យុទ្ធនាការស្វែងការការពារកោះកុងក្រៅពីក្រៅប្រទេស បានទទួលសំឡេងគាំទ្រដល់ជិត៨ម៉ឺនសំឡេង ខណៈអ្នកបង្កើតយុទ្ធនាការនេះចាត់ទុកថា វានឹងធ្វើឱ្យអន្តរជាតិបានស្គាល់កោះកុងក្រៅកាន់តែច្រើន ជាពិសេសវានឹងអាចធ្វើឱ្យរដ្ឋាភិបាលផ្លាស់ចិត្តមិនកាត់កោះដ៏ធំមួយនេះទៅឱ្យក្រុមហ៊ុនឯកជន។
ប្រធានចលនាមាតាធម្មជាតិដែលរស់នៅក្រៅប្រទេស លោក អាឡិច ហ្គូនសាឡេស ដាវិដសុន (Alejandro Gonzalez Davidson) បានប្រាប់វីអូឌីថា យុទ្ធនាការនេះបានចាប់ផ្ដើមប្រហែល៣ខែមកហើយ ដែលដំបូងឡើយគឺមានបំណងត្រឹម៥ម៉ឺននាក់ប៉ុណ្ណោះ។
លោក អាឡិច និយាយថា៖ «ដំបូងគឺចង់ផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ ព្រោះអ្នកដែលស៊ីញ៉េទៅលើញត្តិមួយហ្នឹង ភាគច្រើនលើសលុបជាបរទេស មិនមែនជាខ្មែរទេ ពីព្រោះយើងឃើញថា យុទ្ធនាការសង្គ្រោះកោះកុងក្រៅ ដូចខ្មែរគេស្គាល់ច្រើនគួរសម តែក្រៅប្រទេស គេអត់ទាន់ស្គាល់ទេ។ អ៊ីចឹងបានយើងសម្រេចចិត្តបង្កើតញត្តិមួយ ដើម្បីផ្សព្វផ្សាយនៅអឺរ៉ុបផង អាមេរិកផង អូស្ត្រាលីផង ដើម្បីឱ្យគេដឹងពីកោះកុងក្រៅ ហើយក៏ភ្ញាក់ផ្អើលដែរ ព្រោះដំបូងយើងគ្រាន់តែសង្ឃឹមថា បានត្រឹម៤ម៉ឺនទៅ៥ម៉ឺនទេ តែឥលូវវាឡើងដល់ជិត៨ម៉ឺនហើយ»។
ក្នុងយុទ្ធនាការតាមអនឡាញនេះ មានសរសេរលិខិត១ច្បាប់ជាភាសាអង់គ្លេសដែលគ្រោងផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន ក្នុងអត្ថន័យគាំទ្រឱ្យមានការការពារកោះកុងក្រៅពីការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជន និងដាក់ទឹកដីកោះកុងក្រៅនេះជាឧទ្យានជាតិ។
ក្នុងញាត្តិនោះសរសេរថា៖ «ពួកយើងជាអ្នកចុះហត្ថលេខាគាំទ្រដល់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលបានបង្ហាញនូវអារម្មណ៍ជាសាធារណៈក្នុងការការពារកោះដ៏ធំនិងស្រស់ស្អាតបំផុតនៅក្នុងខេត្តកោះកុង»។
ក្នុងញត្តិនោះទាមទារដល់រដ្ឋាភិបាលកម្ពុជាលុបចោលកិច្ចព្រមព្រៀងអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុន SEZ ដោយរក្សាកោះនេះក្នុងទម្រង់បច្ចុប្បន្នដដែល ហើយដាក់កោះនេះជាឧទ្យានជាតិ ធ្វើកិច្ចសហការជាមួយសហគមន៍មូលដ្ឋាន និងអង្គការជាតិ-អន្តរជាតិ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ ការពារធនធានធម្មជាតិ និងសត្វដែលរស់នៅលើកោះនោះ និងជាចុងក្រោយទាមទារឱ្យបញ្ឈប់ការបង្ក្រាបនានាលើសកម្មជនបរិស្ថាន និងដោះលែងពួកគេឱ្យមានសេរីភាពវិញផងដែរ។
ក្នុងលិខិតចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ ខេត្តកោះកុង ដែលដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន លោក សាយ សំអាល់ ក្នុងការត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ការធ្វើយុទ្ធនាការណាមួយរបស់ប្រធានចលនាមាតាធម្មជាតិ ជាសិទ្ធិរបស់គាត់ ក្រសួងនឹងមិនមានអត្ថាធិប្បាយចំពោះរឿងនេះឡើយ។
លោក នេត្រ ភក្ត្រា ប្រាប់ថា៖ «ការធ្វើយុទ្ធនាការណាមួយជារឿងរបស់គាត់ យើងខ្ញុំមិនមានអត្ថាធិប្បាយទេ»។
ការធ្វើយុទ្ធនាការស្វែងរកការការពារកោះកុងក្រៅពីក្រៅប្រទេសតាមប្រព័ន្ធអនឡាញនេះ បន្ទាប់ពីសកម្មជនបរិស្ថានមួយក្រុមដែលធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុងមកដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ត្រូវសមត្ថកិច្ចចាប់និងឃុំខ្លួននៅពន្ធនាគារ កាលពីអំឡុងខែសីហានិងខែកញ្ញាកន្លងមក។
ក្រុមយុវជនដែលធ្វើយុទ្ធនាការជិះកង់ពីខេត្តកោះកុង ដើម្បីដាក់ញត្តិសុំឱ្យរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅជាតំបន់ការពារនោះ លោក ហ៊ុន វណ្ណៈ អ្នកនាង ឈឿន ដារ៉ាវី កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ប៉ុន្តែបច្ចុប្បន្ន អ្នកទាំង៥នាក់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
កោះកុងក្រៅ ត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រុមហ៊ុន អេស អ៊ី ហ្សិត ខូអិលធីឌី របស់លោក លី យ៉ុងផាត់ សម្រាប់ធ្វើការអភិវឌ្ឍ កាលពីខែមិថុនា ឆ្នាំ២០១៩។ បើតាមក្រុមយុវជនដែលធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលដាក់កោះកុងក្រៅជាតំបន់ការពារកាលពីខែមិថុនាកន្លងមក ឱ្យដឹងថា កោះកុងក្រៅ មានទំហំ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង ៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះនេះមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់សក្បុស និងផ្កាថ្មជាដើម៕