ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់បន្ថែមទៀត ដែលធ្វើឲ្យមានអ្នកឆ្លង កើនឡើងដល់២៩៤នាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន២នាក់ ដែលជាបុរសជនជាតិឥណ្ឌា និងជនជាតិប៉ាគីស្ថាន។
បុរសជនជាតិឥណ្ឌា និងប៉ាគីស្ថានទាំង២នាក់នេះ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់ពួកគេ វិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ដោយឡែកសម្រាប់ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន១០៧នាក់ (គិតទាំងអ្នកទាំង២នាក់ដែលមានកូវីដ១៩) ត្រូវបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
លើសពីនេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីករណីព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ដែលពួកគេជាស្ត្រីជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ធ្វើដំណើរមកពីប្រទេសអ៊ីរ៉ាក់ បន្តជើងហោះហើរទីក្រុងដូហា និងប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ និងបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មានសរុបចំនួន ២៩៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៨នាក់៕









