រដ្ឋា​ភិបាល​​ប្រកាស​​ចែក​​ម៉ាស់​២​លាន​​ដល់​​សហ​គមន៍​​ក្រីក្រ​​នៅ​​ភ្នំពេញ​

បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវមួយកន្លែងទល់មុខវិទ្យាល័យបឹងកេងកង ស្ថិតនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រែ៉ន)

​រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចេញ​ម៉ាស់​ចំនួន២លាន​សម្រាប់​ចែក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​ ចំ​ពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​និយាយ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន២លាន​ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ហើយ​ផ្ដល់​ទៅ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​ចែកចាយ​ទៅដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ក្នុង​សហគមន៍​ក្រីក្រ។

រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បែបនេះ ចំ​ពេល​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ឬជំងឺ​កូ​វីដ១៩ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក ភី​ធ័រ ស៊ី​ចា​តូ នៅ​កម្ពុជា​ កាលពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន។

ប្រមុខ​ការទូត​ហុងគ្រី​រូប​នេះ ត្រូវ​បាន​ធ្វើតេស្តនិង​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅពេល​លោក​ធ្វើដំណើរ​ចាកចេញ​ពី​កម្ពុជា​ទៅដល់​ប្រទេស​ថៃ​នៅក្នុង​ថ្ងៃអង្គារ​ដដែល​នោះ។

ក្នុងរយៈពេល១សប្ដាហ៍​មកនេះ កម្ពុជា​បាន​យក​សំណាក​ពី​មនុស្ស​ដល់ទៅ​ជិត១ ៥០០នាក់ យក​មក​ធ្វើតេស្ត បន្ទាប់ពី​ពួក​គេ​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់និង​ដោយប្រយោល​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងគ្រី។

ក្នុង​នោះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស៤នាក់​ហើយ​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ពួក​គេ​បាន​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ