ក្រសួងសុខាភិបាលបានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១នាក់បន្ថែមទៀត ដែលធ្វើឲ្យមានអ្នកឆ្លង កើនឡើងដល់២៩៥នាក់។
សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា អ្នកឆ្លងជំងឺកូវីដ១៩ចំនួន១នាក់ ជាបុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណប្រតិភូហុគ្រី មានអាសយដ្ឋាន នៅសង្កាត់អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រសួងបញ្ជាក់ថា ក្រោយពីការពារគណប្រតិភូហុគ្រីរួចមក គឺអង្គរក្សរូបនោះ មានរោគសញ្ញារមាស់បំពង់ក និងក្អក ហើយគ្រូពេទ្យបានយកវត្ថុសំណាករបស់គាត់ទៅធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញថា មានជំងឺវិជ្ជមានវីរុសកូវីដ១៩។ បច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា អ្នកដែលប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី មានចំនួនសរុប៨៩២នាក់ ហើយលទ្ធផលតេស្ត ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ៧ ខែវិច្ឆិកា មានតែអង្គរក្សម្នាក់ប៉ុណ្ណោះដែលធ្វើតេស្តលើកទី២ ឃើញវីរុសកូវីដ១៩ ខណៈអ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យនៅឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ មានសរុបចំនួន ២៩៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៨នាក់៕









