ក្រសួង​ណែនាំ​ឱ្យ​​រក្សា​​គម្លាត​សុវត្ថិ​ភាព​សង្គម​និង​​បុគ្គល​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​​កូវីដ១៩

ក្រុមអាជ្ញាធរមានសមត្ថកិច្ច ដើរផ្សព្វផ្សាយសារចែករំលែកការយល់ពីជំងឺកូវីដ១៩ នៅម្ដុំស្ដុបបូកគោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលណែនាំឱ្យ​អនុវត្ត​គម្លាតសុវត្ថិភាពសង្គមនិងបុគ្គល ដើម្បីបង្ការនិងទប់ស្កាត់​​ការ​ចម្លង​ជំងឺកូវីដ​១៩ នៅក្នុងសហគមន៍។

សេចក្តីណែនាំរបស់ក្រសួងចេញផ្សាយនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​លើកឡើងថា ជំងឺកូវីដ-១៩ ឆ្លង​តាមការប៉ះពាល់តំណក់ទឹកតូចៗដែលខ្ទាតចេញពីមនុស្សម្នាក់ទៅប៉ះមនុស្ស​ម្នាក់ទៀត នៅពេលបុគ្គលដែលមានផ្ទុកវីរុសកូវីដ-១៩ និយាយសើច ច្រៀង ក្អក ឬកណ្តាស់​ជាដើម។

ក្រសួងបន្តថា តំណក់ទឹកតូចៗនោះ អាចខ្ទាត​បានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុងមាត់ ភ្នែក និងច្រមុះបុគ្គលដែលនៅជិតអ្នកមានវីរុសកូវីដ-១៩ ខណៈ​តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់ទៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្សដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបាន​លាងសម្អាតដៃឱ្យបានត្រឹមត្រូវ។

ក្រសួងបញ្ជាក់ថា៖ «ដូច្នេះ ដើម្បីបញ្ចៀស​ពីហានិភ័យ​ខ្ពស់ដែលពិបាក​នឹងប៉ាន់ស្មានបាននៃការ​​ចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ក្រសួង​សុខាភិបាលសូមធ្វើការអំពាវនាវនិងណែនាំដល់បងប្អូនសាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួនដោយបុគ្គលគ្រប់រូបត្រូវអនុវត្តវិធានការសាមញ្ញៗ ដូចជា ការរក្សាគម្លាតសុវត្ថិភាព រួមមានការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចំបាច់ រួមជាមួយនឹងការ​​​អនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ»។

ក្រសួងសុខាភិបាលក៏បានណែនាំឱ្យ​​ចៀសវាងការឱប ថើប ចាប់ដៃ និងរក្សា​គម្លាត​​​ពីគ្នាឱ្យ​បាន​​យ៉ាង​តិច១,៥ម៉ែត្រឡើង។

ក្រសួងបន្ថែមថា គួរចៀសវាង ឬបើចៀសមិនបាន ត្រូវកាត់បន្ថយឱ្យបានជាអតិបរមានូវការជួបជុំគ្នាក្នុងសង្គមដែលមានមនុស្សម្នាច្រើន ដូចជា ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា ការប្រគុំតន្ត្រី ការដើរលេងជួបជុំ​បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការ​ជួបជុំពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះ​ក្នុងទ្រង់ទ្រាយធំ និង​ការធ្វើដំណើរកម្សាន្ត​ប្រមូល​​ផ្តុំគ្នាច្រើន ជាដើម។

ក្រសួងបញ្ជាក់​ទៀត​ថា អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជា ជនចាស់ជរា ជន​ដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ ជាដើម មិនត្រូវចូលរួមដំណើរ ជួបប្រជុំគ្នា ឬបើមានការចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ