូវវិលត្រឡប់ទៅធ្វើតេស្តឡើងវិញចំនួន៣ដងទៀត នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ទី១៤ និងទី១៨ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងនៅមិនទាន់សម្រេចថា នឹងយកអ្នកធ្វើតេស្តនិងចត្តាឡីស័ក ទៅដាក់ក្នុងមណ្ឌលសុខភាព ឬបន្តឱ្យនៅធ្វើចត្តាឡីស័កតាមផ្ទះដដែលនៅឡើយ ដោយលោកស្រីថា រង់ចាំការប្រជុំសម្រេចពីថ្នាក់ដឹកនាំសិន។
លោកស្រីថ្លែងថា៖ «បងនៅប៉ៃលិន ឯកឧត្ដមរដ្ឋមន្រ្តីគាត់នៅភ្នំពេញ គាត់នឹងចាត់ចែងពិគ្រោះគ្នា ថាតើយើងត្រូវចាត់ចែងបែបម៉េច? ចាំមានអីច្បាស់លាស់សិន ចាំនិយាយ លឿនពេកក៏មិនកើតដែរ លឿនពេកខុស ព្រោះរឿងនេះ ត្រូវពិភាក្សាជាមួយគ្នា មើលនីតិវិធី ត្រូវអ្នកណាមើលអី អ្នកណាធ្វើអីត្រឹមតូ្រវ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា លោកចង់ឱ្យក្រសួងសុខាភិបាល ធ្វើការពិនិត្យវិធានការដែលឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះឡើងវិញ។ លោកបន្តថា បើការធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវនោះ វាប្រឈមនឹងការឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត ហើយអាចឈានដល់ការរាលដាលចូលដល់ក្នុងសហគមន៍មិនខានឡើយ។
លោក យង់ គីមអេង មានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាល លោកគួរតែពិនិត្យឱ្យបានច្បាស់លាស់ដែរ ថាតើជំពូកមនុស្សប្រភេទណាគួរឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ដែលអាចមានការជឿជាក់ថា គាត់អាចមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការការពារខ្លួនគាត់សម្រាប់ការនៅដាច់ដោយឡែក ដើម្បីបង្ការហានិភ័យផ្សេងៗ។ មួយវិញទៀត ត្រូវមើលប្រជាពលរដ្ឋបែបណាថា ដែលត្រូវតែប្រមូលយកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កដែលគ្រប់គ្រងដោយក្រសួង»។
លោកបន្ថែមថា ដើម្បីឱ្យប្រាកដថា អ្នកធ្វើចត្ដាឡីស័កទាំងអស់ពិតជាធ្វើបានត្រឹមត្រូវ ក្រសួងសុខាភិបាលត្រូវមានយន្តការតាមដានឱ្យច្បាស់លាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានអំពាវនាវដល់មន្ត្រីមុខងារសាធារណៈ ត្រូវអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួន ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈលោកថា ការឆ្លងរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកានេះ មិនដឹងថាឆ្លងពីកម្ពុជា ឬឆ្លងនៅប្រទេសថៃ ឬតាមយន្តហោះនោះឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងដែរថា គិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកានេះ ក្រសួងបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ដែលមានបុគ្គលិកនិងសិស្សចំនួន៧នាក់ បានជួបជាមួយគណៈប្រតិភូនិងរដ្ឋមន្ត្រីការបរទេសហុងគ្រី។
លោកបន្តថា គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា ទៅបន្តដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ភីធើ ស៊ីចាតូ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត រួមនឹងអ្នកសារព័ត៌មាន បុគ្គលិកគ្រឹះស្ថានសិក្សា និងសិស្ស ជាដើម៕










