អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ថ្លែងរំឭកទៅប្រជាពលរដ្ឋថា ប្រជាធិបតេយ្យអាចរឹងមាំល្អត្រូវការប្រជាពលរដ្ឋសកម្មរាល់ថ្ងៃ មិនមែនសកម្មតែពេលបោះឆ្នោតនោះទេ។
ក្នុងសារអបអរលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីនោះ លោក Obama បានជំរុញឱ្យពលរដ្ឋបន្ត តាមដាន និង ជ្រោមជ្រែងដល់ការងារប្រធានាធិបតីជាប់ឆ្នោតរូបនេះ។ លោកObama ជំរុញឱ្យពលរដ្ឋចូលរួមសកម្មកិច្ចការងារសង្គមនយោបាយ បើទោះជាហត់នឿយក្នុងជីវភាពប្រចាំថ្ងៃក៏ដោយ។
លោក Barack Obama៖« ខ្ញុំដឹងថា អ្នកទាំងអស់គ្នាពិតជាហត់នឿយ ប៉ុន្តែដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យរឹងបានល្អ គឺវាទាមទារឱ្យពលរដ្ឋសកម្មផ្តោតលើបញ្ហាសង្គមជាតិដដែល មិនមែនសកម្មតែក្នុងពេលបោះឆ្នោតនោះទេគឺត្រូវធ្វើខ្លួនជាប្រជាពលរដ្ឋសកម្មរាល់ថ្ងៃតែម្តង»។
លោក Obama ក៏បានរំលឭកដល់លោកBidenថា ក្នុងតំណែងជាប្រធានាធិបតីនេះ នឹងប្រឈមមុខជាមួយការងារលំបាកច្រើនដែលត្រូវដោះស្រាយ ទន្ទឹមនឹងនោះលោកក៏បានអំពាវនាវឱ្យពលរដ្ឋអាមេរិកទាំងអស់នាំគ្នាជួយដល់លោក Joe Biden ក្នុងនាមជាជាតិសាសន៍តែមួយ៕