ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សប្រឆាំងជិត២០នាក់ បន្តការប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងគ្រោងធ្វើដំណើរទៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្នើសុំព្រះរាជទានអន្តរាគមន៍ឱ្យមានការដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំ។
នៅក្នុងញត្តិថ្វាយព្រះមហាក្សត្ររបស់ក្រុមស្ត្រីទាំងនោះ ដោយមានស្នាមមេដៃតំណាងឈ្មោះ ព្រំ ចាន់ថា សុវណ្ណា និងគ្រួសារលោក កែវ ថៃ បានលើកឡើងថា ពួកគេមានក្តីបារម្ភនិងកើតទុក្ខមិនសុខចិត្តនឹងតុលាការនិងអាជ្ញាធរដែលបានចាប់គ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារ ធ្វើឱ្យគ្រួសាររបស់ពួកគេដែលក្រីក្រស្រាប់ កាន់តែក្រីក្រថែមទៀត។
ញត្តិរបស់ក្រុមស្ត្រីទាំងនោះបានបន្តថា៖ «បពិត្រព្រះករុណាជាម្ចាស់ជីវិតលើត្បូង[ព្រះមហាក្សត្រ] ការរំលាយគណបក្សសង្គ្រោះជាតិ បានហាមឃាត់តែមនុស្ស១១៨នាក់ប៉ុណ្ណោះ មិនឱ្យធ្វើសកម្មភាពនយោបាយ ចុះពួកយើងខ្ញុំជាសកម្មជនមូលដ្ឋានដែលគ្រាន់តែគាំទ្រស្រឡាញ់គណបក្សសង្គ្រោះជាតិរបស់ខ្លួន ដោយគ្មានធ្វើអ្វីខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ មិនគួរណាក្លាយជាមនុស្សដែលត្រូវតុលាការចោទប្រកាន់ពី”បទឧក្រិដ្ឋបង្កគ្រោះថ្នាក់ដល់សង្គមជាតិ”»។
ករណីនេះ ក្រុមស្ត្រីទាំងនោះបានស្នើសុំព្រះរាជតម្រិះលើកលែងទោសចំពោះអ្នកដែលមានសាលក្រមដាក់ទោសរួច និងស្នើព្រះរាជអន្តរាគមន៍ទៅតុលាការច្រានចោលរាល់ការចោទប្រកាន់និងដោះលែងអតីតសកម្មជនបក្សប្រឆាំងទាំងនោះ ឱ្យមានសេរីភាពវិញ។
ចាប់តាំងពីខែមិថុនាមក ក្រុមស្ត្រីដែលជាភរិយានិងសាច់ញាតិរបស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិ បាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនានាក្នុងរាជធានីភ្នំពេញ និងបានធ្វើយុទ្ធនាការប្រមូលផ្តុំមុខសាលាដំបូងរាជធានីភ្នំពេញរៀងរាល់ថ្ងៃសុក្រ ដើម្បីសុំកិច្ចអន្តរាគមន៍និងទាមទារឱ្យតុលាការដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគេវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ករណីចាប់ខ្លួនអ្នកទាំងនោះជាការអនុវត្តច្បាប់។ លោកបន្តថា អ្នកដែលនៅជាប់ពន្ធនាគារ គឺជាអ្នកមិនព្រមទទួលកំហុស ឬបានប្រព្រឹត្តបទល្មើសម្តងហើយម្តងទៀត។
លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា៖ «វិធានការអនុវត្តតាមច្បាប់ មិនគិតថា មនុស្សស្លាប់ឬមិនស្លាប់ដោយសារជំងឺកូវីដ ឬពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិ និងបង្ហោះសារទាក់ទងនឹងជំងឺកូវីដទេ។ ទាំងនោះគឺជាបទល្មើស ពីព្រោះពួកគេមានចេតនាអាក្រក់ គឺបំភិតបំភ័យ [ប្រជាជន] និងបង្កចលាចល»៕