លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅរសៀលនេះថា លទ្ធផលតេស្តសំណាករកវីរុសកូវីដ១៩ ជាលើកទី២ របស់លោកនិងភរិយា រួមជាមួយអ្នកនៅជាប់នឹងរូបលោកទាំងអស់ គឺអវិជ្ជមានទាំងអស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅម៉ោងជិត៤រសៀលនេះថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានយកសំណាករបស់លោកនិងភរិយា ព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់រូបលោកទាំងអស់ ទៅធ្វើតេស្តជាលើកទី២។
លោកបានបញ្ជាក់ថា៖ «លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា»។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា រូបលោកកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តចំពោះអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ប្រមាណ៩០០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលចំពោះរដ្ឋមន្ត្រីរូបនោះ។
ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាទៅក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យនិងតាមដានគ្រប់មនុស្សដែលបាននិងកំពុងធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់ និងកម្រិតពួកគេកុំឱ្យចេញទៅជួបជាមួយមនុស្សផ្សេងទៀត ដើម្បីចៀសវាងកុំឱ្យមានមនុស្សដែលប៉ះពាល់កើនឡើង។
លោកបានបញ្ជាក់ថា៖ «ប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថឱ្យបានម៉ត់ចត់»។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ «នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា ឱ្យបានឆាប់ តាមរយៈកុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធ ដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឱ្យកម្ទេចភ្លើងក្លាយជាអគ្គិភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើងនិងសុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យារពេល»។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកកូវីដ១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា ទៅបន្តដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសថៃ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រោយពីបញ្ចប់ការបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ភីធើ ស៊ីចាតូ បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត រួមនឹងអ្នកសារព័ត៌មាន បុគ្គលិកគ្រឹះស្ថានសិក្សា និងសិស្ស ជាដើម។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទនេះ អ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី លោក ភីធើ ស៊ីចាតូ មានចំនួន៩៤៤នាក់ ក្នុងនោះមានអង្គរក្សផ្ទាល់របស់គណៈប្រតិភូម្នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រៅពីនោះ លទ្ធផលតេស្តអវិជ្ជមានទាំងអស់។
ក្រសួងបានណែនាំដល់អ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងអស់ បន្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងត្រូវបន្តធ្វើតេស្តលើកទី២នៅថ្ងៃចន្ទនេះ និងធ្វើតេស្តលើកទី៣ និងទី៤ នៅថ្ងៃទី១៤ និងទី១៨ ខែវិច្ឆិកា ខាងមុខ។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៩៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ២៨៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន៩នាក់៕









