កន្លង​​ផុត​​បី​​ថ្ងៃ​​ហើយ​ លទ្ធផល​​បោះ​ឆ្នោត​​នៅ​​អាមេរិក​​បន្ត​​ស្ថិត​​ក្នុង​​សភាព​​ចម្រូង​​ចម្រាស

បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ដិន និង​លោក ដូ​ណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ ក្នុង​យុទ្ធនាការ​រក​សំឡេងឆ្នោត​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០នេះ។ (​ហ្វេសប៊ុក៖ Joe Biden និង Donald J. Trump​)

គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​សុក្រ​នេះ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​កន្លង​ផុត​ទៅ​រយៈ​ពេល៣​ថ្ងៃ​ហើយ ប៉ុន្តែលទ្ធផល​ផ្លូវការ​នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ​ ខណៈ​លទ្ធផល​បណ្ដោះ​អាសន្ន​បង្ហាញ​ពី​ភាព​តាន​តឹង​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ដែល​បោះ​ដោយ​ប្រតិភូ​មក​ពី​រដ្ឋ​នានា​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក បង្ហាញ​លទ្ធផល​ដូច​ថ្ងៃ​ម្សិល​មិញ​ដដែល ពោល​គឺ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក ចូ បៃដិន បន្ត​នាំ​មុខ​ជាមួយ​សន្លឹកឆ្នោត​គាំ​ទ្រ២៦៤​សំឡេង បើ​ធៀប​នឹង​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ លោក ដូណាល់ ត្រាំ ដែល​ទទួល​បាន​ត្រឹម​តែ២១៤​សំឡេង​ប៉ុណ្ណោះ។

នៅ​សហរដ្ឋអាមេរិក បេក្ខជន​ប្រធានាធិបតី​ម្នាក់​ត្រូវការ​សន្លឹក​ឆ្នោត​គាំ​ទ្រ​យ៉ាង​តិច២៧០​សំឡេង នៅ​ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប​ដែល​បោះ​ដោយ​ប្រតិភូ​៥៣៨​រូប​មក​ពី​រដ្ឋ​ទាំង​អស់​​នៅ​ទូទាំង​ប្រទេស។

លទ្ធផល​នាំ​មុខ​បែប​នេះ ជំរុញ​ឱ្យ​លោក ត្រាំ ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំសន្លឹក​ឆ្នោត ហើយ​លោក​ប្រកាស​ថា នឹង​ប្ដឹង​ទៅ​តុលាការ​អំពី​បញ្ហានេះ។ ផ្ទុយ​ពីលោក ត្រាំ លោក បៃដិន ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​នៅ​ក្រោម​រដ្ឋបាល​ដឹកនាំ​លោក បារ៉ាក់ អូបាម៉ា បែរ​ជា​អំពាវ​នាវ​ឱ្យ​រក្សា​ភាព​អត់​ធ្មត់។

សារព័ត៌មាន​អាមេរិក CNN បាន​រាយការណ៍​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ​ផេនស៊ីលវេនៀ និង​រដ្ឋ​​ចកចៀ កំពុង​តែ​តាន​តឹង ព្រោះ​រដ្ឋ​ទាំង​ពីរ​នេះសំខាន់​ចំពោះ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ ដើម្បី​កាត់​សេចក្ដី​ថា លោក ត្រាំ នឹង​បន្ត​ដឹកនាំ​សេតវិមាន​មួយ​អាណត្តិ​ទៀត ឬ​ក៏​លោក បៃដិន នឹង​ឡើង​ទៅ​កាច់​ចង្កូត​នាវា​សហរដ្ឋ​អាមេរិក។

បើ​តាម AP លោក ត្រាំ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ពី​ប្រតិភូ​នៅ​រដ្ឋ​ចំនួន២៣ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​មាន​អាសនៈ​តិចប៉ុណ្ណោះ លើក​លែង​តែ​រដ្ឋ​តិចសាស់​មួយ​ដែលមាន​អាសនៈ​ដល់​ទៅ៣៨។ ផ្ទុយ​ទៅ​វិញ ​លោក បៃដិន បាន​ឈ្នះ​នៅ​រដ្ឋ​ចំនួន១៩ ដែល​មាន​អាសនៈ​ច្រើ​ន ដូចជា ​រដ្ឋ​កាលីហ្វ័រញ៉ា មាន​អាសនៈ​ដល់​ទៅ៥៥។

ទន្ទឹម​គ្នា​នេះ គេ​រំពឹង​ថា លោក បៃដិន នឹង​ឈ្នះ​នៅ​រដ្ឋ​យ៉ាង​តិច​ចំនួន៥​ទៀត មាន​រដ្ឋ​ណេវ៉ាដា រដ្ឋ​មីឈីហ្គែន រដ្ឋ​វីសខនស៊ីន រដ្ឋ​ចកចៀ​ និង​រដ្ឋ​អារីហ្សូណា ដែល​មាន​អាសនៈ​សរុប​រហូត​ដល់៥៩។ ចំណែក​លោក ត្រាំ វិញ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​នៅ​រដ្ឋ​ផេនស៊ីលវ៉ានៀ​ មាន២០​អាសនៈ រដ្ឋ​ណដ​ខារ៉ូលីណា ​មាន១៥​អាសនៈ និង​រដ្ឋ​អាឡាស្កា​ មាន៣​អាសនៈ។

ទោះជាយ៉ាងណា លោក បៃដិន ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ថា នឹង​ក្លាយ​ជា​អ្នក​ដឹកនាំ​សេតវិមាន​ជំនួស​លោក ត្រាំ ដែល​នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មករា​ឆ្នាំ​ក្រោយ​នេះ ជា​ពេល​ដែល​ការ​ផ្ទេរ​អំណាច​រវាង​ប្រធានាធិបតី​ចាស់និង​ប្រធានាធិបតី តែង​តែ​កើត​ឡើង​ជា​ទៀង​ទាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ