មាន​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​​ថ្មី​២​នា​ក់​ទៀត​ និង​​អ្នក​​ប៉ះ​ពាល់​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​ហុងគ្រី​​កើន​​ជិត​១​ពាន់​​នាក់​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

​ក្រសួងសុខាភិបាលប្រកាស​ពី​ការ​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី ចំនួន២ករណី​បន្ថែម​ទៀត លើ​បុរស​ជនជាតិ​ខ្មែរ​ចំនួន២នាក់ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន ខណៈ​ចំនួន​សរុប​អ្នក​ប៉ះពាល់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី កើន​ដល់​ជិត១ពាន់​នាក់។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ទាំង២នាក់ដែល​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មកដល់​កម្ពុជា កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

ក្រសួង​បន្ត​ថា៖ «លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី២ នៅ​ថ្ងៃទី១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័​ករបស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត»។

បើ​តាម​ក្រសួង តាម​ជើងហោះហើរ​ខាងលើ​នេះ ក៏​ធ្លាប់​មាន​បុរស​ជនជាតិ​ខ្មែរ២នាក់ ពេល​មកដល់​កម្ពុជា បាន​ធ្វើតេស្ត​លើក​ទី១ដោយ​ទទួលលទ្ធផល​វិជ្ជមាន​កូ​វីដ១៩ផង​ដែរ ក្នុង​នោះ​មាន​ម្នាក់​កំពុង​សម្រាក​ព្យាបាល និង​ម្នាក់ទៀត​បាន​ជាសះស្បើយ។ 

ចំណែក​អ្នក​ប៉ះពាល់​ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី លោក ភី​ធើ ស៊ី​ចា​តូ ត្រូវ​ក្រសួង​បញ្ជាក់​ថា មាន​ចំនួន៩៤៤នាក់ គិត​មកដល់​ថ្ងៃម្សិលមិញ ក្នុង​នោះមាន​អង្គរក្ស​ផ្ទាល់​របស់​គណៈប្រតិភូ​រូប​នេះ​ម្នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្រៅពីនោះ លទ្ធផល​តេ​ស្ត​អវិជ្ជមាន​ទាំងអស់។

ក្រសួងបាន​ណែនាំ​ដល់​អ្នក​ប៉ះពាល់​ជាមួយនឹង​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ទាំងអស់ បន្ត​ការ​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល និង​ត្រូវ​បន្ត​ធ្វើតេស្ត​លើក​ទី២នៅ​ថ្ងៃ​ចន្ទ​នេះ និង​ធ្វើតេស្ត​លើក​ទី៣ និង​ទី៤ នៅ​ថ្ងៃទី១៤ និង​ទី១៨ ខែវិច្ឆិកា ខាងមុខ។ 

គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន២៩៧នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ២៨៨នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ​ចំនួន៩នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ