រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ថ្មី​​ម្នាក់​ទៀត​ និង​​អ្នក​​ប៉ះពាល់​​ក្នុង​​ព្រឹត្តិ​​ការណ៍​៣​វិច្ឆិកា​​កើន​​ជិត​១៥០០​នាក់​​

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលរក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ម្នាក់ទៀត ដែល​ទើប​ធ្វើដំណើរ​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក ខណៈ​អ្នក​ប៉ះ​ពាល់​ក្នុង​ព្រឹត្តិ​ការណ៍​ថ្ងៃ៣វិច្ឆិកា បាន​កើន​ដល់១ ៤៨១នាក់។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ថ្ងៃនេះ ឱ្យ​ដឹង​ថា អ្នក​ឆ្លង​ថ្មីនេះគឺជា​ស្ត្រីជន​ជាតិ​អាមេរិកាំងដែល​បាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មកដល់​កម្ពុជា​ នៅ​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួង​បញ្ជាក់​ថា ស្ត្រីជន​ជាតិ​អាមេរិកាំង​រូប​នេះ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ បន្ទាប់ពី​លទ្ធផល​ធ្វើ​តេ​ស្ត​វត្ថុ​សំណាក​លើក​ទី២ នៅ​ថ្ងៃទី៧ នៃ​ការ​ធ្វើ​ចត្តាឡីស័​ក ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត។

ដោយឡែក អ្នកដំណើរ​តាម​ជើងហោះហើរ​ជាមួយ​ស្ត្រីជន​ជាតិ​អាមេរិ​កាំង ចំនួន៦៥នាក់ ដែល​បាន​ធ្វើតេស្ត​លើក​ទី១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩នោះ ក្រសួង​ថា បច្ចុប្បន្ន ពួក​គេ​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅ​តាម​សណ្ឋាគារ​មួយចំនួន នៅ​វិទ្យាល័យ​ពោធិ៍​ចិន​តុង និង​នៅ​ស្ថានទូត​អាមេរិក។

ចំពោះ​អ្នក​ប៉ះពាល់​រដ្ឋមន្ត្រី​ការ​បរទេស​ហុងគ្រី​ ក្នុង​ព្រឹត្តិ​ការណ៍​ថ្ងៃ៣វិច្ឆិកា ក្រសួង​បាន​ធ្វើតេស្ត​សរុប​ចំនួន១ ៤៨១វត្ថុ​សំណាក គិត​មកដល់​ថ្ងៃទី១១ ខែវិច្ឆិកា ក្នុង​នោះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន​ចំនួន៤នាក់​ដដែល។

ក្រសួង​នឹង​បន្ត​តាមដាន​លទ្ធផល​តេ​ស្ត​ដែល​នៅសល់​ចំនួន៥០វត្ថុ​សំណាក​ទៀត នៅ​ថ្ងៃពុធ​នេះ។

គិត​ត្រឹម​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន៣០១នាក់ (ស្រី៦១នាក់ និង​បុរស២៤០នាក់​) ក្នុង​នោះ​ចំនួន​អ្នកព្យាបាល​ជាសះស្បើយ​ចំនួន២៨៨នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រាជធានី​ភ្នំពេញ ចំនួន១៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ