បទ​​យក​ការណ៍​៖ ពលរដ្ឋ​​មាន​​វ័យ​​ចំណាស់​​ក្នុង​​ឃុំ​​មួយ​​នៅ​​សៀមរាប​ ប្រកប​របរ​​ធ្វើ​​ឧប​ករណ៍​​នេសាទ​​បែប​​ប្រពៃណី​

ស្រ្តី​វ័យ​ចំណាស់​ម្នាក់​នៅ​ឃុំ​ពួក ស្រុក​ពួក កំ​ពុង​ធ្វេី​ឧបករណ៍​នេសាទ​បែប​ប្រពៃណី​សម្រាប់​ដាក់​តាំង​និង​ធ្វេី​ជា​វត្ថុ​អនុស្សាវរីយ៍ កាលពី​ខែសីហា ឆ្នាំ២០២០។ (ជីវ៉ា ពិសិដ្ឋ​)

ក្រោមផ្ទះឈើប្រក់ស័ង្កសីមួយ ក្នុង​ភូមិ​ពួកចាស់ ឃុំ​ពួក ស្រុកពួក ខេត្ត​សៀម​រាប មានប្តីប្រពន្ធចំណាស់មួយ​គូ កំពុងសកឫស្សី ដើម្បីត្បាញឧបករណ៍នេសាទតូចៗ ដូចជា ឈ្នាង អង្រុត និងត្រក សម្រាប់ធ្វើជាកាដូជូនដល់ភ្ញៀវនៅក្នុងពិធីមង្គលការ ឬក៏ធ្វើជាគ្រឿងដាក់តុបតែងនៅក្នុងផ្ទះ​ ភោជនីយដ្ឋាន ផ្ទះសំណាក់ ក៏ដូចជានៅក្នុងរថយន្ត ជាដើម។

លោក ណាន់ និងប្រពន្ធ ដែលមានអាយុប្រមាណ៧០ឆ្នាំ បាន​ប្រាប់​ថា ពួកគាត់​ទាំង​ពីរ​បានចាប់យករបរ​ធ្វើឧបករណ៍ទាំងនេះនៅឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​ត្រូវ​ពិការ​ជើង​ដោយ​សារ​ធ្លាក់​ពី​លើ​ដើម​ត្នោត។ គាត់បន្តថា ការធ្វើរបស់ទាំងនេះ អាច​ធ្វើ​ឱ្យ​ពួកគាត់​ទទួល​ចំណូល​​បានប្រមាណ​១០ម៉ឺនរៀល​ក្នុងមួយខែ។  

លោក ណាន់ និងប្រពន្ធរបស់លោក លើកឡើងថា៖ «​ចេះពីយូរហើយ អ្នកគ្រូ! ចេះធ្វើតៗគ្នាណា ស្រុកនេះចេះតគ្នា ​កាលពីដើមមក កាលពីសង្គម តពីម៉ែពីឪមក។ កាលហ្នឹងមិនសូវដាច់ចេះតែអត់សូវមានអ្នកទិញទេ។ ជួនកាលម៉ូយ គេមិនសូវមានលុយឱ្យយើង។ ពេលធ្វើរួចហើយ យកទៅឱ្យគេ ​យកទៅឱ្យម៉ូយ ម៉ូយក៏មិនដែលមានលុយឱ្យ។ ប៉ះពេលណាក៏មានលុយឱ្យទៅ ប៉ះពេលណាក៏អត់លុយទៅ ហើយក៏ចាំថ្ងៃក្រោយទៅទៀតទៅ ទម្រាំតែគេបានមក​។​ តែឥលូវគឺខុសគ្នា ឱ្យតែយើងធ្វើរួច អោយតែយើងធ្វើលឿន ដូចថាយើងយកពីគេ៥០០មក បើសិនយើងធ្វើឆាប់បានរួច បួនដប់ថ្ងៃ ប្រាំថ្ងៃរួច បានលុយហើយ តែរួចហើយ គេមកយក គេឱ្យលុយតែម្តង។ ធ្វើអានេះគឺចិញ្ចឹមជីវិតយាយតាបាន កូនៗវាធំអស់ហើយ គេ​​មានប្តីប្រពន្ធអស់ហើយ ចាស់ហើយមិនដឹងទៅរកអីទេ»។

ក្រៅពី​គ្រួសារ​លោក ណាន់ ក៏​មាន​គ្រួសារ​អ្នក​ភូមិ​ដទៃ​ទៀត​ប្រកប​របរនេះ​ផង​ដែរ ដែល​ពួកគាត់​ភាគច្រើន​ជា​មនុស្ស​ដែលមានវ័យចាប់ពីជាង៥០ឆ្នាំឡើងទៅ​។ ពួកគាត់បានបន្ថែមថា​ មុខរបរនេះបានជួយសម្រួលដល់​ជីវភាព​ពួកគាត់​យ៉ាងច្រើន។

ក្រុម​អ្នកភូមិទាំងនោះ​បាន​លើកឡើងបន្ត​ថា ពួកគាត់ចាប់យករបរធ្វើឧបករណ៍នេសាទតាំងពីនៅក្មេងៗ ដោយធ្វើហើយគឺយកទៅលក់នៅផ្សារក្រៅភូមិដោយខ្លួនឯង  ប៉ុន្តែឥលូវមានអ្នកប្រមូលទិញបន្ត ដែលធ្វើឱ្យអ្នកភូមិ​មានភាពងាយស្រួល​ជាងមុន។

សកឫស្សីបណ្តើរ និយាយបណ្តើរ អ្នកស្រី ឡាច ដែលមានអាយុ៨០ឆ្នាំ បានលើកឡើងថា៖ «ធ្វើវាតាំងពីក្មេងៗម្ល៉េះកូន! តាំងពីសង្គម លន់ នល់ មក! មិនដឹងពីឆ្នាំណាទេកូន តែខ្ញុំធ្វើតែចេះឯង រួចបានយកទៅលក់នៅផ្សារចាស់ពីដើម សព្វថ្ងៃគេមានម៉ូយច្រើន មានគេទទួលទិញទៀត។ […] បើបិតចេះហើយ នេះកូន! បាន៧ទៅ៨  បើសិនជាគាត់គ្រាន់តែដំឡើង ចេះហើយ ៧ឬ៨ [ឈ្នាងនៅក្នុងមួយថ្ងៃ] ខំហើយនោះខំ ខំពេញទំហឹងហើយកូន ធ្វើមិនបានលឿនទេ បើក្មេងៗដូចនាងទៅធ្វើបានលឿន គ្រាន់ទៅ [ខ្ញុំ​] ធ្វើមិនបានលឿនទេ»។

អ្នកស្រីបានឱ្យដឹងថា ឈ្នាងចំនួន១០ អ្នកស្រីអាចលក់ឱ្យទៅឈ្មួញបានច្រើនបំផុតប្រមាណតែ១ម៉ឺន៥ពាន់រៀលតែប៉ុណ្ណោះ។

ក្រុម​អ្នកភូមិបានលើកឡើងថា ការធ្វើរបស់ទាំងនេះគឺមានការលំបាកដែរ ដោយត្រូវយកឫស្សីមក​កាប់ បន្ទាប់​មក​ត្រូវពុះវា ហើយ​ត្រូវបិតឫស្សីនោះ និងកាត់ឱ្យវាស្មើគ្នា។ បន្ទាប់មកទៀត ត្រូវក្រងវាឱ្យស្មើ ដល់ចុងក្រោយត្រូវដំឡើងនិងចាក់ក្បាលវាទៀត ការធ្វើពិតជាត្រូវការពេលយូរហើយពិបាក។

ស្រ្តី​​ម្នាក់​នៅ​ឃុំ​ពួក ស្រុក​ពួក កំ​ពុង​ធ្វេី​ឧបករណ៍​នេសាទ​បែប​ប្រពៃណី​សម្រាប់​ដាក់​តាំង​និង​ធ្វេី​ជា​វត្ថុ​អនុស្សាវរីយ៍ កាលពី​ខែសីហា ឆ្នាំ២០២០។ (ជីវ៉ា ពិសិដ្ឋ​)

ក្រៅពី​ការ​លំបាក​ក្នុង​ការ​ធ្វើ ការ​ស្វែង​រក​ដើម​ឫស្សី ដើម​ខ្លែងគង់ និង​វល្លិ សម្រាប់ធ្វើឧបករណ៍ទាំងនោះ ក៏​បង្ក​ការ​លំបាកផង​ដែរ ដោយ​សារ​ពួកគាត់ជាមនុស្សចាស់ ដូចនេះគាត់ត្រូវជួលគេទៅរកដើមឫស្សីទាំងនោះ ហើយពេលខ្លះត្រូវទៅរកឆ្លងខេត្តដែលត្រូវឱ្យគាត់ចំណាយច្រើន។

អ្នក​ប្រមូល​ទិញឧបករណ៍​ទាំង​នេះ​ពី​អ្នក​ភូមិយក​ទៅ​លក់​បន្តជាងបួនឆ្នាំមកហើយ គឺ​អ្នក​ស្រី រឿម ធារ៉ា បាននិយាយថា ឧបករណ៍​ទាំង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​ទីផ្សារ​ក្នុង​ទី​ប្រជុំជនឬ​ទីក្រុង។

អ្នក​ស្រី​រៀបរាប់​ថា៖ ​​«ផលលំបាកដំបូង ដូចថាមុខរបរហ្នឹង អ្នកស្រុកគាត់រាងខ្វះខាតថវិកា អ៊ីចឹង​មុនយើងធានាបានរបស់គាត់មក យើងត្រូវយកលុយទៅកក់គាត់មុន។ ភាគច្រើនគាត់អត់អ៊ីចឹង គាត់សុំលុយយើងមុន ដើម្បីទៅទិញឫស្សី ទៅទិញអីអ៊ីចឹងណា។ ដល់ពេលគាត់បានលុយយើងហើយ​ ទើបគាត់ប្រមូល​របស់ឱ្យយើង អ៊ីចឹងរាងពិបាកបន្តិចដែរ! ណាមួយទៀតរបស់ហ្នឹង វារាងយឺត ដូចថាគេត្រូវការ ថាខែចូលឆ្នាំ​ឬក៏ខែការ[អាពាហ៍ពិពាហ៍] អីវ៉ាន់ហ្នឹងគឺដើរច្រើន បើថាខែអត់ការ ដូចឥលូវនេះរាងស្ងាត់បន្តិច។ តែបើមានការ ឬក៏ចូលឆ្នាំអី គឺតាមហាងមានការទិញច្រើន ដាក់តាមហាង និងដាក់ការ[មង្គលការ]ច្រើន វាពិបាកនៅខែចូលឆ្នាំអី វារាងពិបាកប្រមូលបន្តិច ដោយសារតែរបស់ធ្វើដោយដៃ វារាងយឺត»។

លោកស្រី ធារ៉ា បានបន្ថែមថា នៅ​ក្នុង​ឃុំ​ពួក​ មាន​ប្រមាណ​៧០គ្រួសារ ដែល​បានប្រកបមុខរបរនេះ ដែលភាគច្រើនពួកគាត់គឺជាមនុស្សដែលមានវ័យចំណាស់ ដោយពួកគាត់គ្មានការងារធ្វើ ហើយការធ្វើសិប្បកម្មមួយនេះបានផ្ដល់ប្រាក់មួយចំនួនឱ្យពួកគាត់ក្នុងការចិញ្ចឹមជីវិតដោយ​ខ្លួនឯង។

លោកស្រី ធារ៉ា បញ្ជាក់ថា៖ «និយាយរួម គឺជួយឱ្យប្រជាជនយើងមានជីវភាពសមរម្យ អាចនឹងផ្គត់ផ្គង់គ្រួសារបានដោយស្រួល ដោយមិនចាំបាច់ចេញទៅធ្វើការនៅខាងក្រៅ [ប្រទេសក្រៅ] អ៊ីចឹងណាប្អូន។ ជាពិសេសគឺចាស់ៗ គាត់អាចរកចំណូលខ្លួនគាត់បាន អាចរកថវិកាសម្រាប់ខ្លួនគាត់ទៅវត្ត ឬក៏ធ្វើឱ្យដោយខ្លួនគាត់បាន មិនចាំបាច់ពឹងកូន ១០០% គាត់អាចមានលទ្ធភាពរកខ្លួនគាត់បាន។ ហើយសូម្បីតែក្មេងតូចៗក៏អាចធ្វើបានដែរ ពីព្រោះថា មុខរបរនេះ ក៏ក្មេងធ្វើបានដែរ ក្មេងអាយុចាប់ពី១០ឆ្នាំឡើង ជួនកាលឪពុកម្តាយ​គាត់​ទំនេរ[ហើយក៏]បង្រៀន គាត់ចេះធ្វើនេះធ្វើនោះបានខ្លះដែរ»។

សម្រាប់នៅថ្ងៃអនាគត អ្នក​ស្រីចង់​បង្កើត​ជា​សហគមន៍​សិប្បកម្ម​ផលិត​ឧបករណ៍​នេសាទ​ទាំង​នេះ​ ដើម្បី​ជំរុញ​ផលិតកម្មនិង​ស្ថិរភាព​ការងារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​នេះ។

អ្នក​ស្រី​លើក​ឡើងថា៖ «និយាយទៅ បងមានចំណាប់អារម្មណ៏ចង់ថា បើកសិប្បកម្មមួយខ្លួនឯង ប៉ុន្តែដោយទាស់ត្រង់ថា យើងមិនទាន់មានលទ្ធភាព ពីព្រោះអាហ្នឹងគឺយើងត្រូវការដើមទុនច្រើន ហើយនៅពេលដែលយើងធ្វើហើយ យើងគឺត្រូវឱ្យអ្នកភូមិមកផ្ទះយើង ដើម្បីបង្កើតទៅជាសហគមន៍មួយ អ៊ីចឹងនេះគ្រាន់តែជាគម្រោងការទេ ប៉ុន្តែលទ្ធភាពមិនទាន់ដល់»។

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា នៅពេល​នេះ ​ក្រសួង​កំពុង​សិក្សា​បង្កើត​គោល​នយោបាយ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌​ ហើយ​ការ​ធ្វើ​ឧបករណ៍​​នេសាទ​ធ្វើ​ដោយ​ដៃនេះ ​ក៏​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គោល​នយោ​បាយ​​ផង​ដែរ ដើម្បីជំរុញដល់​វិស័យឯកជននិងដៃគូនានាឱ្យជួយដល់វិស័យនេះ។

លោកបានលើកឡើងថា៖ «នៅក្នុងហ្នឹងដែរ យើងមានគោលនយោបាយ “ភូមិមួយផលិតផលមួយ” ដោយភូមិ ដោយស្រុកមានអីអ៊ីចឹង មានអីដែលគាត់ចេះ ដែលគាត់ដឹង ដែលជាមុខរបរ ទំនៀមទំលាប់ប្រពៃណី និងគេតែងបំផុស ដូចមានទាំងពីក្រសួងការងារ ទាំងអីហ្នឹង ឱ្យតែមានគេជួយបំផុសរឿងហ្នឹងហើយ»។

ក្រៅ​ពីនេះ​ លោកបានបញ្ជាក់​ថា ក្រសួងវប្បធម៌ក៏​កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​ដាក់ចេញនូវគោលនយោបាយនូវការតុបតែងដែលជាលក្ខណៈខ្មែរ ដោយនៅក្នុងហាងឬភោជនីយដ្ឋាននីមួយៗ ត្រូវតែមានអ្វីម្យ៉ាងដែលជាលក្ខណៈខ្មែរ។ លោកបានបន្ថែមថា ​របស់របរដែលជាលក្ខណៈខ្មែរទាំងអស់នោះ គួរតែទិញពីប្រជាជនឬចាស់ជរាដែលធ្វើដោយដៃ ដើម្បីជួយគាំទ្រពួកគាត់។

អតិថិជននៅ​ភ្នំពេញ​ម្នាក់ដែល​បាន​ទិញ​ឧបករណ៍​ធ្វើ​ដោយ​ដៃ​ទាំង​នេះទៅ​ដាក់​លម្អ​ហាង​គំនូរ​ប្ដី​របស់​ខ្លួន អ្នក​ស្រី ហោ ចិន្តា មាន​ប្រសាសន៍​ថា អ្នក​ស្រី​សម្រេច​ចិត្ត​ទិញ​ឧបករណ៍​ទាំង​នេះ​ទៅ​តាំង​លម្អ ​គឺ​ដោយ​សារ​ចិត្ត​ស្រលាញ់ឧបករណ៍​ទាំង​នេះ និង​ចង់​ជួយ​ដល់​ជន​ចាស់​ជរា​នៅ​តាម​ភូមិ ស្រុកដែលផលិតឧបករណ៍ទាំងនោះ។

លោកស្រី ហោ ចិន្តា បញ្ជាក់ថា៖ «វាទីមួយ វាទាក់ទងទៅនឹងជំនួញរបស់ប្ដីខ្ញុំផង ហើយមួយទៀត យើងលើកស្ទួយជីវភាព [មនុស្សចាស់] និយាយទៅ គឺដើម្បី​បំបាត់ភាពក្រីក្រផង។ ណាមួយជួយឱ្យប្រជាពលរដ្ឋយើងមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅខាងក្រៅអញ្ចឹងណា។ ហើយណាមួយទៀត ខ្ញុំស្រឡាញ់របស់ធ្វើដោយដៃ ស្រឡាញ់របស់ធ្វើដោយឫស្សីហ្នឹង វាស្អាត តូចៗស្អាត មើលទៅពេញភ្នែកអញ្ចឹងណាបង»។

អ្នក​ស្រី​ជំរុញដល់​ពលរដ្ឋ​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ផលិត​ផល​ផលិត​ដោយ​ដៃ​ក្នុង​ស្រុក​ទាំង​នេះ​ដោយ​ថា ​ដើម្បី​ជួយ​លើក​ស្ទួយ​ផលិតផល​ខ្មែរ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​អ្នក​ផលិត​វត្ថុ​ទាំង​នេះ​ផង​ដែរ។

អ្នក​ស្រី ហោ ចិន្តា លើក​ឡើងថា៖ «បើសិនជាទីផ្សារទូលំទូលាយ ផលិតផលខ្មែរយើងគឺធ្វើដោយដៃ ហើយមួយទៀត ប្រជាពលរដ្ឋមានការងារធ្វើហើយ។ បើសិនជាអញ្ចឹង លើកស្ទួយផលិតផលខ្មែរ មិនចាំបាច់យកអីវ៉ាន់មកពីស្រុកក្រៅទេបង! ព្រោះអីភាគច្រើន ខ្ញុំឃើញគេយកអីវ៉ាន់តុបតែង គ្រឿងឈ្នាង អង្រុត អាគ្រឿងតុបតែងហ្នឹង គេយកពីស្រុកក្រៅមក ប៉ុន្តែបើខ្ញុំយកជាវត្ថុនេសាទធ្វើពីឫស្សីរបស់ខ្មែរ យកមកតុបតែង វាស្អាតហើយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ