ហុងគ្រី​​សម្រេច​​ដាក់​​ប្រទេស​​ក្នុង​​គ្រា​​អាសន្ន​​ព្រោះ​​តែ​​វីរុស​​កូរ៉ូណា​​ឆ្លង​​រាល​​ដាល​​កាន់​​តែ​​ខ្លាំង​

នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី លោក វិកទ័រ អូបាន ក្នុងកម្មវិធីមួយកាលពីខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Orbán Viktor)

រដ្ឋាភិបាល​ហុងគ្រី​បាន​សម្រេច​រឹត​បន្ដឹងវិធានការ​នានា​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា ខណៈ​ដែល​មន្ទីរ​ពេទ្យ​នានា​នៅ​ប្រទេស​នេះ អាច​កំពុង​តែជួប​ភាព​លំបាក​លំបិន​ក្នុង​ការ​ដោះ​ស្រាយ​​កំណើន​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​មួយ​នេះ។

របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក (WHO) បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ ហុងគ្រី​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ដល់​ទៅ​ជិត១១​ម៉ឺន៥​ពាន់​នាក់ ក្នុង​នោះ​គ្រាន់​តែ​ថ្ងៃ​ម្សិល​មិញ​ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ៥ ១៦២​នាក់។

បើ​តាម​របាយការណ៍​របស់ WHO មនុស្ស​ដល់​ទៅ​ជិត២ ៥០០​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ហុងគ្រី ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះជាប់​លំដាប់​ទី​២០​នៅ​តំបន់​អឺរ៉ុប នាម​ជា​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​ច្រើន​ជាង​គេ។

សារព័ត៌មាន​ Hungary Today បាន​ចុះ​ផ្សាយ​ថា នាយក​រដ្ឋ​មន្ត្រី​ហុងគ្រី លោក វិកទ័រ អូបាន បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​លោក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ អំពី​ការ​រឹត​បន្ដឹង​វិធានការ​នានា ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ប្រសិន​បើ​រដ្ឋ​សភា​ហុងគ្រី​ផ្ដល់​អំណាច​ពិសេស​នេះ រដ្ឋាភិបាល​ហុងគ្រី​នឹង​ពង្រីក​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ឱ្យ​អនុវត្ត​ចន្លោះ​ពី​ម៉ោង៨​យប់ដល់​ម៉ោង៥​ព្រឹក ដោយ​រឹត​ត្បិត​លើ​ពេល​វេលា​នៃ​ការបើក​ហាង​លក់​ដូរនិង​សេវា​ដទៃ​ទៀត។

នៅ​ពេល​ដាក់​ក្នុង​គ្រាអាសន្ន លោក អូបាន និយាយ​ថា រដ្ឋាភិបាល​ហាម​ឃាត់​រាល់​ការ​ជួប​ជុំ​ទាំងអស់ ហើយ​ភោជនីយដ្ឋាន​នឹង​ត្រូវ​បិទ​ទ្វារ លើក​លែង​តែ​ភោជនីយដ្ឋាន​ដែល​ផ្ដល់​ការ​ដឹក​ជញ្ជូន​ទៅ​ដល់​គេហដ្ឋាន​ប៉ុណ្ណោះ។

សម្រាប់​សណ្ឋាគារ​វិញ រដ្ឋាភិបាល​ហាម​ឃាត់​មិន​ឱ្យ​ទទួល​ភ្ញៀវ​ទេសចរ​ទេ ប៉ុន្តែអាច​ទទួល​អ្នក​ដំណើរ​ជា​អ្នក​ជំនួញ​បាន។

ហុងគ្រី​បាន​ហាម​ឃាត់​ការ​ជួប​ជុំ​មនុស្ស​លើស​ពី១០​នាក់​ មិន​ថានៅ​តាម​កម្មវិធី​ឯកជនឬ​កម្មវិធី​ជួប​ជុំ​លក្ខណៈ​គ្រួសារ​នោះ​ឡើយ។

ខណៈ​ព្រឹត្តិការណ៍​កីឡា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​រៀបចំ​ដោយ​បិទ​ទ្វារ​នោះ រដ្ឋាភិបាល​ហុងគ្រី បាន​បិទ​សាលារៀន​កម្រិត​មហាវិទ្យាល័យនិង​អនុ​វិទ្យាល័យ ដោយ​តម្រូវ​ឱ្យ​ការ​បង្រៀននិង​ការ​រៀន​សូត្រ ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ ប៉ុន្តែសាលារៀន​សម្រាប់​កុមារ​អាយុ​ក្រោម១៤​ឆ្នាំ នឹង​ត្រុវ​អនុញ្ញាត​ឱ្យ​បន្ត​បើក​ទ្វារ​ដដែល។

ចំណែក​ឯ​បុគ្គលិក​មន្ទីរ​ពេទ្យ គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ និង​បុគ្គលិក​ផ្នែក​ថែទាំ ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​ជា​ប្រចាំ​នៅ​រៀង​រាល់​មួយ​សប្ដាហ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ