ហុងគ្រី​​កំពុង​​រង​​ការ​​រាត​​ត្បាត​​ពី​​វីរុស​​កូរ៉ូណា​​ខ្លាំង​​ក្លា​​​បំផុត​​លំដាប់​​ទី​​២០​​នៅ​​តំបន់​​អឺរ៉ុប​

ក្រុម​គ្រូពេទ្យ​ហុងគ្រី​ផ្ដល់​ការ​ព្យាបាល​ដល់​អ្នកជំងឺ​កូ​វីដ១៩នៅក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​ហុងគ្រី។ (រូបថត៖ Hungary Today​)

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬជំងឺ​កូ​វីដ១៩ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ហុងគ្រី​នោះ វីរុស​ផ្លូវដង្ហើម​មួយ​ប្រភេទ​នេះ កំពុងតែ​រាតត្បាត​ខ្លាំងក្លា​នៅ​ឯប្រទេស​ហុងគ្រី ដោយមាន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន។

សារព័ត៌មាន Hungary Today បាន​ចុះផ្សាយ​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន​ថា ក្នុងរយៈពេល​ត្រឹមតែ២៤ម៉ោង ថ្ងៃទី៦ ខែវិច្ឆិកា អ្នកជំងឺ​កូ​វីដ១៩ ដល់ទៅ១០៧នាក់ បាន​ស្លាប់​បាត់បង់ជីវិត ដែល​ភាគច្រើន​ជា​មនុស្សចាស់។

សារព័ត៌មាន​ដដែល​នេះបាន​រាយការណ៍​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​សោរ៍​សប្ដាហ៍​មុន មនុស្ស​ដល់​ទៅ ២ ៣៥៧​នាក់​ហើយ បាន​ស្លាប់​ដោយសារជំងឺ​កូវីដ​១៩ ខណៈ​អ្នក​ជំងឺ២៤ ៨៤៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។

សារព័ត៌មាន​នេះបាន​រាយការណ៍​ទៀត​ថា អំឡុង​រយៈ​ពេល២៤​ម៉ោង​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន មនុស្ស​ដល់​ទៅ៥ ៣១៨​នាក់ ត្រូវ​បាន​ធ្វើ​តេស្តនិង​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ូណា ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​នៅ​ក្នុង​ប្រទេស​ហុងគ្រី កើន​ឡើង​ដល់​ចំនួន១០៤ ៩៤៣​នាក់។

គិត​ត្រឹម​ចុង​សប្ដាហ៍​កន្លង​មក​នេះ ហុងគ្រី​មានអ្នកឆ្លង​ជំងឺ​កូវីដ​១៩​ ចំនួន៥ ៦១២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ខណៈ​មនុស្ស៧៧ ៧៣៩​នាក់ នៅ​បន្ត​ផ្ទុក​វីរុស​កូរ៉ូណា។

ក្រៅ​ពី​នេះ មនុស្ស​ដល់​ទៅ៣៦ ៩១១​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​នៅ​តាម​ផ្ទះ ខណៈ​ចំនួន​មនុស្ស​ធ្វើ​តេស្ត​រក​វីរុស​នេះ​បាន​កើន​ឡើង​ដល់១ ១៨៩ ៩៦២​នាក់​ នៅ​ទូទាំង​ប្រទេស​គិត ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​ដើម​ឆ្នាំ​នេះ​មក។

បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក ហុងគ្រី​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២០​នៅ​តំបន់​អឺរ៉ុប ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន​ជាង​គេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ