មន្ត្រីសុខាភិបាល និងអាជ្ញាធររាជធានី-ខេត្ត អះអាងថា ពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើចត្តាឡីស័ករបស់អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ខណៈអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍នេះបានកើនដល់១ ៤៨១នាក់។
អភិបាលសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃពុធនេះថា អាជ្ញាធរបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកដែលធ្វើចត្តាឡីស័ក ទាំងអ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះនិងតាមសណ្ឋាគារ។ លោកបន្តថា គិតត្រឹមរសៀលថ្ងៃពុធនេះ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន៣៥នាក់ បានទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា។
លោកថា៖ «យើងធ្វើកិច្ចការនេះយ៉ាងខ្ជាប់ខ្ជួន អនុវត្តទៅតាមបទបញ្ជាសម្ដេចតេជោ នាយករដ្ឋមន្ត្រី អាជ្ញាធររាជធានី គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងកម្លាំងពាក់ព័ន្ធហ្នឹង បានធ្វើកិច្ចនេះល្អប្រសើរ ដោយតាមដាននិងពិនិត្យទៅលើអ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះនិងតាមសណ្ឋាគារ យើងធ្វើកិច្ចការងារបានល្អប្រសើរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា បានស្តីបន្ទោសមន្ត្រីខ្លះថា ធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ និងថា ខ្លះទៀត បានទៅចូលរួមពិធីផ្សេងៗនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខ្លះធ្វើដំណើរទៅខេត្តព្រះសីហនុ កែប កំពត តាកែវ និងពោធិ៍សាត់ ជាដើម។
លោកបញ្ជាក់ថា ការធ្វើចត្តាឡីស័កមិនត្រឹមត្រូវ នឹងធ្វើឱ្យកើនឡើងនៃចំនួនអ្នកប៉ះពាល់បង្កជាការព្រួយបារម្ភពីលទ្ធភាពឆ្លងចូលសហគមន៍។
ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តទាំង៦នេះ ត្រូវបានមន្ទីរសុខាភិបាលយកសំណាកទៅធ្វើតេស្ត និងតម្រូវឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីពួកគាត់ជួបជាមួយមន្ត្រីរដ្ឋាភិបាលដែលបានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ដែលមានផ្ទុកកូវីដ១៩។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍នៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋដែលបានជួបប្រាស្រ័យជាមួយអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ដួង តារា នោះ អាជ្ញាធររកឃើញមានចំនួន២២០នាក់ ក្នុងនោះ អ្នកជួបផ្ទាល់ចំនួន១៦នាក់ និងអ្នកជួបប្រយោល២០៤នាក់។
លោកបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋទាំង២២០នាក់នោះ គ្រូពេទ្យបានយកសំណាកមនុស្សចំនួន៤០នាក់ ទៅធ្វើតេស្ត ដោយលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩។
លោកថា៖ «មន្រ្តីរាជរដ្ឋាភិបាលដែលបានចុះជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួនបីក្នុងស្រុកព្រៃនប់នាពេលកន្លងមក គឺសុខភាពរបស់លោកគឺមានស្ថានភាពធម្មតា ដោយធ្វើតេស្តសុខភាព ទទួលលទ្ធផលអវិជ្ជមានចំនួនពីរដងហើយ»។
ប្រធានរដ្ឋបាលខេត្តតាកែវ លោក មាស អ៊ុយ មានប្រសាសន៍ថា ក្រោយថ្ងៃ៣វិច្ឆិកា មានអង្គរក្សម្នាក់បានចុះទៅជួបជាមួយមិត្តភក្តិនិងបងប្អូននៅស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយបានជួបបងប្អូននិងមិត្តភក្តិប្រមាណជិត១០នាក់។
ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក នុត ស៊ីណាត មានប្រសាសន៍ថា ខាងមន្ទីរកំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។
លោកថា៖ «យើងក៏មិនធ្វេសប្រហែសដែរ យើងកំពុងធ្វើការស្រាវជ្រាវរឿងហ្នឹង គ្រាន់តែយើងមិនទាន់ដឹងច្បាស់ពីអ្នកប៉ះពាល់អ្នកណាៗ ព័ត៌មានមិនទាន់ច្បាស់ ដោយសារសាម៉ីខ្លួនអត់បញ្ជាក់ថា មកហ្នឹងជួបអ្នកណាខ្លះៗ»។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា អ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលក្នុងព្រឹត្តិការណ៍៣វិច្ឆិកា មានចំនួន១ ១៨១នាក់ ក្នុងនោះ មានមនុស្ស៤នាក់ត្រូវក្រសួងសុខាភិបាលរកឃើញថា បានឆ្លងជំងឺកូវីដ១៩ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយបច្ចុប្បន្នអ្នកទាំងនោះកំពុងស្ថិតក្រោមការតាមដានសុខភាព។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានស្នើយ៉ាងទទូចដល់អ្នកដែលធ្វើចត្តាឡីស័ក ត្រូវគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីបញ្ចៀសហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។
ទោះយ៉ាងណា លោកស្រីថា អ្នកដែលធ្វើចត្តាឡីស័កជាង១ ៤០០នាក់នោះ ត្រូវធ្វើដំណើរទៅកាន់ទីតាំងធ្វើតេស្តរកវីរុសកូវីដ១៩ នៅវិមានសន្តិភាព ដោយខ្លួនឯង និងត្រូវមានការទទួលខុសត្រូវខ្ពស់។
លោកស្រីថា៖ «ក្រសួងឯណាមានរថយន្តរាប់រយទៅយកមនុស្សហ្នឹង គាត់ [អ្នកត្រូវធ្វើចត្តាឡីស័ក] ធ្វើដំណើរមកខ្លួនគាត់ ហើយគាត់រក្សានូវវិធានការសុខាភិបាលហ្នឹង ដោយមិនបានប៉ះពាល់គេ ដោយពាក់ម៉ាស់ លាងដៃ លាងអីហ្នឹងទៅ»។
ក្រសួងសុខាភិបាល នៅថ្ងៃនេះ ក៏បានប្រកាសដែរថា តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងនឹងបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ពីឃ្លាំង ទៅឱ្យអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក ក៏បានបង្ហើបពីបំណងប្រើច្បាប់ដែលអាចនឹងបិទប្រទេសផ្នែកខ្លះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
នៅថ្ងៃនេះដែរ ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងមួយណែនាំទៅរដ្ឋបាលរាជធានីភ្នំពេញនិងខេត្តកណ្តាល ឱ្យផ្អាកការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្សជាច្រើនចូលរួម រយៈពេល២សប្តាហ៍ ខណៈក្រសួងអប់រំក៏បានសម្រេចឱ្យបុគ្គលិកអប់រំធ្វើការតាមផ្ទះនិងអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕









